ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ ថ្មីៗ​នេះ​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ ឱ្យ​ពង្រឹងគុណភាព​សាលាជម្រះក្ដី​ឬ​តុលាការ​នៅ​ចំពោះមុខ​រឿងហេតុ​មួយចំនួន​ដែល​កំពុងតែ​កើតឡើង​ដូចជា អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម កេងប្រវ័ញ្ច​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​ជាដើម​។

ការណែនាំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ​១៦ ខែកញ្ញា ក្នុង​កិច្ចប្រជុំ​ស្ដីពី​ចំណាត់ការ​លើ​សំណុំរឿង​ជួញដូរ​មនុស្ស សំណុំរឿង​សម្អាត​ប្រាក់ និង​សំណុំរឿង​រំលោភ​សេពសន្ថវៈ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព និង​ព​ន្លឿ​ន​ចំណាត់ការ​នីតិវិធី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​។

ផ្អែក​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក កើត រិ​ទ្ធ បាន​ប្រាប់​ទៅកាន់​ស្ថាប័ន​អយ្យការ​ត្រូវ​ផ្តល់​កិច្ចសហការ​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​ប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម កេងប្រវ័ញ្ច​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​។

លោក​កើត រិ​ទ្ធ ថ្លែងថា ស្ថាប័ន​អយ្យការ​ត្រូវ​យកចិត្តទុកដាក់​ផងដែរ ព​ន្លឿ​ន​ការស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ឱ្យបាន​ទាន់ពេលវេលា និង​ឱ្យមាន​ប្រសិទ្ធភាព ហើយ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ត្រូវ​ព​ន្លឿ​ន​ចំណាត់ការ​ឱ្យបាន​ឆាប់រហ័ស​។ រីឯ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន​បន្ថែមទៀត​លើ​ជំនាញ​ផ្នែក​ប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម កេងប្រវ័ញ្ច​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ទាំងនេះ ឆ្លើយតប​ទៅនឹង​សភា​ការណ៍​ជាក់ស្តែង​នៃ​ការវិវត្ត​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​។​

គួរ​កត់សម្គាល់ថា ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​ពង្រឹងគុណភាព​សាលាជម្រះក្ដី​ឬ​តុលាការ​ធ្វើឡើង​ស្របគ្នា​នឹង​យុទ្ធនាការ​របស់​អាជ្ញាធ​រពាក់​ព័ន្ធ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក​ចេញ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​ ២០២២ ដោយ​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​អាក្រក់​បំផុត​នៃ​អំពើ​ជួញដូរ​មនុស្ស​។​

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា កិច្ចប្រជុំ​អំពី​បញ្ហា​នេះ​មិនមែន​ទើបតែ​ធ្វើ​នៅ​ដំណាក់កាល​នេះ​ទេ ពោលគឺ​រដ្ឋមន្ត្រី​តែង​ដឹកនាំ​កិច្ចប្រជុំ​របៀបនេះ​ជាប់​ប្រចាំ​។ លោក​បន្ថែមថា​៖ «​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម ពីព្រោះ​សំណុំរឿង​ព្រហ្មទណ្ឌ (​ពាក់ព័ន្ធ​បញ្ហា​ជួញដូរ​មនុស្ស​) មាន​ចរិត​ពិសេស ដូច្នេះ​យើង​ជួបប្រជុំ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​គ្នា ឈានទៅ​ដោះស្រាយ​សំណុំរឿង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​»​។​

លោក អំ សំអាត នាយក​ប្រតិបត្តិ​នៃ​អង្គការ​លីកាដូ​លើកឡើងថា តួនាទី​របស់​ក្រសួងយុត្តិធម៌​ដែលមាន​សិទ្ធិ​គ្រប់គ្រង​លើ​មន្ត្រី​តុលាការ​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​នៅក្នុង​សង្គម ដើម្បី​ធានា​យុត្តិធម៌ និង​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​។

លោក​ថា​៖ «​ទាក់ទង​បទល្មើស​ទាំងឡាយ ក្រសួងយុត្តិធម៌​គឺ​ដើរតួនាទី​សំខាន់​តាមរយៈ​ប្រព័ន្ធតុលាការ ក្នុងការ​ទប់ស្កាត់ បង្ក្រាប ជាពិសេស​តុលាការ​ផ្ទាល់​ជា​អ្នកអនុវត្ត​ច្បាប់ អ៊ីចឹង​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ធំៗ​រួមទាំង​ការជួញដូរ​មនុស្ស គ្រឿងញៀន​ជាដើម គឺ​ច្បាស់​ណាស់​ប្រព័ន្ធយុត្តិធម៌​ដើរតួនាទី​សំខាន់​មែនទែន​»​។​

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បានធ្វើការ​កត់សម្គាល់ថា ក្រសួងយុត្តិធម៌​ក្នុង​អាណត្តិ​លោក កើត រិ​ទ្ធ បានធ្វើការ​កែទម្រង់​ក្នុង​ប្រព័ន្ធយុត្តិធម៌ ដូចជា យុទ្ធនាការ​ព​ន្លឿ​ន​ការកកស្ទះ​សំណុំរឿង​ដើម្បី​ឈានទៅ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ការដាក់ចេញ​ការដោះលែង​អ្នកទោស​ដែល​ជិត​ផុត​ទោស​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ផ្សេងៗ​។

លោក អំ សំអាត ថ្លែងថា​៖ «​យើង​ក៏​ឧស្សាហ៍​សង្កេតឃើញ​លោក កើត រិ​ទ្ធ ធ្វើការ​ក្រើនរំឭក​ទៅ​តុលាការ​ឬ​ព្រះរាជអាជ្ញា ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងយុត្តិធម៌​បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស​តាមរយៈ​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធតុលាការ​ដែរ ដែល​ត្រូវធ្វើ​ការងារ​ឱ្យបាន​ត្រឹមត្រូវ និង​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​»​។​

របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​​ ២០២២ របស់​សហរដ្ឋអាមេរិក លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​ពុំបាន​គោរព​តាម​ពេញលេញ​ដើម្បី​លុបបំបាត់​នូវ​អំពើ​ជួញដូរ​មនុស្ស និង​ពុំបាន​ខិតខំ​ប្រឹងប្រែង​គួរឱ្យកត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ​។

ស្ថិតក្នុង​បញ្ជីខ្មៅ ឬ​កម្រិត​ ៣ កម្ពុជានឹង​អាច​ប្រឈម​ការ​រឹតត្បិត​ជំនួយ ឬ​ឈានទៅដល់​ការ​ផ្តាច់ជំនួយ​ពី​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​។ យ៉ាងណាមិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា កម្ពុជានឹងមិន​ដកថយ​ឡើយ ហើយ​ខិតខំ​រកឱ្យឃើញ​ចំណុចខ្សោយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕