ភ្នំពេញៈ រាជរដ្ឋាភិបាលនឹង​ចេញផ្សាយ​របាយការណ៍​អង្កេត​កសិកម្ម ឆ្នាំ ២០២០ នៅ​ថ្ងៃទី ២២ ខែកញ្ញា ដើម្បី​ផ្សព្វផ្សាយ​​របាយការណ៍​អង្កេត​កសិកម្ម ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​ ៥០x២០៣០ ដើម្បី​លុបបំបាត់​គម្លាត​ទិន្នន័យ​កសិកម្ម​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប​។

អង្កេត​កសិកម្ម ឆ្នាំ ២០២០ នេះ ត្រូវបាន​ធ្វើឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS) នៃ​ក្រសួងផែនការ (MoP) សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)។

យោងតាមលិខិត​អ​ញ្ជើញឱ្យចូលរួមការផ្សព្វផ្សាយនេះ ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន នៅ​ថ្ងៃទី ២០ ខែកញ្ញា​ បានឱ្យដឹងថា ការចេញផ្សាយ​របាយការណ៍​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៨:០០ ព្រឹក ដល់​ម៉ោង ៤:០០ ល្ងាច នៅ​សណ្ឋាគារ​ភ្នំពេញ ហើយ​នឹងមាន​អ្នកចូលរួម​ប្រមាណ ២០០ នាក់ មកពី​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​ផែនការ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ស្រាវជ្រាវ​មួយចំនួន។

លិខិត​នេះបញ្ជាក់ថា៖ «កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការធ្វើ​បទ​បង្ហាញ​លម្អិត​អំពី វិធីសាស្ត្រ​ប្រើប្រាស់​ក្នុង​ការធ្វើអង្កេត​កសិក​ម្ម ការរកឃើញសំខាន់ៗ និង​ឧទាហរណ៍​នៃ​ការប្រើប្រាស់​ទិន្នន័យ​ផងដែរ។ អ្នកចូលរួម​នឹង​បាន​ស្វែងយល់​ពី​របៀប​ចូល​ប្រើ​ទិន្នន័យ​នៃ​របាយការណ៍​អង្កេត​កសិកម្ម ២០២០ (តារាង​សរុប និង​តារាង​ទិន្នន័យ​លម្អិត) ពី​វេទិកា​អន​ឡាញ​រ​បស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ»។

លិខិត​នេះ ក៏បាន​អះអាង​ទៀតថា អ្នកចូលរួម នឹង​ទទួលបាន ព័ត៌មាន​បន្ថែម​អំពី​ស​កម្ម​ភាព​ដែល​កំពុង​អនុវត្ត និង​អនុវត្ត​បន្ត​នៅពេល​អនាគត ក្រោម​កម្មវិធី​អង្កេត​កសិកម្ម​កម្ពុជា និង​ជំរឿន​កសិកម្ម​កម្ពុជា។

តាម​ការអះអាង អង្កេត​កសិកម្ម​ឆ្នាំ ២០២០ បាន​ប្រមូល​ព័ត៌មាន​ស្តីពី​ការដាំដុះ​ដំណាំ ការចិញ្ចឹម​បសុសត្វ និង​ប​សុ​បក្សី ការធ្វើ​វារីវប្បកម្ម និង​ការនេសាទ ព្រមទាំង​កម្រិត​អសន្តិសុខ​ស្បៀង​ដែល​គ្រួសារ​កសិកម្ម បាន​ជួបប្រទះ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ១៩ លើ​វិស័យ​កសិកម្ម និង​ព័ត៌មាន​ជាច្រើន​ទៀត។

ការអង្កេត​នេះ ក៏បាន​ប្រមូល​ទិន្នន័យ​ពី​ការកាន់កាប់​កសិកម្ម ជា​លក្ខណៈ​គ្រួសារ និង​ការកាន់កាប់​សហគ្រាស​ក​សិ​កម្ម​ខ្នាត​ធំ​ប្រមាណ ១៥ ០០០ ការកាន់កាប់​កសិកម្ម​នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ ២០២០ ដល់​ខែមករា ឆ្នាំ ២០២១ ដោយមាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៤២៩ នាក់ មកពី​មន្ទីរ​ផែនការ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត។

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ បានឱ្យដឹង​នៅក្នុង​លិខិត​ដដែល​ថា គំនិត​ផ្តួចផ្តើម​ ៥០x២០៣០ មាន​គោលបំណង​លុបបំបាត់​គម្លាត​ទិន្នន័យ​កសិកម្ម​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប​ចំនួន ៥០ នៅត្រឹម​ឆ្នាំ ២០៣០។ អង្គការ​នេះ បាន​បន្តថា គំនិត​ផ្តួចផ្តើម​ ៥០x២០៣០ នេះ​នឹង​ប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ទាក់ទង​នឹង​កសិកម្ម​របស់​ប្រទេស​ទាំងនេះ។

អង្គការនេះបាន​បញ្ជាក់ថា៖ «កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​នៅ​អាស៊ី។ ចំណុច​ស្នូល​មួយ​នៃ​គំនិត​ផ្តួចផ្តើម ​៥០x២០៣០ គឺ​ការផ្តល់​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ដើម្បីឱ្យ​ស្ថាប័ន​ស្រាវជ្រាវ អ្នករៀបចំ​គោលនយោបាយ និង​ដៃគូ​អភិវឌ្ឍន៍​នានា​អាច​ប្រើប្រាស់​ទិន្នន័យ​ដែល​ថ្មី និង​មាន​គុណភាព​ខ្ពស់​ជំនួយ​ដល់​ការធ្វើការ សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​ច្បាស់លាស់»។

តាមអង្កេតកសិកម្មឆ្នាំ ២០២០ បានប៉ាន់ប្រមាណថា ការកាន់កាប់កសិកម្មលក្ខណៈគ្រួសារមានប្រមាណជាង ២ លាន គ្រួសារក្នុងប្រទេសកម្ពុជា ឬប្រហែល ៥៧ ភាគរយនៃគ្រួសារទាំងអស់នៅក្នុងប្រទេស។ ក្នុងចំណោមគ្រួសារ​កសិកម្ម​ទាំងអស់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ៩៤ ភាគរយ បានរាយកាណ៍ពីសកម្មភាពដាំដំណាំ ខណៈដែល ៨២ ភាគ​រយ​ នៃគ្រួសារកសិកម្មទាំងអស់បានរាយការណ៍ពីការចិញ្ចឹម បសុសត្វ បសុបក្សី ឬសត្វល្អិត និងមានប្រហែល ៩៧ ភាគរយ នៃគ្រួសារកសិកម្មបានចូលរួមក្នុងសកម្មភាពនេសាទ និង ៦ ភាគរយ មានសកម្មភាពពាក់ព័ន្ធនឹងវារីវប្បកម្ម៕