
ទឹកជំនន់ជន់លិច និងហូរកាត់ស្ពានតាម៉ុក នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៩ កញ្ញា។ រូបថត សហការី
ឧត្តរមានជ័យ/បន្ទាយមានជ័យៈ អាជ្ញាធរស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ បានសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកជាបណ្ដោះអាសន្ន បន្ទាប់ពីទឹកបានជន់លិច និងហូរកាត់លើស្ពានយ៉ាងគំហុក ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
លោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថានភាពទឹកនៅតំបន់ទំនប់អាងទឹកតាម៉ុក បានជន់ឡើងដល់កម្រិតកម្ពស់ ៣,៩៧ ម៉ែត្រ លើសពីកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១៧ សង់ទីម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នទឹកមានកម្ពស់ ៤,៥០ ម៉ែត្រ។
ទន្ទឹមនឹងនេះ ទឹកបានជន់លិចនិងហូរកាត់ពីលើស្ពានយ៉ាងគំហុក ធ្លាក់ទៅកាន់វាលទំនាបភាគខាងលិចនៃតំបន់ទីប្រជុំជនស្រុកអន្លង់វែង។
លោកថ្លែងថា៖ «ក្នុងស្ថានភាពនេះ ក្រុមការងារយើងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទការធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវនិងស្ពានតាម៉ុកជាបណ្ដោះអាសន្ន ដើម្បីការពារការបាក់ស្រុតផ្លូវនិងស្ពាន និងការពារការគ្រោះថ្នាក់ដល់អ្នកដំណើរ»។
បើតាមលោក កួន អ្នកធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជននៃស្រុកអន្លង់វែង ត្រូវធ្វើដំណើរទៅតាមផ្លូវហាយវេ (Highway) ដោយវាងកាត់តាមផ្លូវលំក្នុងភូមិអូរចិញ្ចៀន ក្នុងចម្ងាយផ្លូវជាង ១ គីឡូម៉ែត្រ។
ជាមួយគ្នានេះ លោក វង្ស ភ័ក្រ មេឃុំអន្លង់វែង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ផ្ទះប្រជាពលរដ្ឋចំនួនជាង ៥០ ខ្នង ក្នុងភូមិចំនួន ៣ រួមមានភូមិអូរចិញ្ចៀន ភូមិអូរតាម៉ែង និងភូមិរំចេកខាងលិច កំពុងរងការជន់លិចក្នុងជម្រៅពីស្មងជើង ដល់ត្រឹមចង្កេះ ដោយជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីទំនប់អាងទឹកតាម៉ុក។
លោកថ្លែងថា៖ «ទោះយ៉ាងណា មកទល់ពេលនេះ មិនទាន់មានអ្នកភូមិណាម្នាក់ ស្នើសុំជួយអន្តរាគមន៍ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ»។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀង បានបង្កការជន់លិចលំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្រុងសិរីសោភ័ណ្ឌ និង ស្រុកមង្គលបុរី។
ក្នុងនោះប្រជាពលរដ្ឋចំនួន ៤០ គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។
ទោះយ៉ាងណា អាជ្ញាធរខេត្តបានអះអាងថា ការជន់លិចនាពេលនេះ នៅពុំទាន់ធ្ងន់ធ្ងរដូចកាលពីឆ្នាំមុននៅឡើយទេ។
លោក ឈុន ប៊ុនថា ប្រធានការិយាល័យអន្តរវិស័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ថ្វីដ្បិតតែនៅពេលនេះ មានប្រជាពលរដ្ឋ ៤០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែស្ថានភាពនៃការជន់លិចនៅក្នុងឆ្នាំនេះ គឺមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំមុននោះទេ»។
ចំណែកលោក ឡាយ ពុទ្ធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថានភាពទឹកស្ទឹងមង្គលបុរី និងស្ទឹងសេរីសោភ័ណ្ឌ បានបន្តហក់ឡើងជាបន្តបន្ទាប់ ដោយសន្សឹមៗ មិនបង្កជាហានិភ័យដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងនោះទេ ប៉ុន្តែបានបង្កឱ្យមានផលប៉ះពាល់និងខូចខាតកំណាត់ផ្លូវមួយចំនួន ដោយអន្លើ។
លោកបានបន្តថា៖ «ដោយឡែកទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានចាប់ផ្ដើមជន់ឡើងបន្តិចវិញ ដោយសារមានភ្លៀងធ្លាក់នៅផ្នែកខាងលើ កាលពីយប់ថ្ងៃទី ១៩ ខែកញ្ញា ហើយនៅរសៀលថ្ងៃទី ២០ ខែកញ្ញា ភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតមធ្យម»។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ តំបន់ជួរភ្នំ និង ខ្ពង់រាប ព្រមទាំងតំបន់ទំនាបជាប់ផ្លូវទឹក ជាពិសេសតំបន់ទំនាបជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបង អាចនឹងប្រឈមគ្រោះជំនន់ទឹកភ្លៀង។
ការព្យាករណ៍នេះបានធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីជំនាញឧតុនិយម បានពិនិត្យឃើញថា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម និងអូសបន្លាយមកកៀកលើតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតី កំពុងបង្កើនឥទ្ធិពល ដោយបក់ក្នុងល្បឿនពីខ្សោយទៅខ្លាំង។
ទន្ទឹមជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានជំរុញឱ្យកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយត្រៀមខ្លួន ដើម្បីជួយជម្លៀសពលរដ្ឋពីតំបន់រងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានសភាពការណ៍នេះ និងត្រូវរាយការណ៍ ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ ក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាពរបស់ខ្លួន ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលទឹកកំពុងហូរកាត់ត្រូវប្រុងប្រយ័ត្ន និងបន្តតាមដានរាល់ព័ត៌មានរបស់ក្រសួង ធនធានទឹកនិងឧតុនិយម ឱ្យបានជាប់ជាប្រចាំ និងបង្កើនការយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពនៃសមាជិកគ្រួសារ ពីហានិភ័យនៃគ្រោះទឹកជំនន់៕