ភ្នំពេញៈ រាជរដ្ឋាភិបាល ​ប្រកាស​តួលេខ​ ២០០ ដុល្លារ ​ជាប្រាក់​ឈ្នួល​អប្បបរមា ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ​ផលិត​ស្បែកជើង ​និង​ផលិត​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២៣​ ដោយ​បន្ថែម​ចំនួន​ ២ ដុល្លារ ​ពីលើ​តួលេខ ​១៩៨​ ដុល្លារ​ ដែលជា​តួលេខ​ឈ្នះ​ក្នុង​ការបោះឆ្នោត​ដោយ​សំឡេង​ច្រើន​លើស​លប់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា។

នៅថ្ងៃ​ទី ២១ ​ខែកញ្ញា​ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានសម្រេច​បោះឆ្នោត​លើ​តួលេខ​ចំនួន​ ៤ ​បន្ទាប់ពី​ការចរចា​ របស់​សមាជិក​ទាំង៣ ​មិនមាន​ចំណុច​រួម។ ការបោះ​ឆ្នោត​នេះ ​ទទួលបាន​លទ្ធផល​លើ​តួលេខ ​១៩៨ ​មាន​សំឡេង​គាំទ្រ​ ៤៦ សំឡេង ​និង​តួលេខ​ ២១៣​ មាន​សំឡេង​គាំទ្រ ​៥ សំឡេង ​ឯ​តួ​លេខ​ ២១០ ​និង​តួលេខ ​២០៦ ​មាន​សំឡេង​គាំទ្រ​ ០ ​សំឡេង។

លោក​ ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ​បានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹកនេះ​ថា​៖ «ប្រាក់​ឈ្នួល​សម្រេច​ហើយ ​២០០ ដុល្លារ ​សម្រាប់​ ២០២៣។ អង្គប្រជុំ ​សម្រេច​ ១៩៨ បូក ​សម្តេច​[នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន]​ បន្ថែម​ ២ ដុល្លារ​ ដូច្នេះ ​សរុប​ ២០០ ដុល្លារ»។

កាលពី​ឆ្នាំ​ ២០២១​ ក្រោយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួលអប្បបរមា​សម្រេច​ស្នើ​តួលេខ ​១៩២​ ដុល្លារ ​យក​មក​អនុវត្ត​ក្នុង​ឆ្នាំ ២០២២ ​លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រកាស​បន្ថែម​ទឹកប្រាក់ ​២ ដុល្លារ​ទៀត ​ពី​លើ​ការស្នើ​នេះ ​នាំឱ្យ​ប្រាក់​ឈ្នួល​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២២ ​ឡើង​ដល់​ ១៩៤​ ដុល្លារ ​ក្នុង​ ១ ខែ។

វីដេអូ៖