
អគ្គិភ័យឆាបឆេះផ្ទះ ១ កន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។ រូបថត ប៉ូលិស
ភ្នំពេញៈ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ គ្រោះអគ្គិភ័យបានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៩៦ លើក និងបានបណ្ដាលឱ្យមនុស្សយ៉ាងតិច ១៣ នាក់ស្លាប់ និង ៤៣ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ព្រមទាំងបង្កការខូចខាតផ្ទះសរុប ៦១០ ខ្នង និងតូបលក់ដូរសរុប ៨០ តូប។ នេះបើយោងតាមទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ។
ទិន្នន័យដដែលបានបង្ហាញថា ករណីបង្កឱ្យកើតមានគ្រោះអគ្គិភ័យភាគច្រើនបណ្ដាលមកពីការផ្ទុះឆ្លងខ្សែបណ្ដាញអគ្គិសនីគឺមានរហូត ៤០,៧៥ ភាគរយ ការប្រើប្រាស់ភ្លើងចង្ក្រាន (អុស ធ្យូង និងហ្គាស) ៣៧,១៤ ភាគរយ និង ២២,១១ ភាគរយទៀត កំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតនៅឡើយ។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងចំណោមរាជធានីខេត្តនៅទូទាំងប្រទេស រាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យកើតមានឡើងច្រើនជាងគេ និងមានមនុស្សស្លាប់ និងរងរបួសច្រើនជាងគេបំផុត គួរឱ្យកត់សម្គាល់ បន្ទាប់មកគឺខេត្តកណ្ដាល សៀមរាប និងបាត់ដំបង ខណៈខេត្តកែប ត្រូវបានគេកត់សម្គាល់ថាជាខេត្តគំរូ ដែលពុំមានគ្រោះអគ្គិភ័យកើតឡើងនោះទេ។
លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពស៊ីវីល័យជាងគេ ប៉ុន្តែតាមរយៈទិន្នន័យគ្រោះអគិ្គភ័យក្នុងរយៈពេល ៩ ខែនេះ បានបង្ហាញថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានភាពធ្វេសប្រហែសជាងគេ»។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ម្ចាស់គ្រឹះស្ថាន រោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន និងក្លិបកម្សាន្ត រួមទាំងម្ចាស់ខ្នងផ្ទះនីមួយៗសូមបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាព ដោយត្រួតពិនិត្យ និងផ្លាស់ប្ដូរ ប្រព័ន្ធខ្សែបណ្ដាញអគ្គិសនី និងឧបករណ៍អគ្គិសនីចាស់ៗដែលត្រូវបានបំពាក់នៅកន្លែងធ្វើការ ឬក្នុងគេហដ្ឋានរបស់ខ្លួនចេញ ក្នុងករណីរកឃើញថា មានការដាច់រលាត់ ឬឆេះរលាកដោយសារការប្រើប្រាស់យូរឆ្នាំ ដើម្បីការពារការផ្ទុះឆ្លងចរន្តអគ្គិសនី បង្កជាគ្រោះអគ្គិភ័យ។
លោកបន្ថែមថា៖ «ក្នុងអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌនេះ ការប្រើប្រាស់ភ្លើង មានការកើនឡើងច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវពន្លត់ភ្លើងចង្ក្រានឱ្យអស់ក្រោយពេលដាំស្លធ្វើម្ហូបអាហារ នំចំណីរួច និងត្រូវបិទចរន្តអគ្គិសនី និងពន្លត់ភ្លើងទៀនធូប មុនពេលចាកចេញពីផ្ទះ»៕