ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​បើក​ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ​រយៈពេល​ ៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី ​២៦ ខែកញ្ញា ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បន្ថែម​ពីលើ​រថយន្ត​សាធារណៈ​ដែលមាន​កន្លែង​អង្គុយ​ជាង​ ១ ​ម៉ឺន​កៅអី​ក្នុង​ ១​ ថ្ងៃ​។ យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

សេចក្ដី​ជូនដំណឹង​នេះ​បាន​ឱ្យ​ដឹងថា​៖ «​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេលវេ នឹង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ដោយ​មិន​បង់ប្រាក់​រយៈពេល​ ៤​ ថ្ងៃ​។ ចំពោះ​សំបុត្រ​សម្រាប់​ធ្វើដំណើរ​តាម​រថភ្លើង​ទាំង ​២ ​ខ្សែ​នេះ នឹង​មាន​ការចែកជូន​រយៈពេល​ ២​ ថ្ងៃ មុន​ថ្ងៃ​ធ្វើ​ដំណើរ​នៅ​ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ស្ថានីយ​បណ្តា​ខេត្ត​នានា​ចាប់ពី​ម៉ោង ​៧ ​ព្រឹក រហូត​ដល់​ម៉ោង​ ៥​ ល្ងាច​»​។

យោងតាម​សេចក្តី​ជូនដំណឹង​នេះ​បានឱ្យ​ដឹងថា ខ្សែ​រថភ្លើង​ទី​ ១ មាន​គោលដៅ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​។ ខ្សែ​រថភ្លើង​ទី​ ២ ​មាននៅ​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​។

កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​បញ្ចេញ​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បី​បង្ការ​ការឡើង​ថ្លៃ​សេវា​រថយន្ត​ឈ្នួល និង​ជួយ​សម្រាល​បន្ទុក​ថ្លៃ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្តក្រុង​ចំនួន​ ១៧៥ ​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ដោយ​ឥតគិតថ្លៃ​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី​ ២៧ ខែ​កញ្ញា ដោយ​ក្នុងនោះ​រថយន្ត ១២០ ​គ្រឿង ត្រៀម​ដឹក​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា និង​ចំនួន ៥៥​ គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

ទីតាំង​ចេញ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ​១ និង​ផ្លូវជាតិ​លេខ​ ២ នៅ​ផ្លូវ​ ៦០ ​ម៉ែត្រ​ទល់មុខ​ក្រុមហ៊ុន​មែរសឺដេស​។ ផ្លូវជាតិ​លេខ ​៣ និង​លេខ​ ៤ នៅ​ផ្សារ​សិនជូរី​ផ្លាហ្សា​។ ផ្លូវជាតិ​លេខ ​៥ ភ្នំពេញ​-​បាត់ដំបង នៅ​សួន​ឫស្សីកែវ និង​ភ្នំពេញ-​បន្ទាយមានជ័យ​នៅ​រង្វង់មូល​ទេពមច្ឆា​ជ្រោយចង្វារ​។ ផ្លូវជាតិ​លេខ​ ៦ និង​លេខ​ ៧ ភ្នំពេញ​-​កំពង់ចាម​-​ត្បូងឃ្មុំ​-​ក្រចេះ-​ស្ទឹងត្រែង នៅមុខ​រាជាយស្ម័យយាន​។

លោក ឃ្លី នរៈ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ទាំង​លក្ខណៈ​បច្ចេកទេស និង​អ្នក​បើកបរ​រួចរាល់​អស់ហើយ ដើម្បី​បម្រើ​សេវា​ជូន​ពលរដ្ឋ​។

លោក​បន្ត​ថា​៖ «​រថយន្ត​អស់នេះ យើង​បាន​ត្រៀម និង​ទុកដាក់​នៅ​កន្លែង​នីមួយៗ​អស់​ហើយ រង់ចាំ​តែ​ថ្ងៃ​ចេញ​ដំណើរ​ទេ​។ សូម​ជម្រាប ថា​តាម​បទពិសោធ​កន្លងមក យើង​មិន​បាន​ប្រើប្រាស់​សំបុត្រ​អី​នោះទេ គឺ​ពលរដ្ឋ​ដែល​ចង់​ជិះ​រថយន្ត គឺ​គាត់​អាច​មក​តាម​ទីតាំង​នីមួយៗ ហើយ​យើង​មាន​ក្រុម​សម្របសម្រួល​របស់​យើង ដើម្បី​រៀបចំ​ពួកគាត់​ចូល​រថយន្ត​តែម្តង​»​។

លោក​ថា រថយន្ត​ដែល​បាន​រៀបចំ គឺ​អាច​មាន​លទ្ធភាព​ដឹក​អ្នកដំណើរ​បាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​នាក់​ក្នុង​ ១​ ថ្ងៃៗ ដោយ​សង្ឃឹម​ថា ការផ្តល់​ជូន​នេះ នឹង​ចូលរួម​កាត់បន្ថយ​ហានិភ័យ និង​ការចំណាយ​នានា​របស់​ពលរដ្ឋ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ដោយ​ចង់ឱ្យ​រដ្ឋាភិបាល​សិក្សា​បន្ថែមទៀត​ក្នុង​ការផ្តល់​សេវា​ឱ្យចំ​គោលដៅ​កៀក​នឹង​មូលដ្ឋាន​របស់​ពលរដ្ឋ​៕

វីដេអូ៖