The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​សុខាភិបាល​ថា មេរោគ​កូវីដ​បំប្លែង​ខ្លួន​ពី​ ៤០-៥០ ​ប្រភេទ​ទៀត និង​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប្រចាំ

មន្ត្រី​សុខាភិបាល​ថា មេរោគ​កូវីដ​បំប្លែង​ខ្លួន​ពី​ ៤០-៥០ ​ប្រភេទ​ទៀត និង​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប្រចាំ

Content image - Phnom Penh Post
លោកស្រី ​ឱ វណ្ណឌីន និង​លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក្នុង​សន្និសីទ​កាសែត​ពីថ្ងៃ​ទី ​១៥ កញ្ញា​។ ហេង ជីវ័ន

មន្ត្រី​សុខាភិបាល​ថា មេរោគ​កូវីដ​បំប្លែង​ខ្លួន​ពី​ ៤០-៥០ ​ប្រភេទ​ទៀត និង​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប្រចាំ

ភ្នំពេញៈ ទន្ទឹម​នឹង​អ្នកវិទ្យាសាស្ត្រ​រកឃើញ​វិធីសាស្ត្រ ឬ​ឧបករណ៍​ការពារ​ពី​ការ​វាយ​លុយ​ធ្ងន់ធ្ងរ​នៃ​មេរោគ​កូវីដ​ ១៩ តាមរយៈ​វ៉ាក់សាំង ឱសថ និង​បរិក្ខារ​ផ្សេងៗ ក៏ដូចជា​វិធានការ ៣ ​កុំ​ ៣ ​ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​នោះ មេរោគ​នេះ​ក៏​ចេះ​ធ្វើការ​បំប្លែង​ខ្លួន​ចន្លោះ​ពី​ ៤០ ​ទៅ​ ៥០​ ប្រភេទ​ផ្សេងទៀត​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក​-១៩) ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​សុខាភិបាល​» កាលពី​ចុង​សប្តាហ៍​មុន ថ្លែងថា មេរោគ​កូវីដ​ ១៩​ នេះ​ឆ្លាត​ណាស់​ ដោយ​បាន​បំប្លែង​ខ្លួន​របស់​វា​រហូត​ប្រមាណ​ជា​ ៤០ ទៅ​ ៥០ ​ប្រភេទ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​សុំ​ប្រើពាក្យ​ថា មេរោគ​នេះ​បាន​បង្កើត​កូន​បង្កើត​ចៅ​បាន​ច្រើន​ហើយ ដូចនេះ​យើង​ក៏ត្រូវ​តែ​បន្ត​ការប្រុង​ប្រយ័ត្ន​របស់​យើង​ផងដែរ​»​។

លោកស្រី​បន្ថែម​ថា កម្ពុជា​បាន​រៀនសូត្រ​ច្រើន​ពី​កូវីដ​ ១៩ ក្រោម​ការដឹកនាំ និង​ណែនាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ម៉ម ប៊ុនហេង អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជាដើម​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ទាំងអស់​គ្នា​ត្រូវតែ​បន្ត​វិនិយោគ​ថែមទៀត ដើម្បី​ត្រៀម​លក្ខណៈ​បង្ការ​ជំងឺ ឬ​មេរោគ​ថ្មី​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​កើតមាន​នៅពេល​ខាងមុខ​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖« ​យើង​មិនដឹងថា តើ​នឹង​មាន​ហេតុការណ៍​អ្វីខ្លះ​ដែល​អាច​នឹង​កើតមាន​ឡើង មាន​ជំងឺ​អី​ទៀត ដែល​វា​នឹង​ផ្ទុះ​ចេញ​ឡើង ហើយ​បើ​យើង​មើល​កូវីដ​ ១៩ គឺ​មិនទាន់ ចប់​ទេ ដែល​នៅតាម​បណ្តា​ប្រទេស​ទាំងអស់​នៅតែ​រាយការណ៍​រកឃើញ​ករណី​ឈឺ និង​ស្លាប់​នៅឡើយ ដោយ​គ្រាន់តែ​ចំនួន​មាន​ការ​ថយចុះ​ជាង​មុន​»​។

ទាក់ទង​នឹង​ចំណុច​នេះហើយ ដែល​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​រូបនេះ នៅតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការការពារ​ខ្លួន​ជាប់​ជាប្រចាំ ដើម្បី​កុំឱ្យ​មាន​ការប៉ះពាល់​ដល់​ផ្នែក​សុខភាព​សង្គម ការរស់នៅ និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

ចំណែក​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក៏បាន​ថ្លែង​ដែរ​ថា ក្រសួង​តែងតែ​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​ហើយ ការពារ​ទៀត​ពី​មេរោគ​កូវីដ​ ១៩ ដោយសារ​គ្រប់​គ្នា​មិនដឹងថា មេរោគ​កូវីដ​នៅ​ទីណា​ខ្លះ​ទេ​។ ម្យ៉ាងវិញ​ទៀត ការការពារ​ជាប្រចាំ គឺជា​ចំណុច​ជោគជ័យ​មួយ​របស់​កម្ពុជា ក្នុង​ការប្រយុទ្ធ​នឹង​កូវីដ​ ១៩ ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​យើង​ត្រូវតែ​ក្រើនរំឭក​ប្រជាពលរដ្ឋ ដើម្បី​កុំឱ្យ​ពួកគាត់​ភ្លេចខ្លួន បើ​ភ្លេចខ្លួន​តែ​បន្តិច មេរោគ​នឹង​ចូល​ក្នុង​ខ្លួន​យើង​ភ្លាម​។ ការ​បំប្លែង​មេរោគ​នេះ គឺ​លឿន​ណាស់​ដែល​យើង​មិនអាច​នឹកស្មាន​ដល់​។ ដូចនេះ​ហើយ​ការ​ក្រើន​រំឭក​ជា​ដដែលៗ ដែល​អាច​ធ្វើឱ្យ​មាន​ការធុញទ្រាន់​ពិតមែន ប៉ុន្តែ​ដើម្បី​តែ​ប្រជាពលរដ្ឋ​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​»​។

លោកស្រី​ យក់ សម្បត្តិ បន្ថែម​ថា ការអប់រំ ការ​ក្រើនរំឭក ទាក់ទង​នឹង​បញ្ហា​សុខភាព​នេះ គឺជា​រឿង​សំខាន់ ដែល​ក្រសួង​សុខាភិបាល​តែងតែ​ធ្វើជា​និច្ចកាល​មិនដែល​ខ្វះចន្លោះ​នោះទេ​។

ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ​ ១៩ លោកស្រី ឱ វណ្ណឌីន ឱ្យ​ដឹងថា តាម​ការសិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ ក៏​មាន​ការបង្ហាញ​ជា​បន្តបន្ទាប់​នូវ​ប្រសិទ្ធភាព​នៃ​ការចាក់​ដូស​ជំរុញ ហើយ​ការចាក់​ដូស​ជំរុញ​នេះដែរ អ្វី​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​នោះ គឺ​ការប្រើប្រាស់​វ៉ាក់សាំង​ឆ្លាស់គ្នា ដែល​វា​ជួយ​បង្កើន​នូវ​អង់ទីគ័រ​បាន​ខ្ពស់​ល្អ​។

លោកស្រី​បន្ត​ថា ហេតុនេះហើយ បាន​ជា​កម្ពុជា​បាន​ជ្រើសរើស​យក​វ៉ាក់សាំង​កូវីដ ​១៩ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ច្រើន​មុខ ច្រើន​ប្រភេទ ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ងាក​មក​រស់នៅ​ជាធម្មតា តាម​បែប​ប្រក្រតីភាព​ថ្មី​។

លោកស្រី​ ឱ វណ្ណឌីន បាន​បញ្ជាក់​ថា​៖ «​វ៉ាក់សាំង ដែល​យើង​ប្រើ​សព្វថ្ងៃនេះ នៅតែ​មាន​សុពលភាព​ត្រឹមត្រូវ ហើយ​យើង​បាន​ហាម​ដាច់ខាត មិន​ឱ្យ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ហួស​សុពលភាព​នោះទេ ហើយ​កម្ពុជា​ក៏​មិនទាន់​មាន​វ៉ាក់សាំង​ណា​ដែល​ហួស​សុពលភាព​ដែរ​»​។

កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ សរុប​ទាំង​ទិញ និង​ជំនួយ​មាន​ប្រហែល​ ៧៤​ លាន​ដូស ហើយ​មកដល់​ពេលនេះ វ៉ាក់សាំង​ដែល​នៅក្នុង​ស្តុក មាន​ប្រមាណ​ជា​ ៥ ទៅ​ ៦ ​លាន​ដូស​ទៀត​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែ​កញ្ញា អត្រា​ចាក់​វ៉ាក់សាំង​សម្រាប់​ដូស​ទី​១​ បាន​ជាង ​១៥​ លាន​នាក់ ដូស​ទី​២ បាន​ជាង​ ១៤ ​លាន​នាក់ ដូស​ទី​៣ បាន​ជាង​ ១០ ​លាន​នាក់ ដូស​ទី​៤ បាន​ជាង​ ៤ ​លាន​នាក់ និង​ដូស​ទី​៥ បាន​ជាង​ ៨០ ​ម៉ឺន​នាក់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍