ភ្នំពេញៈ នាយក​ដ្ឋានសារ​មន្ទីរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សីល្បៈ និង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជា នៅ​ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២២ បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាតាឡុក​របស់​សារមន្ទីរ​ខេត្ត​ចំនួន ៦ តាម​ប្រព័ន្ធ​អ៊ីន​ធើណិត ដើម្បី ចូល​រួម​ថែរក្សា​លើក​តម្លៃ និង​ផ្សព្វផ្សាយ​អំពីស​ម្បត្តិបេ​តិកភណ្ឌខ្មែរ​ទៅ​ដល់​មហា​ជន ជាពិសេស​គឺសម្រួល​ដល់​អ្នក​ស្រាវ​ជ្រាវ ដែល​មាន​បំណង​ស្វែង​យល់​បន្ថែម​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ ​។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​នៃស្ថាប័ន​ទាំង​ ២ ​បាន​បញ្ជាក់​ថា កាតា​ឡុក​របស់​សារ​មន្ទីរ​ខេត្ត​ ចំនួន ៦ សារ​មន្ទីរ ​ដែល​បាន​ដាក់​ឱ្យដំ​ណើរការ​ជាផ្លូវការ ​នៅលើ​ប្រព័ន្ធ​អ៊ីន​ធើណិត​នេះ ជាលទ្ធផល​នៃគម្រោង​រយៈ​ពេល​ ១ ​ឆ្នាំ (កញ្ញា ២០២១-សីហា ២០២២) របស់​នាយក​ដ្ឋាន​សារមន្ទីរ​ក្រោម​កិច្ចគាំទ្រ​របស់​ក្រសួង​វប្បធម៌ និ​ងវិ​ចិត្រ​សិល្បៈ ស្តី​ពី «ប្រព័ន្ធ​ទិន្នន័យ​សមុច្ច័យ​នៃសារ​មន្ទី​រ​ខេត្ត-ក្រុង» ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ថានទូ​តអាមេ​រិក។​

សេចក្តី​ប្រកាសព័​ត៌​មាន​នេះ​បន្តថា​ សារ​មន្ទីរ​ទាំង​ ៦ ដែល​បាន​ចូលរួម​អនុវ​ត្ត​គម្រោង​នេះមា​ន សារ​មន្ទីរ​ ខេត្តតា​កែវ សារ​មន្ទីរ​ស្រុក​អង្គរបុរី សារ​មន្ទីរ​ខេត្ត​ព្រៃវែ​ង សារ​មន្ទីរ​ខេត្ត​ពោធិ៍សាត់ សារ​មន្ទីរ​ខេត្ត​កំពង់ធំ​ និងសារ​មន្ទីរ​ខេត្តកំពង់​ឆ្នាំង​។

គម្រោង​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់ ២​ គឺ ទី១. ដើម្បីកែ​សម្រួល និងពង្រីក​ប្រព័ន្ធ ទិន្នន័យ​សមុច្ច័យ​ដែល​សារមនី្ទរ​ជាតិ​កម្ពុជាមាន​​តាំង​ពី​ច្រើន​ឆ្នាំកន្លង​មក ដើម្បី​បំពាក់​ប្រព័ន្ធ​នោះ​ ទៅ​ដល់​សារមន្ទីរ​ខេត្ត និង​ទី២. ដើម្បី​ដាក់​បញ្ចូល​ទិន្នន័យ​សមុច្ច័យ​របស់​សារមន្ទីរ​ខេត្ត​ទាំង​ ៦ ​សារ​មន្ទីរ ទៅក្នុង​កាតាឡុក​ដែល​នឹង​បង្ហោះ លើ​ប្រព័ន្ធ​អ៊ីន​ធើ​ណិត ដូច​សារ​មនី្ទរ​ជាតិ​បា​នធ្វើរួច​មក​ហើយ​តាំង​ពីឆ្នាំ​ ២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន​​ដដែលបញ្ជាក់​ថា បន្ទាប់​ពី​ពិធី​សម្ពោធ​ជាផ្លូវ​ការ​នេះ សាធារ​ណជ​ន អាចស្វែង​រកទិន្ន​ន័យ​សមុច្ច័យ​របស់​សារ​មន្ទីរ​ទាំង ៦នៅលើ​ប្រព័ន្ធ​អ៊ីន​ធើណិត ដោយ​ចូល​តា​ម​គេហទំព័រ​របស់​សារ​មនី្ទរ​ជាតិ www.cambodiamuseum.info។

ការដាក់​បង្ហោះ​ទិន្នន័យ​សមុច្ច័យ​ទាំង ៦​ នេះ ជាការ​ចូលរួម​ថែរ​ក្សា លើក​តម្លៃ និង​ផ្សព្វ​ផ្សាយ​អំពី​សម្បត្តិបេ​តិក​ភណ្ឌ ខ្មែរ​ទៅដល់​មហា​ជន ជាពិសេស​គឺ​​សម្រួល​ដល់អ្នក​ស្រាវ​ជ្រាវ​ដែល​មាន​បំណង​ស្វែង​យល់​បន្ថែម​ពីសម្បត្តិ​វប្បធម៌ ខ្មែរ​នៅតាម​បណ្តា​ខេត្ត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​សរសេរ​ថា៖ «គម្រោង​ខាង​លើជា​គម្រោងសា​កល្បង​ដំណាក់​កាល​ទី១​។ នាយក​ដ្ឋាន​សារមន្ទីរ​ក៏ មាន​បំណង​នឹង​ពង្រីក​គម្រោង​ដូច​គ្នានេះ​ ទៅដល់​សារមន្ទីរ​ខេត្ត​ដទៃ​ផ្សេង​ទៀត​ នៅថ្ងៃ​អនាគត​ក្នុង​គោល​បំណង​ឱ្យ សារមន្ទីរ​ទាំង​អស់​ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ មាន​ប្រព័ន្ធទិ​ន្ន​ន័យវត្ថុ​ក្នុង​ឃ្លាំង​ថ្នាក់​ជាតិ​រួម​គ្នា​មួយ​»។

លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថ្លែង​នៅក្នុង​ពិធីដាក់​ឱ្យ​ដំណើការ​នេះ​ថា ការ​ផ្ដល់​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​សារ​មន្ទីរ​ខេត្ត និង​ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ថែរក្សា​ទិន្នន័យ​រួម​មួយ​នៅសារ​មន្ទីរ​ជាតិ​នេះ ប្រាក​ដ​ជាទទួល​បាន​នូវ​ការធានា​សុវត្ថិភាព​រយៈ​ពេល​វែង ក្នុង​ការ​ថែរក្សា​ទិន្នន័យ​សមុច្ច័យ​សារ​មន្ទី​រ​ទាំងអស់។

សមិទ្ធផល​នេះ គឺជា​ផ្នែក​មួយ​នៃកិច្ច​ការ​ចង​ក្រងឯ​កសារ និង​ថែរក្សា​ទិន្នន័យ​សម្បត្តិ​បេតិក​ភណ្ឌ​របស់​ខ្មែរ។

លោក​ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាពិសេស​ស្ថាន​ទូតអាមេរិក​ប្រចាំនៅ​កម្ពុជា ដែល​តែងតែ​ចូលរួម​ចំណែក​យ៉ាងស​កម្ម ក្នុង​កិច្ចការ​ការ​ពារសម្បត្តិ​បេតិក​ភណ្ឌកម្ពុជា​ តាំង​ពីដើម​រៀង​រហូត​មក ជា​ពិសេស​សការ​ឧបត្ថម្ភ​ថវិកា​ដល់​នាយ​កដ្ឋានសារ​មន្ទីរ ដើម្បី​អនុវត្ត​គម្រោង​ជាមួយ​សារ​មន្ទីរ​ទាំង ​៦​ នេះ។​

ជាមួយ​គ្នា​នេះ លោក​បាន​ណែនាំ​ដល់នាយកដ្ឋាន​សារមន្ទីរ​នឹង​បន្ត​កិច្ច​ការ​បែបនេះ​ ជាមួយ​នឹង​សារមន្ទីរ​ខេត្ត​ដទៃ​ទៀត ដើម្បី​ឱ្យសារ​មន្ទីរ​ទាំង​អស់ នៅតាម​បណ្ដាខេត្ត​ក្រុង​ មាន​ប្រព័ន្ធ​ទិន្ន​ន័យ​ស្តង់ដារ​បៀប​នេះ និង​មានការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ អ៊ីន​ធឺណិត​ នៅថ្ងៃ អនាគត។

លោកថ្លែងថា៖ «កិច្ចការនេះ ពិតណាស់ ជាការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​សមុច្ច័យ​រប​ស់សា​រមន្ទីរ​ខេត្ត​នីមួយៗ និង​ជា​ការ​ផ្ដល់​លទ្ធភាព​ដល់​សាធា​រណជន​អាច​សិក្សា​ស្រាវ​ជ្រាវ​ឱ្យបាន​កាន់​តែងាយ​ស្រួល អំពី​សម្បត្តិ​បេតិក​ភណ្ឌ​ខ្មែរ ដែល​ស្ថិត​នៅ​តាម​បណ្ដាសារ​មន្ទីរ​ខេត្ត​នានា​ទូទាំ​ង​ប្រទេស​កម្ពុជា​»។

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជាបញ្ជាក់​ថា កាតាឡុក​តាម​អ៊ីន​ធឺណិត នៃវត្ថុ​សិល្បៈ សម្រាប់​សារមន្ទីរ​ថ្នាក់​ខេត្ត​ចំនួន​ ៦ខាងលើ​នេះ ជាគម្រោង​ដែល​ទទួល​បាន​ជំនួយ​ថវិកា​ពីសហរ​ដ្ឋ​អា​មេរិក ដោយ​បាន​កែលម្អ និង​ធ្វើបច្ចុប្បន្ន​ភាព​នៃប្រព័ន្ធ​មូល​ដ្ឋាន​ទិន្នន័យ ដែល​រួម​មាន​វត្ថុ​បូរាណ។

សហរដ្ឋ​អាមេរិក​មាន​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ដល់ការ​អភិរក្ស និង​ជួសជុល​បេតិក​ភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​រប​ស់​កម្ពុជា​៕