មណ្ឌលគិរីៈ ​ក្រសួង​បរិស្ថាន​បាន​ដាំកូន​ឈើ និងដើម​អាកា​ស្សា​ចំនួន ១​ ម៉ឺន​ដើម​នៅលើ​ផ្ទៃដី​ទំហំ​ ៦, ៥ហិក​តា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ ខេត្ត​មណ្ឌល​គិ​រី​ ដើម្បី​បង្កើន​គម្រប​ដីព្រៃ​ឱ្យបាន​ប្រសើរ​ឡើង​។​

​លោក​ សាយ សំ​អាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា ការ​ដាំ​កូន​រុក្ខជាតិ​អាកា​ស្សា​នា​ពេល​នេះ​គឺជា​ការរួម​ចំណែក​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោ​បាយ​គ្រប់​គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរ​ភាព ​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​ចំពោះ​មុខ ​បន្ថយ​សម្ពាធ​លើ​ការប្រើ​ប្រាស់​សម្ភារ​សំណង់ ​និង​គ្រឿង​សង្ហា​រិម​ដែល​ធ្វើ​អំពី​ឈើ​ធម្ម​ជាតិ ព្រម​ទាំង​បំពេញ​សេចក្តី​ត្រូវការ​នៅក្នុង​វិស័យ​ឧស្សា​ហកម្ម​ផង​ដែរ​។​

​នៅ​ក្នុង​ពិធី​ដាំ​ស្ដារ​ព្រៃ​ឈើ​និង​ក្លូន​រុក្ខជាតិ​ រៀបចំ​ថ្នាល​បណ្ដុះ​កូន​ឈើ និង​ពិនិត្យ​ការ​ចិញ្ចឹម​ពូជ​សត្វ​ក្របី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​កាលពី​​ថ្ងៃទី​ ១៩ ​ខែ​កញ្ញា លោក​បាន​ថ្លែងថា​៖ «​សហ​គមន៍​យើង​នីមួយៗ​គួរ​មាន​ស្បៀង​អាហារ​ហូប​គ្រប់​គ្រាន់ ជីវភាព​កាន់​តែ​ល្អ​ប្រសើរ ​នេះ​ជា​កត្តា​សំខាន់​ក្នុង​ការ​ការពារ​ធនធាន​ធម្ម​ជាតិ​»​។​

​រដ្ឋមន្ត្រី​រូបនេះ​បានសរសើរ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហ​គមន៍​ដោយ​លោក​ចាត់​ទុក​ថា ជា​ទ័ព​ស្រួច​ ដែល​បាន​លះ​បង់​កម្លាំង​កាយ ​ចិត្ត និង​ពេល​វេលា ដើម្បី​ការពារ​ធន​ធាន​ធម្ម​ជាតិ ​និង​អភិរក្ស​ជីវចម្រុះ​ជូន​ប្រទេស​កម្ពុជា ​និង​ប្រជា​ជន​កម្ពុជា​គ្រប់​ជំនាន់​។​

​ក្រសួង​បរិស្ថាន​បាន​រៀប​ចំ​ផែន​ការដាំ​ស្ដារ​ព្រៃ​ឈើ​ចាប់ពី​ឆ្នាំ​ ២០២២ ​ដល់​ឆ្នាំ​ ២០២៥​ ក្នុង​គោល​បំណង​បង្កើន​គម្រប​ដីព្រៃ​ឱ្យបាន​ប្រសើរ​ឡើង ​និង​ផ្តល់ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នូវ​ចំណេះដឹង បទ​ពិសោធ​ក្នុង​ការធ្វើ​ក្លូន​រុក្ខជាតិ ក៏ដូច​ជា​បច្ចេក​ទេស​ដាំ​ដុះ និង​ថែទាំ​ចម្ការ​ឈើ​ដាំ ព្រម​ទាំង​ការផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ចំណេះ​ដឹងបច្ចេក​ទេស និង​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​។​

​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​១៩ ​ខែកញ្ញា​ថា​៖ « ប្រភេទ​ក្លូន​ឈើ​ដែល​ដាំ​ដុះ​ពេល​នេះ​ជា​ប្រភេទ​ឈើ​អា​កាស្យា ចំនួន ១​ ម៉ឺន​ដើម ដាំ​នៅ​លើ​ផ្ទៃដី​ទំហំ​ ៦,៥​ ហិកតា​»​។​

​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ដែរ​ថា កូន​អា​កាស្យា​ចំនួន ​៧ ០០០​ ដើម​ ត្រូវបាន​បណ្តុះ​ទុក​សម្រាប់​ធ្វើ​ពូជ និង​កូន​អា​កាស្យា​ចំនួន ១៧ ០០០ ​ដើម ត្រូវបាន​ដាំ​រួច​រាល់លើ​ផ្ទៃដី​ ៨ ហិកតា​។​ពូជ​ស្មៅ​ចំណី​សត្វ​ត្រូវ​បាន​ព្រោះ​លើ​ផ្ទៃដី​ទំហំ​ ៦ ហិកតា សម្រាប់​ជា​ចំណី​របស់​សត្វ​ក្របី​ចំនួន ​៦០ ​ក្បាល ​ដែល​ទទួល​បាន​ពី​ក្រសួង​បរិស្ថាន​។​

​ក្នុង​ចំណោម​សត្វ​ក្របី​ចំនួន​ ៦០ ​ក្បាល​នោះ មាន ១០ ក្បាល ​​ត្រូវ​បាន​យកទៅ​ចិញ្ចឹម​នៅ​ស្នាក់​ការ​កែរ​រ​ពៅ និង​ ៥០ ​ក្បាល​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ស្នាក់​ការ​ខ្ទង់ ដោយ​បច្ចុប្បន្ន​កើន​បាន​ចំនួន​ ២​ ក្បាល​បន្ថែម​។​

​ដោយ​ឡែក ​ការ​សិក្សា​ពី​ក្រុម​ជំនាញ​ជីវ​ចម្រុះ​នៃ​ក្រសួង​បរិស្ថាន​ នាពេល​ថ្មីៗ​នេះបាន​បង្ហាញ​ថា តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង និង​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ទទុង​-​ភ្នំ​តូច ស្ថិតក្នុង​ខេត្ត​កំពត មាន​ថនិក​សត្វ​ចំនួន​១២​ប្រភេទ ល្មូ​ន​ចំនួន​ ១៨​ប្រភេទ និង​ថល​ជលិក (​ក្រុម​កង្កែប​) ៨ ​ប្រភេទ​។ ក្នុង​នោះ ​៣​ ប្រភេទ​ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ​បំផុត (CR) ២ ​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ (EN) និង​២​ប្រភេទ​ទៀត​ស្ថិត​ក្នុង​ក្រុម​ងាយ​ទទួល​រង​គ្រោះ ​(VU)​។

​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា ប្រភេទ​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្នុងការ​កំណត់​អត្ត​សញ្ញាណ​តាម​បែប​វិទ្យា​សាស្ត្រ និង​កំពុង​ស្ថិត​ក្នុងការ​សង្ស័យ​ខ្ពស់​ថា ​អាច​ជា​ប្រភេទ​ថ្មី​។ ក្រុម​ការងារ​របស់​ក្រសួង​បរិស្ថាន​ក៏បាន​ប្រមូល​សំណាក​មួយ​ចំនួន​សម្រាប់​រក្សាទុក និង​សិក្សា​បន្ត​ផង​ដែរ​។​

​កាលពី​ខែមករា ឆ្នាំ​ ២០២១ រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​ចេញ​អនុក្រឹត្យ​ចំនួន ​២ គឺ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​បេ​តិ​ភណ្ឌ​ធម្ម​ជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួងទំហំ​ ២៥ ​ហិកតា ស្ថិត​ក្នុង​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស ខេត្ត​កំពត និង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​បេ​តិ​ភណ្ឌ​ធម្ម​ជាតិភ្នំ​ទទុង​-​ភ្នំ​តូច ទំហំ​៨៣​ហិកតា ​ស្ថិត​ក្នុង​ស្រុក​ដង​ទង់ និង​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​។

​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ ភ្នំ​នេះ​ជាទី​ជម្រក​របស់​សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត​រាប់​សិប​ម៉ឺន​ក្បាលដែល​អាច​ផលិត​លាមក​ប្រចៀវ​សម្រាប់​ប្រជា​ពលរដ្ឋ​យកទៅ​ធ្វើជា​ជីធម្ម​ជាតិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង ​១ ឆ្នាំៗ​៕