ព្រះសីហនុៈ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង​ បាន​លើក​ឡើងថា​ ការដែល​រដ្ឋាភិបាល​ចំណាយ​ថវិកាជា​ង ២​០០​ លាន​​ដុល្លារ សម្រាប់ក​សាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ នៅក្រុ​ងព្រះ​សីហនុ ក្នុង​គោល​បំណងទាក់​ទាញវិ​និយោគ ​បង្កើន​ចំណូល​ជាតិ មិន​មែន​សម្រាប់​ឋានសួ​គ៌នៃ​ល្បែងខុស​ច្បាប់​នោះទេ ខណៈ​លោកណែ​នាំ​អាជ្ញាធរ​រឹត​បន្តឹ​ង​ច្បាប់​នៅទី​នោះ។

ការ​លើក​ឡើង​នេះ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ​នៅតែទ​ទួលបានពាក្យ​បណ្តឹង​ ទាក់ទង​ការជួញ​ដូរ​មនុស្ស​ខុស​ច្បាប់ និង​មាន​ការរី​ករាលដាល​នៃទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់​ ទោះបីអា​ជ្ញាធរបានដា​ក់​ចេញ​វិធាន​ការ​បង្ក្រាប​ក៏ដោយ​។

ក្នុង​ឱកាស​ដឹក​នាំកិច្ច​ប្រជុំណែនាំ​កិច្ចការ​ប្រឆាំង​អំពើជួ​ញដូ​រមនុស្ស កាល​ពីថ្ងៃទី ១៩ ខែ​កញ្ញា ឧប​នាយក​រដ្ឋម​ន្រ្តី រដ្ឋម​ន្រ្តីក្រសួ​ងម​ហាផ្ទៃលោ​ក ស ខេង បានថ្លែងថា​ ៖«រាជ​រដ្ឋា​ភិបា​លបា​ន​ចំណាយ​ថវិកាប្រ​មាណ​​ជាង ២​០០ ​លានដុ​ល្លារ ដើម្បី​កសា​ងហេ​ដ្ឋរចនា​សម្ព័ន្ធក្នុង​ក្រុងព្រះសី​ហនុ ហើ​យ​ការ​វិនិ​យោគ​ផ្លូវ​ល្បឿនលឿ​នប្រ​មាណ ២ ពាន់លានដុ​ល្លារ និង​ការកែ​ល​ម្អផ្លូវ​ជាតិ​លេខ ​៤ នោះ ​មិនមែ​នដើម្បី​បម្រើឱ្យ​ឋានសួ​រគ៌នៃ​ល្បែ​ងខុស​ច្បាប់នោះ​ទេ»​។

​លោក​គូស​បញ្ជា​ក់​ថា ការ​កសាងទាំ​ងនោះ​ ក្នុង​បំណ​ងទាក់​ទាញ​ការវិ​និយោគ​ត្រឹមត្រូ​វ អ្នក​ទេស​ចរ​​ត្រឹម​ត្រូវ​ ដើម្បីបាន​ចំណូល​កសាងប្រ​ទេសជា​តិទាំង​មូល គឺមិ​នមែ​នតែ​ខេត្តព្រះ​សី​ហនុនោះ​ទេ។​

លោក​ថា៖​ «កា​រប​ណ្ដែត​បណ្ដោ​យឱ្យ​មាន​ល្បែង​ស៊ីស​ង​ខុស​ច្បាប់មិ​នអា​ចជំនួ​សឱ្យ​ការ​វិនិ​យោគ​ត្រឹម​ត្រូវ​តាម​ច្បាប់នោះ​បានទេ​ ​ខុសច្បាប់​ហ្នឹងមា​នព​ន្ធ មាន​ចំណូល​ស្អី​ចូលរដ្ឋ​ដូចគេ​វិនិយោ​គត្រឹ​មត្រូ​វ? វាថែម​ទាំង​រារាំ​ងការ​វិនិយោ​គត្រឹ​មត្រូវ​ដែ​លគេមា​នទុនវិ​និយោគច្រើ​នថែម​ទៀត​ផង​»។

លោក​បន្តថា​៖ «ព្រោះធម្ម​តាមុន​នឹង​គេយក​ប្រាក់​មក​វិនិយោ​គ គេមើល​ទាំង​អស់។​ ការម​កច្រើននៃ​អ្នក​មិន​ត្រឹម​ត្រូវ​នេះ វាក៏មិន​អាច​មក​ជំនួស​អ្នក​ជំនាញ​ល្អៗ និងទេស​ចរនោះ​បាន​ដែរ ប៉ុន្តែ​វាថែម​ទាំង​រារាំង​អ្នក​ជំនាញ និង​ទេសចរណ៍ថែ​មទៀត​ផង​»។

ជាមួយ​គ្នា​នេះដែរ​លោក បាន​ណែនាំ​ឱ្យអា​ជ្ញាធរ​និង​សមត្ថ​កិច្ច​យក​ចិត្តទុក​ដាក់សម្រេច​គោល​ដៅ អាទិភាព​មួយ​ចំនួន រួ​មមានសង្គ្រោះ​ជនរង​គ្រោះឱ្យបាន​ទាន់​ពេល​វេលា ខិតខំ​ស្រាវ​ជ្រាវ​រក​មេ​ខ្លោង​និង​អ្នក​ពាក់ព័ន្ធ​មកផ្ដ​ន្ទាទោ​សឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​ដោយគ្មាន​ការ​លើក​លែង​។

ត្រួត​ពិនិត្យ ប្រមូល​ភ័ស្តុ​តាង​ដើម្បីបិទ​ទីតាំ​ងប្រព្រឹត្ត​បទ​ល្មើស និង​ទីតាំង​ខុស​ច្បាប់​។

បន្ថែម​ពី​នេះ ត្រូវ​ពន្លាត​ការស្រាវ​ជ្រាវ​បន្ថែម​ទៀត ដើម្បី​រកបទ​ល្មើស​សម្អាត​ប្រាក់ និង​បទ​ល្មើស​ផ្សេងៗ​ទៀត។​

លោក ស​ ខេង បន្តទៀត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែងប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស ក្នុង​នោះ គិត​ចាប់ពីថ្ងៃទី​១៨ ខែ​សីហា ដល់​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២​០២២ ក្រ​សួង​បាន​ទទួលប​ណ្ដឹងស​រុបចំនួន​២៨៩​ករណី ពីសាមី​ជន សាច់​ញាតិ ស្ថាន​ទូត និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួ​ន។

លោក​ឱ្យដឹង​ថា ក្នុង​នោះខេត្ត​ព្រះសីហនុ​មាន​បណ្តឹង​ ២១២ ក​រណី ពោធិ៍សាត់​មាន ៤​ ករណី ស្វាយ​រៀង​មាន ​១៨ ​ករណី ខេត្ត​កោះកុង​មាន​៥ករ​ណី ប៉ៃលិន​មាន ១​ ករណី ឧត្តរមាន​ជ័យមា​ន ​១៤​ ករណី កណ្ដាល​មាន ១៨​ ករណី សៀមរា​បមា​ន ១ ក​រណី រាជ​ធានី​ភ្នំពេ​ញ ១៤​ ករណី និង​ខេត្ត​ប​ន្ទាយ​មា​ន​ជ័យ​មាន​ ២ ក​រណី​។

លោក​ថា៖ «ពាក្យប​ណ្ដឹងទាំ​ងឡា​យនេះ ដំបូង​ឡើយ​យើង​ក៏មិន​ជឿទុកចិត្ត​ទាំង​​ស្រុងនោះ​ដែរ ប៉ុន្តែ​ឆ្លង​កាត់​ការអនុវត្ត​ជាក់​ស្ដែង​បន្ត​បន្ទាប់​គឺប្រមាណ ៩​៥ ភាគ​រយ​ជាកា​រពិ​ត​»។

លោក​បន្ថែម​ថា ក្រុម​ប្រតិបត្តិ​ការ ក៏បាន​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​បាន​ករណី​មួយ​ចំនួ​ន​ដែរ ដោយ​គិត​ចាប់​ពីថ្ងៃទី​ ១០ ខែ​សីហា ដល់​ថ្ងៃទី​ ១០ ខែ​កញ្ញា ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​បាន​ចំនួន​ ៨៥ ​ករណី រក​ឃើញ​មនុស្ស​ ១៧៦ ​នាក់ មាន​ ៨ ​សញ្ជាតិ ក្នុ​ង​នោះ​ខេត្តព្រះ​សហនុ​ច្រើន​ជាង​គេ។ ភាគ​ច្រើន​នៃជន​រង​គ្រោះ​គឺធ្វើការ​នៅ​កន្លែង​អាជីវកម្ម​ល្បែង​ភ្នាល់​អន​ឡាញ​ខុស​ច្បាប់​។

ដើម្បី​ធានា​ឱ្យ​កិច្ច​ប្រតិ​បត្តិការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស ជួយ​ដូរ​កម្លាំង​ពលកម្ម ​និងអា​ជីវ​កម្ម​ផ្លូវ​ភេទ លោក ស ខេង បាន​ណែ​នាំ​ឱ្យ​ប្រកាន់​ជំហរ​ឯក​ភាព​គ្នា ក្នុងការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ គឺដោយ​ត្រូវ​ប្រកាន់​គោល​ការណ៍​នីតិរដ្ឋ មិន​មែន​ដោយ​ផ្អែក​លើល្បែ​ង​ស៊ីសង​ខុសច្បាប់​នោះ​ទេ។

លោក ស ខេង សង្កត់​ធ្ងន់​ថា ទោះបី​មាន​ការ​ប្រឈមខ្លះ​ក៏ដោយ ប៉ុន្តែ​គ្រប់​គ្នា​ត្រូវយ​ល់ឱ្យ​​បានត្រឹម​ត្រូវថា​ អំពើជួញ​ដូរ​មនុស្ស និង​ល្បែង​អនឡាញ​ខុស​ច្បាប់នេះ​ជា​អំពើល្មើ​ស​ច្បាប់ បម្រើផល​ប្រយោជន៍​តែ​បុគ្គល ឬក្រុម​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ពុំមែន​បម្រើ​ផល​ប្រយោជន៍​សាធា​រណៈ ឬផ​លប្រយោជន៍​ប្រជាជន​ទូទៅ​ឡើយ​។

ពាក់ព័ន្ធ​ការ​បង្ក្រាប​ការជួញ​ដូរ​មនុស្ស និង​ទីតាំង​ល្បែង​ខុស​ច្បាប់​នេះ​ដែរ គណៈ​បញ្ជាកា​រ​ឯក​ភាព​រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ បាន​សហការ​ជាមួយ​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ និង​ស្ថាប័ន ជំនាញ​ពាក់​ព័ន្ធ ដោយ​មាន​ការ​សម្រប​សម្រួល​នីតិវិធី​ពីតំណាង​អយ្យការ​អមសា​លាដំបូង​ខេត្ត បាន​ចុះត្រួត​ពិនិត្យ​រដ្ឋបាល​នៅទីតាំង​ចំនួន​ ៣ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ព្រះសី​ហនុ ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹ​ង​ថា ៣ ទីតាំង​នោះរួម​មាន​ ឈ្មោះ ​ហ្កាឡាក់​ស៊ីវើល ស្ថិត​នៅ​ក្នុង​ភូមិ​ ៥ សង្កាត់​លេខ ​៤ ឈ្មោះ ជឹង ឆាយ ៥ ស្ថិត​នៅក្នុ​ងភូមិ ​៣ សង្កាត់​លេខ​ ១ និង​ទីតាំង​ឈ្មោះ ប៉ាវ​យ៉ុង​តិច​ណូឡូជី ស្ថិត​នៅភូមិ ​៤ ​សង្កាត់​លេខ ៤ ក្រុង​ព្រះសី​ហនុ។

ទោះ​យ៉ាង​ណា រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ លើក​ឡើង​ថា ចំពោះ​ព័ត៌មាន​លម្អិត​ រដ្ឋបាល​ខេត្ត​នឹង​ជម្រាប​ជូ​ននៅ​​ពេល​បិទ​បញ្ចប់​កិច្ច​ប្រតិបត្តិ​ការ​នេះ​ជាស្ថាពរ​៕