ព្រះសីហនុៈ សមត្ថកិច្ច​បាន​បិទ​ទីតាំង​ឈ្មោះ​ ស៊ីង សានទីង ដែល​មាន​ ៣ ​អគារ ស្ថិតនៅ​ភូមិ​ ៣ សង្កាត់​លេខ ​៣ បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រដ្ឋបាល​ទីតាំង​នេះ​ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៧ ខែកញ្ញា ដោយ​បាន​ឃាត់ខ្លួន​ជនបរទេស​ខុសច្បាប់​អន្តោប្រវេសន៍ និង​ជន​មក​បម្រើការ​ដោយ​គ្មាន​បណ្ណ​ការងារ​រួមទាំង​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​សរុប​ចំនួន ៤០៣ នាក់ (​ស្រី ៣១ នាក់​)​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ស្តីពី​លទ្ធផល​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ទីតាំង​ ស៊ីង សានទីង កាលពី​ថ្ងៃទី​ ១៨ កញ្ញា បានឱ្យ​ដឹងថា ទីតាំង​នេះ​មាន​ ៣ អគារ (​អគារ A មាន ៣ ជាន់​, អគារ B មាន ២ ជាន់ និង​អគារ C មាន ៣ ជាន់​) មាន​បន្ទប់​សរុប ៣៣២ បន្ទប់ និង​មាន​ជនបរទេស​ស្នាក់នៅ​ និង​ធ្វើ​ការងារ​សរុប ៤៩៥ នាក់ (​ស្រី ៥១ នាក់​) មាន​ ៤ សញ្ជាតិ​គឺ​ចិន ចិនតៃវ៉ាន់ ម៉ាឡេស៊ី និង​វៀតណាម​។

សេចក្តី​ប្រកាស​បន្តថា ​«​ក្នុង​ប្រតិបត្តិការ​រយៈពេល​ ៥ ​ថ្ងៃនេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ជនបរទេស​ខុសច្បាប់​អន្តោប្រវេសន៍​ចំនួន​ ១៤១ ​នាក់ ស្រី​ ៦ នាក់ មាន ២ ​សញ្ជាតិ​ក្នុងនោះ​មាន​ជនជាតិ​ចិន​ ១៣០ ​នាក់​ (​ស្រី​ ៣​ នាក់ និង​ជនជាតិ​វៀតណាម​ ១១ នាក់​ស្រី​ ៣ ​នាក់​)​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនបរទេស​ទាំងនេះ​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ចេញពី​កម្ពុជា​»​។

ក្នុង​នោះ​ផងដែរ មាន​ជនបរទេស​ចំនួន ​២៦២ ​នាក់ (​ស្រី ២៥ នាក់​) ត្រូវបាន​ពិនិត្យ​ឃើញ​ថា បាន​បម្រើ​ការងារ​ដោយ​គ្មាន​បណ្ណ​ការងារ​។ ពួកគេ​ត្រូវ​បាន​ផាកពិន័យ​ដោយ​នាយកដ្ឋាន​អន្តោប្រវេសន៍ រួច​ទើប​អនុញ្ញាត​ឱ្យ​ស្នើសុំ​បណ្ណ​ការងារ​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​។ សមត្ថកិច្ច​បាន​ប្រមូល​អាករ​ចេញ​ពី​ការផាកពិន័យ និង​ការផ្តល់​បណ្ណ​ការងារ​សរុប​បាន​ចំនួន ១៣១ ០០០ ០០០ រៀល និង ៧៨ ៨៤០ ដុល្លារ​។

បន្ថែម​ពី​នោះ មន្ទីរ​ការងារ​ខេត្ត​ក៏បាន​ធ្វើការ​ផាកពិន័យ​ចំពោះ​សហគ្រាស​លើ​ ៣ ចំណុច​ដូចជា​គ្មាន​សេចក្តី​ប្រកាស​ស្តីពី​បុគ្គលិក​គ្មាន​លិខិត​អនុញ្ញាត​ប្រើប្រាស់​ហត្ថពលកម្ម​បរទេស​ និង​ប្រើប្រាស់​ជនបរទេស គ្មាន​បណ្ណ​ការងារ​ដែល​សរុប​ជា​ទឹកប្រាក់​បាន​ចំនួន ៦ ៧២០ ០០០ រៀល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ និង​កំណត់​បាន​បទល្មើស​ចំនួន ៦ បទល្មើស​ផ្សេងគ្នា​ក្នុង​ប្រតិបត្ដិការ​នេះ ដូចជា​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​បង្ខាំង និង​ធ្វើ​ទារុណកម្ម​មនុស្ស​ខុសច្បាប់ បទល្មើស​កាន់កាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់ បទល្មើស​សញ្ចារកម្ម និង​ជួញដូរ​មនុស្ស ព្រមទាំង​បើក​ការស៊ើប​អង្កេត​បទល្មើស សម្អាត​ប្រាក់ សំអាង​តាម​បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់ និង​បទល្មើស​សញ្ចារកម្ម និង​ជួញដូរ​មនុស្ស​។

បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក្នុង​ប្រតិបត្ដិការ​នេះ​ជនបរទេស​ចំនួន​ ២៧ នាក់​ត្រូវ​បាន​នាំខ្លួន និង​បញ្ចូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត (​ជនសង្ស័យ ១២ នាក់ ជនរងគ្រោះ ៥ ​នាក់​ និង​នារី​បម្រើ​សេវា​ផ្លូវភេទ ១០ នាក់​) និង​បាន​ដកហូត​នូវ​វត្ថុតាង​មួយ​ចំនួន​ដូចជា អាវុធខ្លី ចំនួន​ ៤​ ដើម ទូរស័ព្ទដៃ​សរុប ចំនួន ៨ ៧៧៦ គ្រឿង កុំព្យូទ័រ​លើ​តុ​ ៨០៤ គ្រឿង កុំព្យូទ័រ​យូរ​ដៃ​ ១៦ គ្រឿង លិខិត​ឆ្លងដែន​ ៣៦ ក្បាល ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចំនួន ១២ គ្រឿង ខ្នោះដៃ​ ៤ ​គូ ដំបងឆក់​ ៨ ដើម ពិល​ឆក់​ ២ ដើម រួមទាំង​សម្ភារ ឯកសារ និង​ប្រាក់​មួយចំនួន​។

ដោយ​ទទួល​បាន​គោលការណ៍​ពី​ឧបនាយក​រដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជំនាញ​ពាក់ព័ន្ធ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ សម្រេច​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ក្នុង​ករណី​បង្ក្រាប​បទល្មើស​នេះ ដោយ​ឱ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ដល់​ជនបរទេស​ដែល​ស្របច្បាប់ និង​ជនបរទេស​ដែល​បាន​ផាកពិន័យ​រួច​ឱ្យ​ចាកចេញពី​ទីតាំង​ទៅរក​កន្លែង​ថ្មី​តាម​ការស្ម័គ្រចិត្ត​។ បិទ​អាជីវកម្ម​ទាំងអស់​ដែល​ស្ថិតក្នុង​បរិវេណ​ទីតាំង​ឈ្មោះ ស៊ឹង សានទីង ដើម្បី​បន្ត​ស៊ើបអង្កេត​រហូត​ដល់​កិច្ចស៊ើប​អង្កេត​ត្រូវបាន​បញ្ចប់​ទាំងស្រុង​។

គណៈ​បញ្ជា​ឯកភាព​ខេត្ត​បានដាក់​ចេញ​វិធានការ​ឱ្យ​បន្ត​ការស៊ើប​អង្កេត​បទល្មើស​សម្អាត​ប្រាក់​ស្រប​តាម​សំអាង​នៃ​បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់​លើ​ជនសង្ស័យ​ ៤ នាក់ និង​ក្រុមហ៊ុន​ចំនួន ១ និង បន្ត​ការ​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ស្របតាម​សំអាង​នៃ​បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស សញ្ចារកម្ម​លើ​ជនសង្ស័យ​ចំនួន​ ២ នាក់​។ បន្ត​ការស៊ើបអង្កេត​លើ​ករណី​រក្សាទុក​អាវុធ​ខុសច្បាប់ និង​បទល្មើស​ពាក់ព័ន្ធ និង​បន្ត​ការស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ១ ​នាក់ ដែលជា​មេខ្លោង​ក្នុង​សំណុំរឿង​ខាងលើ​។

«​រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​បន្ត​ធ្វើការត្រួតពិនិត្យ​រដ្ឋបាល​នៅ​តាម​បណ្ដា​ទីតាំង​អាជីវកម្ម​ដែល​សង្ស័យ​មិនមាន​ច្បាប់​អនុញ្ញាត ព្រមទាំង​ចាត់​វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ជនបរទេស​ដែល​បាន​ត្រួតពិនិត្យ និង​មាន​កិច្ចសន្យា អប់រំ​រួចហើយ​នៅតែ​បន្តធ្វើ​ដោយ​ខុសច្បាប់​ និង​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ដែល​កំពុង​សំងំ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ដែល​កើតឡើង​តាម​រូបភាព ជួញដូរ​មនុស្ស ជាពិសេស​តាម​ប្រព័ន្ធ​អនឡាញ​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ លំហូរ​អ្នកវិនិយោគ មុខមាត់​ប្រទេស​ជាតិ និង​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។ ​«​យើង​មាន​ការព្រួយបារម្ភ​ខ្លាំង​ដែរ ទាក់ទង​នឹង​ការជួញដូរ​គ្រប់​ទម្រង់​រូបភាព ជាពិសេស​តាម​ប្រព័ន្ធ​អនឡាញ​។ កន្លងមក​យើង​ឃើញ​ហើយ​តាម​ព័ត៌មាន​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ការជួញដូរ និង​ការរំលោភ​បំពាន ការបង្ខាំង​មនុស្ស​នៅ​តាម​បណ្តា​បនល្បែង​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​»​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ គិត​ចាប់ពី​ថ្ងៃទី​ ១៨ ខែសីហា ដល់​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២២ ក្រសួង​បាន​ទទួល​បណ្ដឹង​សរុប​ចំនួន ២៨៩ ករណី​ពី​សាមីជន សាច់ញាតិ​ស្ថានទូត និង​អង្គការ​អន្តរជាតិ​មួយចំនួន​។ លោក​ថ្លែងថា​៖ «​ពាក្យបណ្ដឹង​ទាំងឡាយ​នេះ ដំបូង​ឡើយ​យើង​ក៏​មិន​ជឿ​ទុកចិត្ត​ទាំងស្រុង​នោះដែរ ប៉ុន្តែ​ឆ្លងកាត់​ការអនុវត្ត​ជាក់ស្ដែង​បន្តបន្ទាប់​គឺ​ប្រមាណ​ ៩៥ ​ភាគរយ​ជា​ការពិត​»​។

លោក​បាន​បន្តទៀតថា ក្រុម​ប្រតិបត្តិការ​ក៏​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បាន​ករណី​មួយ​ចំនួន​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១០ ខែសីហា ដល់​ថ្ងៃទី​ ១០ ខែកញ្ញា បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បាន​ ៨៥ ​ករណី រកឃើញ​​មនុស្ស​ ១៧៦ នាក់​មាន​ ៨ សញ្ជាតិ ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ច្រើន​ជាងគេ​ និង​កត់សម្គាល់​ថា ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ធ្វើការ​នៅ​កន្លែង​អាជីវកម្ម​ល្បែងភ្នាល់​អនឡាញ​ខុសច្បាប់​។

គណៈបញ្ជាការ​ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​រៀបចំ​ផែនការ​អនុវត្ត​នូវ​ផែនការ​ប្រតិបត្តិការ ដោយ​រៀបចំ​ឱ្យមាន​ក្រុម​ប្រតិបត្តិការ​ផ្ទាល់​ចំនួន ៥ ក្រុម បាន​ផ្សព្វផ្សាយ​ផែនការ​នេះ​នៅ​ថ្ងៃទី​ ២ ខែកញ្ញា ឆ្នាំ​ ២០២២ ដើម្បី​ចាប់ផ្ដើម​អនុវត្ត​ចុះជួយ​គាំទ្រ​ខេត្ត​ព្រះសីហនុ​។

លើសពីនេះ​នៅ​ថ្ងៃទី​ ៩ កញ្ញា ឆ្នាំ​ ២០២២ ក្រសួង​យុត្តិធម៌​ក៏បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ជាពិសេស​ជួយ​ពង្រឹង​បន្ថែម​ចំពោះ​ផ្នែក​ច្បាប់​៕

វីដេអូ៖