ភ្នំពេញៈ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ភាពជា​ដៃគូ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) បាន​សហការ​ជាមួយ​ដេប៉ាតឺម៉ង់​ភូមិវិទ្យា និង​រៀបចំ​ដែនដី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន​រយៈពេល​ ៣ ​ថ្ងៃ ស្តីពី GIS និង RS សម្រាប់​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដល់​មន្ត្រី​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត​។

តាម​ការផ្សព្វផ្សាយ​របស់ NCDM នៅ​ថ្ងៃទី ​២០ កញ្ញា បញ្ជាក់​ថា វគ្គបណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ សាន់វ៉េ ដោយ​មាន​មន្ត្រី​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ ៨ ​ចូលរួម​ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កែប និង​មណ្ឌលគិរី ។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ​៣ ​ថ្ងៃ ​(២០ ​ដល់​ ២២ ​កញ្ញា) ដែល​មាន​គោលបំណង ដើម្បី​ផ្តល់​ដល់​សិក្ខាកាម​នូវ​មូលដ្ឋានគ្រឹះ​ផែនទីវិទ្យា​ផ្នែក​ការអាន និង​បកស្រាយ​ព័ត៌មាន​នៅលើ​ផែនទី ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​តាមដាន​សភាពការណ៍ (PRISM) ក៏ដូចជា​ការផលិត​ផែនទី​សាមញ្ញ​ផងដែរ​។ មួយវិញ​ទៀត គឺ​ដើម្បី​ណែនាំ​សិក្ខាកាម​នូវ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ផ្នែក GIS និង RS ​រួមទាំង​គោល​គំនិត​ជា​មូលដ្ឋាន ​និង​ប្រភេទ​ និង​ប្រភព​ទិន្នន័យ​ភូមិសាស្ត្រ​ដែល​បាន​អនុវត្ត​សម្រាប់​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​។ លើសពីនេះ​គឺ​ដើម្បី​ឱ្យ​​សិក្ខាកាម​បាន​ស្គាល់​ពី​កម្មវិធី QGIS និង​ផ្តល់​ការអនុវត្ត​ផ្ទាល់​ពី​ការប្រើប្រាស់​សំណុំ​ទិន្នន័យ​ភូមិសាស្ត្រ និង​ផលិត​ផែនទី​។

អ្នកនាំពាក្យ NCDM លោក សុទ្ធ គឹមកុលមុន្នី ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ កញ្ញា ថា វគ្គបណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ទៅលើ​បច្ចេកវិទ្យា​ប្រព័ន្ធ​ព័ត៌មានវិទ្យា ព័ត៌មាន​ភូមិសាស្ត្រ ដែល​កាលពី​កន្លងមក NCDM ប្រើប្រាស់ GIS ដើម្បី​ផលិត​នូវ​ផែនទី​ ១ ​ដែល​កំណត់​តំបន់​ដែល​មាន​ហានិភ័យ និង​មុខសញ្ញា​ដែល​ងាយ​រងគ្រោះ​ដូចជា​ភាពរាំងស្ងួត ទឹកជំនន់ និង​បញ្ហា​ផ្សេងទៀត​ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ មួយវិញ​ទៀត ពាក់ព័ន្ធ​ប្រព័ន្ធ RS ជា​ប្រព័ន្ធ​ទទួល​ព័ត៌មាន​ពី​ចម្ងាយ​ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ​ដែល​កើតឡើង​ពី​តំបន់​រងគ្រោះ​ផ្សេងទៀត​ចូល​ទៅក្នុង​ប្រព័ន្ធ​នេះ​។

ការងារ​នេះ NCDM បាន​បណ្តុះបណ្តាល​ដល់​ក្រសួង​ស្ថាប័ន​នានា​នៅ​ថ្នាក់ជាតិ ២ ​លើក​មកហើយ​។ នៅពេល​នេះ គឺ​បណ្តុះ​បណ្តាល​នូវ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ផ្នែក GIS និង RS ទៅកាន់​មន្ត្រី​គណៈកម្មការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ​គោលដៅ​ផ្សេងទៀត​។

លោក​បន្តថា​៖ «​ជា​បន្តទៀត អាច​នឹង​មាន​ខេត្ត​គោលដៅ​ផ្សេងទៀត​។ អ៊ីចឹង​វគ្គ​បណ្តុះបណ្តាល​ដំបូង​នេះ​មាន ៨ ខេត្ត​ចូលរួម​»​។ វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ពង្រឹង​ស្ថាប័ន និង​បច្ចេកវិទ្យា ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​៕