ភ្នំពេញៈ ម៉ូតូ​គ្រប់​ប្រភេទ​ជាង​ ២២០ គ្រឿង​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ២០ ​កញ្ញា ​បាន​ចុះ​ដកហូត​ពី​ឃ្លាំង ​និង​ហាង​ទទួល​បញ្ចាំ​ម៉ូតូ​ចំនួន​៣ទីតាំង ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ឯក ​សុខ ហេង ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០ ​កញ្ញា​ ថា​ នៅ​រសៀល​ថ្ងៃទី ២០​ កញ្ញា ​ឆ្នាំ ២០២២ ​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ​ បាន​ចុះ​ដកហូត​ម៉ូតូ​ពី​ហាង​បញ្ចាំ​ម៉ូតូ​ចំនួន​៣ទីតាំង ​និង​ដកហូត​ម៉ូតូ​គ្រប់​ប្រភេទ​បាន​ជាង ​២២០ គ្រឿង។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​ឱ្យ​លម្អិត​បាន​នៅ​ឡើយ​ទេ​ ព្រោះថា​ កិច្ចការ​នេះ​សមត្ថកិច្ច​របស់​លោក​ធ្វើការ​មិនទាន់​ចប់​នៅ​ឡើយ។

លោក​ថ្លែងថា​៖ «ម៉ូតូ​ទាំងនេះ ​សមត្ថកិច្ច​ខ្ញុំ​ដកហូត​យកមក​ពិនិត្យមើល​ឯកសារ​សិន​ ហើយ​ពេលនេះ ​យើង​កំពុង​ធ្វើការ​ត្រួតពិនិត្យ​នៅ​ឡើយ​។ រីឯ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​ គឺ​គណៈបញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​ជា​សាធារណៈ​ហើយ»។

លោក​បញ្ជាក់ថា​ ការងារ​ប្រតិបត្តិការ​ភ្លាមៗ​បែបនេះ ​លោក​មិនអាច​ផ្តល់​ព័ត៌មាន​ឱ្យបាន​ពិស្តារ​ជូន​បានទេ​ ព្រោះ​ត្រូវ​ផ្ទៀងផ្ទាត់​រក​ឯក​សារ​ដែល​ពាក់ព័ន្ធ​នឹង​ម៉ូតូ​សិន។ កិច្ចការ​នេះ​ប្រសិនបើ​លោក​ផ្តល់​ព័ត៌មាន​ច្រើនជាង​នេះ​ គឺ​វា​អាច​ខុស។

ទោះយ៉ាង​ណា ​បុរស​ម្នាក់​ដែល​អះអាងថា ​ជា​បុគ្គលិក​បម្រើការ​នៅ​ហាង​បញ្ចាំ​ម៉ូតូ​ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ ១៩២ ​ក្នុង​សង្កាត់​ទឹក​ល្អក់​ ៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ នៅ​រសៀល​ថ្ងៃទី ២០ ​កញ្ញា​ សមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បាន​ចុះមក​ហាង​បញ្ចាំ​ម៉ូតូ​ឈ្មោះ​ពន្លឺ​ពិភព​ពេជ្រ ​និង​បាន​ដកហូត​ម៉ូតូ​ពី​ហាង​បានជា​ច្រើន​គ្រឿង​ផង។​ ប៉ុន្តែ​ថៅកែ​របស់​លោក​កំពុងតែ​ធ្វើការ​ជាមួយ​សមត្ថកិច្ច​ហើយ។

បុរស​ដដែល​ប្រាប់​យ៉ាងខ្លី​ថា​៖ «ខ្ញុំ​គ្រាន់តែ​ជា​កូនចៅ​គេ​ទេ ​ហើយ​ថៅកែ​របស់​ខ្ញុំ​កំពុង​សម្រប​សម្រួល​កិច្ចការ​នេះ​ជាមួយ​សមត្ថកិច្ច។ ខ្ញុំ​គ្រាន់តែ​ដឹងថា ​ហាង​បញ្ចាំ​ម៉ូតូ​ដែល​ខ្ញុំ​ធ្វើការ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ»៕