ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​ចាប់ផ្តើម​ចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ ​២០២១​ ចំនួន​ជាង​ ៩ ​លាន​នាក់​រយៈពេល​ ១ ​ខែ​ឱ្យទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២២ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២២ ដើម្បី​មាន​ឈ្មោះ​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ នៅ​ឆ្នាំ​ ២០២៣​។

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ និង​ដើម្បី​ផ្តល់ព័ត៌មាន​បន្ថែម​ដល់​ពួកគាត់​អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត គ.ជ.ប ​បាន​បោះពុម្ព​លិខិត​អញ្ជើញ​ដែលមាន​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ហើយ​ទិន្នន័យ​នោះ គឺ​ទាញ​ចេញពី​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០២១​។

លោក​បន្តថា គោលដៅ​នៃ​ការចែក​លិខិត​អញ្ជើញ​គឺ​ដើម្បី​ជម្រាបជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១​ ហើយ​​ដែល​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ចាស់​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​កន្លងមក​ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​មក​ធ្វើ​បច្ចុបុ្បន្នភាព​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​តាម​អត្តសញ្ញាណប័ណ្ណ ដែលមាន​សុពលភាព​​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២​។

បើតាម​លោក ប្រាជ្ញ ចន្ទ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ ហើយ​ដែល​បាន​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​កន្លងមក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​។ ​ប្រសិនបើ​ពិនិត្យឃើញ​​ថា មានការ​កត់ត្រា​មិនបាន​ត្រឹមត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​អាច​ស្នើសុំ​កែតម្រូវ​ក្នុង​អំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​គ.ជ.ប ​តាមរយៈ​​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ.ខប​) ​នឹងត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ពិសេស​អាជ្ញាធរ​ឃុំ​សង្កាត់​ និង​មេភូមិ​ក្នុង​ការចុះ​ចែក​លិខិត​អញ្ជើញ​នេះ​ដល់​អ្នកបោះឆ្នោត​ដោយ​ផ្ទាល់​នៅតាម​ភូមិ​ក្នុង​ឃុំ​សង្កាត់​។ ​កាលបរិច្ឆេទ​នៃ​ការចែក​លិខិត​អញ្ជើញ​គឺ​ចាប់ពី​ថ្ងៃទី​ ២០ ខែកញ្ញា រហូត​ដល់​ថ្ងៃទី​ ១៩ ខែ​តុលា ឆ្នាំ​ ២០២២»​។

លោក ទេព នីថា អគ្គលេខាធិការ​​ គ.ជ.ប បានឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃទី​ ១ ​នៃ​ការចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​នេះ គ.ជ.ប បាន​ទទួល​របាយការណ៍​ពី​បណ្តា​រាជធានី​ខេត្ត​ចំនួន​ ២៤​ លើកលែង​តែ​ខេត្តក្រចេះ ចាប់ផ្តើម​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ឃុំ លើកលែង​តែ​ឃុំ​ខ្លះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ​ហើយ ពីព្រោះ​ការចែក​នេះ​មាន​កម្មវិធី​ទៅតាម​ឃុំ​សង្កាត់​ដែល​ខេត្ត​រៀបចំ​»​។

បើតាម​លោក​ ទេព នីថា ដំណើរការ​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ដែលមាន​ជាង​ ៩ ​លាន​នាក់ គឺមាន​រយៈពេល​ ១ ​ខែ ប៉ុន្តែ​បើ​ចែក​មិន​ដល់​ដៃ​ប្រជាពលរដ្ឋ​ទេ លិខិត​អញ្ជើញ​នេះ​នឹង​រក្សាទុក​នៅក្នុង​ឃុំ​សង្កាត់ ដែល​ប្រជាពលរដ្ឋ​រស់នៅ ហើយ​អាច​ទៅ​ទទួល​យក​បាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា បាន​ចេញ​លិខិត​ឱ្យ​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដា្ឋន​រាជធានី​ត្រូវ​ណែនាំ​ និង​ចាត់ចែង​ធ្វើយ៉ាងណា​ឱ្យ​សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដែល​មាន​សុពលភាព ហើយ​បើ​ពុំទាន់​មាន​ ឬ​ផុត សុពលភាព ឬ​បាត់​ ឬ​ខូច ត្រូវ​ជួយ​គាត់​ក្នុង​ការផ្លាស់ប្ដូរ​ថ្មី​ឱ្យទាន់​ពេលវេលា​។

លោក​បាន​បន្តថា ក្នុង​ករណី​ពុំ​ទទួល​បាន​ទាន់​ក្នុង​អំឡុងពេល​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ជួយ​សម្រួល​ការធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ (​ឯ.អ​) ​បម្រើ​ឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​ជូន​ពួកគាត់​។ ទន្ទឹមនេះ ត្រូវ​ខិតខំ​ជំរុញ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ដែល​ធ្លាប់បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ​ឱ្យ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ករណី​មាន​ទិន្នន័យ​ណា​​មួយ​ខុសត្រូវ​ស្នើសុំ​កែតម្រូវ​ទៅ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​ចំពោះ​អ្នក​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ឬ​អ្នក​ទើប​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ (​កើតមុន​ ឬ​កើត​ត្រឹម​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ ២០០៥)​ និង​អ្នក​ផ្លាស់​លំនៅឋាន​ ឬ​ទី​សំណាក់​ចូល​ថ្មី​​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​ឱ្យបាន​គ្រប់​គ្នា​តាម​ពេលវេលា​កំណត់​»​។

យោងតាម​ប្រតិទិន​របស់ គ.ជ.ប បញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​២០ ​ខែតុលា ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ហើយ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ សង្កាត់ គឺ​មាន​រយៈពេល​ ៥០​ ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២០ ខែតុលា រហូត​ដល់​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២ ​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​​នីតិកាល​ទី​ ៧ នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​ឆ្នាំ​ ២០២៣៕