
លោក សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ ។ រូបថត សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា
ភ្នំពេញៈ សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក សំបូរ ម៉ាណារ៉ា បានចូលខ្លួនពន្យល់ថា គ្រូកាចព្រោះសិស្សខុស មិនមែនគ្រូកាចទើបសិស្សខូចទេ។បើតាមលោកសាស្ត្រាចារ្យ «កាច» មិនត្រូវប្រើជាមួយគ្រូ ឬឪពុកម្ដាយឡើយ។ ក្នុងន័យនេះ លោកចង់បណ្ដុះទម្លាប់យុវជនឱ្យរៀនមើលកំហុសខ្លួនឯងជាមុន មុននឹងទម្លាក់កំហុសដាក់អ្នកដទៃដោយប្រឹងដោះស្រាយ កុំដោះសា។
លោក សំបូរ ម៉ាណារ៉ា បានថ្លែងថា៖ «ព្រោះខ្ញុំជាមនុស្សដែលមានវិន័យតឹងរ៉ឹងបំផុតគ្មាននរណាអាចកម្ចាត់វិន័យដែលខ្ញុំបានកំណត់ឱ្យសិស្សពីតឹងទៅធូរបានទេ។ហេតុអ្វី? ពាក្យក្រឹត្យក្រមនៃវិន័យនេះហើយដែលគេ (សិស្ស) ស្រែកថា លោកគ្រូកាច។ តាមពិតគេមិនបានយល់ពាក្យ [កាច] រហូតថា ឪពុកម្ដាយគាត់ (សិស្ស) កាចទៀត»។
លោកបានពន្យល់បន្ថែមទៀតថា៖ «កាចហ្នឹងក៏ពួកគេប្រើជាមួយសត្វឆ្កែដែរ ដូចគេហៅឆ្កែកាច។ ឆ្កែព្រុសយើង វាមិនដឹងថា យើងជានរណាទេ។ ប៉ុន្តែឪពុកម្ដាយស្ដីថា ប្រៀនប្រដៅយើង យើងថា គាត់កាចដែរ វាដូចជាមិនសមទេ ព្រោះគាត់គិតពីយើងដើម្បីយើង។ នេះជាអ្វីដែលខ្ញុំចង់និយាយ»។
៤៥ ឆ្នាំនៅក្នុងវិថីអប់រំ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា តែងតែប្រកាន់ខ្ជាប់ វិន័យ ម៉ឺងម៉ាត់ ហ្មត់ចត់ កំប្លែងកាច។ តែពាក្យថា «កាច» លោកមិនយល់ស្របឱ្យប្រើជាមួយលោកគ្រូ អ្នកគ្រូ ឬឪពុកម្ដាយឡើយ៖ «ធ្វើម៉េចដើម្បីកុំឱ្យសិស្សគិតថា យើងកាច? យើងមានតែខិតខំប្រាប់គេថា ខ្ញុំមានបំណងល្អសម្រាប់អ្នក និងផ្ដល់ផលឱ្យគេទាន់ពេលវេលាតាមរយៈការបង្រៀនឱ្យចំទិសដៅ ផ្ដល់ឱ្យគេនូវផលដែលគេយកទៅប្រើការកើត។ តែផ្ទុយមកវិញនៅពេលដែលបង្រៀនគេហើយ គេទទួលផលពីយើងអត់បាន យើងស្ដីឱ្យគេ គេនឹងគិតថា យើងកាច។ ប៉ុន្តែគេ(សិស្ស)នៅតែខុសដដែល ព្រោះបំណងយើងចង់ឱ្យគេចេះ ទោះបីជាគេរៀនមិនចេះក៏យើងនៅតែប្រឹងរុញ។ អ៊ីចឹងវិន័យរបស់យើងដាក់ចេញ គេបែរជាគិតថា យើងកាចជានិច្ច»។
ជាមួយនឹងភាពប៉ិនប្រសប់ក្នុងការលើកដាក់សំឡេង និងអន្ទងចិត្តមនុស្សឱ្យផ្ចង់ស្ដាប់ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់នៅចំពោះមុខនិស្សិត និងអ្នកយកព័ត៌មានទៀតថា៖ «ពាក្យកាចប្រើយូរមកហើយដែលគេតែងថា គ្រូកាចសិស្សខូច…ចុះសព្វថ្ងៃនេះយើងមិនគិតទេថា គ្រប់គ្នាហ្នឹងជាសុទ្ធជា[សមិទ្ធផល]របស់អ្នកកាច មិនអ៊ីចឹង? ឥឡូវសារភាពជាមួយគ្នាមកថា ១ ជីវិតនេះ ដែលជួបលោកគ្រូកាចទេ? ឪពុកម្ដាយកាចទេ? សរុបមក ខ្ញុំអត់គាំទ្រពាក្យកាចប្រើទៅកាន់គ្រូ ឬឪពុកម្ដាយទេ»។
លោកមើលឃើញថា សិស្សចង់ការពារខ្លួនឯង ដោយលុបពាក្យ «ព្រោះ» ចេញពីពាក្យស្លោកចាស់ពីដើម គឺ «គ្រូកាច ព្រោះសិស្សខូច»។ឥឡូវគេនិយមនិយាយថា៖ «គ្រូកាចសិស្សខូច» ដើម្បីចង់បង្ហាញថា ដោយសារតែគ្រូកាចទើបសិស្សខូច ខុសពីន័យដើម ដែលមានខ្លឹមសារផ្ទុយមកវិញថា គឺដោយសារតែសិស្សខូចទើបគ្រូកាចដាក់។
បន្ទាប់ពីប្រាប់មូលហេតុនៅពីក្រោយភាពកាចលោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ដែលសម្បូរវោហារស័ព្ទចាក់ចំបញ្ហាសង្កត់ធ្ងន់ថា៖ «ក្រៅពីថាគ្រូកាចយើងជាសិស្សមានមើលឃើញកំហុសខ្លួនឯងវិញទេ? យើងអត់គិតថា យើងខុសសោះ។ពេលចោរលួចយើងបន្ទោសចោរថា ហ្អែងជាអ្នកលួច។ ហ្អែងអីក៏អាក្រក់ម្ល៉េះ? ប៉ុន្ដែអត់ដែលជេរខ្លួនឯងដែលធ្វេសប្រហែសទុកឱ្យចោរលួចទេ ហើយបាត់ទឹកដីតាំងពីសតវត្សរ៍ទី១៥ គិតតែភ័យ សូម្បីតែភាសាក៏ភ័យដែរ តែអត់ដែលគិតថា ព្រំដែនខ្មែរនៅកន្លែងណាខ្លះ…តើគួរស្គាល់ជាតិនៅកន្លែងណា? ដែលនាំកូនទៅមើលសារមន្ទីរជាតិដើម្បីស្គាល់ពីវប្បធម៌ជាតិទេ? ចម្លើយគឺអត់ទេ។ គិតតែនាំគ្នាភ័យព្រួយខ្លាចរហូតដល់ឆាប់ជឿ ឆាប់បាក់ស្បាត។ នេះជាជំងឺមួយដែលខ្មែរយើងត្រូវដោះស្រាយ»។
តាមរយៈបទពិសោធ ៤៥ ឆ្នាំនៃការបង្រៀន លោកសាស្ត្រាចារ្យសង្កេតឃើញថា លទ្ធផលនៃវិន័យតឹងរ៉ឹងដែលគេយល់ «កាច» នោះគឺសិស្សរបស់លោកក្លាយជាមនុស្សមានវិន័យ និងក្រឹត្យក្រម៖ «យើងត្រូវខន្តីដើម្បីរកគំនិតដោះស្រាយបញ្ហា កុំគិតតែពីរឿងដោះសា ហើយកុំមើលបំណាំកុំដាំបំណុល។ បើយើងនៅតែមើលបំណាំដាំបំណុលយើងបង្កើតរឿងរ៉ាវនៃជីវិតឥតឈប់ឥតឈរ តែបើយើងខំប្រឹងដោះស្រាយ កុំដោះសា យើងកុំឱ្យកំហុសទៅអ្នកណាច្រើន កំហុសលើខ្លួនឯងសិន នោះយើងនឹងទៅមុខជានិច្ច។ចំណែកសិស្សខ្ញុំ ខ្ញុំគិតថា គេទទួលបាន ព្រោះមួយចំនួនបានធ្វើកិច្ចការនៅក្នុងសង្គម បានធ្វើកិច្ចការនៅក្នុងរដ្ឋ ជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ជាបណ្ឌិត ជាដើម»។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ចង់ឃើញយុវជនកម្ពុជាដែលជាសសរទ្រូងប្រទេសជាតិត្រូវធ្វើខ្លួនឱ្យគេកោត កុំធ្វើខ្លួនឱ្យគេអាណិត៖ «កុំធ្វើគំរូយំឱ្យគេអាណិតត្រូវតាំងចិត្តឱ្យគេកោត។ខំកសាងប្រវត្តិល្អដើម្បីលម្អផ្លូវជីវិតតែយើងរាល់ថ្ងៃអត់គិតខំធ្វើបែបនេះទេ…បែរជាមួម៉ៅ ខឹង ឱ្យតែគេនិយាយប៉ះទស្សនៈខ្លួន ខឹងគេ ជេរគេ សូម្បីតែខ្ញុំក៏ត្រូវបានគេជេរ ប្រមាថដែរ តែខ្ញុំអត់ដែលឈឺក្បាលទេ។ ខ្ញុំគិតថា ប្រហែលជាគេខ្វះការយល់ដឹងណាមួយ ហើយយើងនៅមានកម្រិតក្នុងការពន្យល់គេ»។
ត្រឡប់ទៅជីវិតកាលពី ៦០ ឆ្នាំមុន កុមារា ម៉ាណារ៉ា ប្រាប់ថា លោកធំធាត់ដឹងក្ដីជាមួយនឹងពាក្យទូន្មានប្រៀនប្រដៅរបស់ឪពុក និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឈឺចាប់ជាច្រើន តួយ៉ាងសង្គ្រាមស៊ីវិលខ្មែរក្រហម៖ «ខ្ញុំធ្លាប់ឈឺចាប់ជាមួយនឹងព្រឹត្តិការណ៍ជាច្រើនដែលធ្លាក់មកលើគ្រួសារខ្ញុំ សង្គមខ្ញុំ ខ្ញុំបានរៀនសូត្រច្រើនណាស់ពីឪពុកខ្ញុំ។ ឪពុកខ្ញុំប្រាប់ថាកូន» វិបត្តិនៃប្រទេសយើងបែបនេះ? រឿងកើតឡើងបែបកុម្មុនីស្តបែបនោះ? លោកបានរៀនសូត្រ លោកបានផ្ទេរមកឱ្យខ្ញុំ ដោយសារខ្ញុំចង់ដឹងពីប្រវត្តិពិតប្រាកដបែបម៉េច? ក៏ខ្ញុំបង្រៀននិងរៀនមុខវិជ្ជាប្រវត្តិសាស្ត្រនោះទៅ»។
សម្រាប់អ្នកជំនាញប្រវត្តិសាស្ត្ររូបនេះ លោកមានកង្វល់តាមពាក្យសម្ដី និងព្រួយបារម្ភតាមរយៈទឹកមុខនៅពេលដែលយុវជនមិនសូវចាប់អារម្មណ៍ពីប្រវត្តិសាស្ត្រនិងមិនរៀនសូត្រពីភាពឈឺចាប់នៃប្រវត្តិសាស្ត្រ និងភាពរុងរឿងនៃប្រវត្តិសាស្ត្រ៖ «ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ? ហេតុអ្វីបានធ្វើបាបឪពុកម្ដាយខ្ញុំអ៊ីចឹង? ហេតុអ្វីបានគេធ្វើមនុស្សខ្មែរទូទៅអ៊ីចឹង? នេះជាហេតុចម្បងដែលខ្ញុំចង់ដឹងនិងធ្វើឱ្យខ្ញុំគិតថា តើដើមចមដំបូងអ្នកណានាំឱ្យមានគំនិតហ្នឹង? អវិជ្ជានៃមនុស្ស? ពុទ្ធសាសនា ឬសាសនា? អភូតហេតុនៃអ្នកបន្តវេនរៀនតៗគ្នា ដើម្បីធ្វើជាមនុស្សព្រៃផ្សៃ កោងកាចបែបហ្នឹង?»។
ផ្អែកតាមបង្រៀន និងការចែករំលែកមកកាន់ប្រព័ន្ធផ្សព្វផ្សាយ សាស្ត្រាចារ្យរូបនេះ តែងតែលើកយកភាពរុងរឿងនៃសម័យកាលអង្គរមកធ្វើបទបង្ហាញ៖ «នៅពេលដែលខ្ញុំរៀនបានដឹង ខ្ញុំស្ងប់អារម្មណ៍ច្រើនណាស់នៅពេលដឹងថា ខ្មែរយើងមានបញ្ហាអី ព្រោះយើងបានបាត់បង់ស្មារតីស្នេហាជាតិតាំងពីក្រោយសម័យកាលអង្គរសតវត្សរ៍ទី១៥ មក ហើយក៏ចាប់ផ្ដើមឈប់គិត យើងឱ្យគេគិតដើម្បីយកគំនិតរបស់គេមកគូរ។បន្ទាប់ពីនោះមកយើងឈប់ទាំងគូរដោយខ្លួនឯងទៅទៀតគឺឱ្យគេគិតនិងគូរជំនួសហើយយើងចាំយកតែគំនូសស្រាប់»។
មានសម្បុរស្រអែមសក់រួញទឹករលក មិនត្រឹមតែក្នុងប្រទេសទេ លោកសាស្ត្រាចារ្យ បានស្ពាយចំណេះដឹងរបស់ខ្លួនបាចសាចនៅក្រៅប្រទេសដែលគិតមកទល់ពេលនេះមានចំនួន ១៦ ប្រទេសហើយ។ ដ្បិតតែរូបរាងកាយប្រែប្រួលតាមពេលវេលាពីក្មេងទៅជាចាស់តាមច្បាប់ធម្មជាតិយ៉ាងណាក្ដី ក៏លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា នៅតែមានថាមពលតាមរយៈពាក្យសម្ដីលះៗមុតៗចុចចំចំណុចរមាស់របស់យុវជន និងសង្គម។ចូលដល់វ័យនេះលោកថា៖ «អ្វីដែលខ្ញុំត្រូវការពេលនេះគឺសុខភាព។ កាលណាខ្ញុំមានសុខភាពល្អ ខ្ញុំនិយាយប្រាប់សិស្សខ្ញុំបន្ត ទោះបីគេនៅតែចាត់ទុកខ្ញុំថា ជាគ្រូដ៏កាចម្នាក់ដោយ»៕