​ស្ទឹងត្រែងៈ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ដុតបំផ្លាញ​អាវុធ​កែច្នៃ និង​អន្ទាក់​សត្វ ចំនួន​ប្រមាណ ៣ ៧០០ ដើម រួមទាំងអន្ទាក់ នៅ​ខេត្តស្ទឹងត្រែង ដើម្បី​ជា​និមិត្តសញ្ញា​នៃ​ការបញ្ចប់​ការគំរាមកំហែង​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២០ ខែកញ្ញាថា វត្ថុតាង​ដែល​ត្រូវ​កម្ទេចចោល​ទាំងនេះ រូ​ម​មាន​កាំភ្លើង​កែច្នៃ​ប្រភេទ​ខ្យល់ ៣១ ​ដើម​ កាំភ្លើង​កែច្នៃ​ប្រភេទ​កាប៊ិន ៦៤​ ដើម ​ស្នា​តេះ​ ៦១​ ដើម​ ក្បាល​ឆក់ ​៧១ ​គ្រឿង ​ខ្សែ​អន្ទាក់ ​៣ ៣២៧​ ខ្សែ​ មង​ដាក់​ស្វា​ចំនួន​ ២៦​ ត្បូង ដាយ​ ៦០​ ម៉ែត្រ និង​អង្គប់​ ៥៨​ អង្គប់​។​

លោក​ថ្លែងថា​៖ «​ការ​ដុតបំផ្លាញ​នូវ​អន្ទាក់​នេះ​គឺជា​និមិត្តសញ្ញា​នៃ​ការបញ្ចប់ កុំឱ្យ​វា​មានការ​គំរាមកំហែង​ដោយ​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​ទៀត​ ដើម្បី​ធ្វើ​ម៉េច​ផ្តល់នូវ​ជម្រក​សុវត្ថិភាព​ជូន​ដល់​ជីវចម្រុះ ដល់​សត្វព្រៃ ដល់​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​ប្រមូល​នូវ​អនុផល​ព្រៃឈើ ជូន​ទៅដល់​ប្រជាពលរដ្ឋ​ដែលជា​ភ្ញៀវ​ទេសចរ​ដែល​ដើរ​ទស្សនា​នៅក្នុង​ព្រៃ​»​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា ការការពារ​ធនធាន​ធម្មជាតិ គឺជា​ការរក្សា​លំនឹង​បរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​ប្រជា​សហគមន៍ និង​ឧ​ទ្យា​នុ​រក្ស​ទទួលបាន​នូវ​ជីវភាព និងសុខុមាលភាព​កាន់តែ​ប្រសើរ​ជាង​មុន​។ ជម្រើស​ថ្មី​សម្រាប់​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍ គឺ​ការដាំ​ចម្ការឈើ​ដាំ​ដូចជា ប្រភេទ​ដើម​អាកាស្យា ការដាំ​ដំណាំ​ហូប​ផ្លែ ដំណាំ​បន្ទាប់បន្សំ ការចិញ្ចឹម​សត្វ​ជុំវិញ​ផ្ទះ និង​ក្នុង​សហគមន៍ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​កាត់បន្ថយ​សម្ពាធទៅលើ​ការពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​ទាំងស្រុង​។​

លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ដុតបំផ្លាញ​អាវុធ​កែច្នៃ និង​អន្ទាក់​សត្វ ស្ថិតក្នុង​សាលាឃុំ​សៀម​បូក ស្រុក​សៀម​បូក នា​ថ្ងៃទី​ ២០ ខែកញ្ញា​ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួងបរិស្ថាន អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​។​

លោក សាយ សំ​អាល់ បន្តថា គោលដៅ​ដ៏​សំខាន់​ក្នុង​វិស័យ​បរិស្ថាន​គឺ​ការ​ប្រែក្លាយ​ពី​ទំនៀម​ទម្លាប់នៃ​ការពឹង​អាស្រ័យ​អនុផល​ព្រៃឈើ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យទៅជា​ការចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ នៅក្នុង​តំបន់ការពារធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​លោក​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានផ្តល់​ជម្រើស​ថ្មី​ជូន​ប្រជា​សហគមន៍ តាមរយៈ​ការរក្សា​ព្រៃឈរ បង្កើន​ចំណូល ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​»​។​

លោករដ្ឋមន្ត្រី​ក៏បាន​ពិនិត្យ​ការដាំ​ស្មៅ​ចំណី​សត្វ និង​ការ​ចិ​ញ្ចឹមគោ​ពូជ​ចំនួន ៥០​ ក្បាល ដែល​បាន​ប្រគល់ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ស្នាក់​ការរង​ដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ សៀម​បូក​ផងដែរ​៕