​ភ្នំពេញៈ​នៅ​កម្ពុជា​អ្នក​ដែល​បាន​ដឹង​ពី​ស្ថាន​ភាព​ផ្ទុក​មេរោគ​អេដស៍​របស់​ខ្លួន​ទើប​សម្រេច​បាន​ចំនួន ​៨៤​ ភាគ​រយ​ក្នុង​ចំណោម​អ្នក​ ដែល​បាន​ធ្វើ​រោគវិ​និច្ឆ័យ​ និង​ទទួល​ការ​ព្យា​បាល ​៩៩ ​ភាគ​រយ​ និង​ ៩៧​ ភាគ​រយ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​ទទួល​ការ​ព្យា​បាល ​ខណៈ​រាជរដ្ឋា​ភិ​បាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ ​៩៥-៩៥-៩៥ ​។

​លោក​ អៀង ​មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានថ្លែង​នៅក្នុង​សិក្ខា​សាលា​ជាន់ខ្ពស់​ឆ្លុះបញ្ចាំង​អំពី​ការឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​បែប​ពហុ​វិស័យ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​ ២០​ ខែកញ្ញា​ថា នេះ​មាន​ន័យ​ថា ការ​រាល​ដាល​មេរោគ​អេដស៍​បាន​និង​កំពុង​បន្ត​ពី​ចំណោម​ប្រជាជន​ចំនួន​ ១១​ ០០០ ​នាក់ (​ក្នុង​នោះ​មាន​ប្រជា​ជន​គន្លឹះ ​និង​ដៃគូ​របស់គា​ត់​) ដែល​មិន​ទាន់​បាន​ធ្វើតេស្ត​ និង​ព្យា​បាល​នៅ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខ​ភាព​។​

​លោក​បន្ត​ថា​សិក្ខា​សាលា​នៅពេល​នេះផ្តោត​លើ​ការ​ពង្រឹង​យន្ត​ការ​សម្រប​សម្រួល​ស​ម្រា​ប់​អនុវត្ត​អាទិ​ភាព​សំខាន់ៗ​នៃអនុ​សាសន៍​ការ​ត្រួត​ពិនិត្យ​ពាក់​កណ្តាល​អាណត្តិ​ពី​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​លើក​ទី​ ៥ សម្រាប់​ការឆ្លើយ​តប​ទូលំ​ទូលាយ​ និង​ពហុ​វិស័យ​ចំពោះ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ​(NSPV MTR)​​។

​លោក​ថ្លែងថា​៖ «​ទាំង​នេះ​គឺ​បាន​ន័យថាយើង​រំពឹង​ស្វែង​យល់​ពី​សិក្ខា​សាលា និង​រកឱ្យ​ឃើញ​នូវ​របៀប​ពង្រឹង​ប្រព័ន្ធ​ប្រទេស​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​អេដស៍និ​ង​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ប្រសិទ្ធ​ផល​ និង​និរន្តរ​ភាពតាម​រយៈ​យន្តការ​ដែល​មាន​អាយុ ​៣១ ​ឆ្នាំ​ហើយ »​។

​បើតាម លោក អៀង មូលី រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្តេ​ជ្ញាចិត្ត​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ ​៩៥-​៩៥-៩៥ និង​ធានា​ថា ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​មាន​ចំនួន​តិច​ជាង​ ៣០០ ករណី​ក្នុង​ ១​ ឆ្នាំៗ​នៅ​ឆ្នាំ​ ២០២៥​។ ការ​ឆ្លើយ​តប​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការ​រាល​ដាល​នៃ​មេ​រោគ​អេដស៍​ត្រូវ​បាន​ចាត់ទុ​កថា ជា​រឿង​ជោគ​ជ័យ​មួយ​នៅក្នុង​តំបន់ ​និង​ក្នុង​ពិភព​លោក​។​

​លោក ​ជួប​ សុខ​ចំរើន នាយក​ប្រតិ​បត្តិ​អង្គការ KHANA ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២១ ​ខែកញ្ញា​ថា ជា​ទិស​ដៅ​របស់​កម្ពុជា​នៅ​ឆ្នាំ ២០២៥​ គឺ​ប្រាថ្នា​សម្រេច​ឱ្យបាន​ឱ្យបាន​ចំនួន ​៩៥ ​ភាគ​រយ​ទាំង​ ៣​ ទិស​ដៅ​ពោលគឺ​ទី​ ១- ក្នុង​ចំណោម​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ ៩៥​ ភាគ​រយ​បាន​ដឹង​ពី​ស្ថាន​ភាព​របស់​ខ្លួន​ទី ២-​ ចំនួន​ ៩៥​ ភាគ​រយ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ទទួល​ការព្យា​បាល​ និង​ទី ៣-​ មាន​ចំនួន ​៩៥​ ភាគ​រយ​មាន​មេ​រោគ​អេ​ដស៍​ទាប​បំផុត​ ។​

​លោក​បន្ត​ថា ​ទោះជា​យ៉ាង​ណា មក​ទល់​ឆ្នាំ ២០២២ ​នេះ ​គោល​ដៅ​ទី ១- ចំនួន​ ៩៥ ភាគ​រយនៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា ​អ្នក​ដឹង​ខ្លួន​សម្រេច​បាន​តែ​ ៨៤​ ភាគ​រយ​ទេ។ដោយ​ឡែក​គោលដៅ​ទី ២ ​និង​គោល​ដៅ​ទី ៣ ​កម្ពុជា​បាន​សម្រេច​ជា​ស្ថា​ពរ ។ ប៉ុន្តែ​សម្រាប់​គោល​ដៅ​ទី ១ នៅតែ​ជា​ឧបសគ្គ ដោយ​សារ​តែ​ខ្វះខាត​ធន​ធាន និង​សហ​ការ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ពហុ​វិស័យ ។​

​លោក​ថ្លែង​ថា​៖ «យើង​សម្រេច​បាន​ ៨៤ ​ភាគ​រយ​នៃ​គោល​ដៅ​នេះគឺ​ ដោយ​សារ​ការដឹកនាំ​រប​ស់​រដ្ឋាភិ​បាល​ដែល​បាន​ជំរុញ​ឱ្យ​កម្ពុ​ជាមាន​ភាព​ជោគ​ជ័យ​នៅក្នុង​ការឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស។ មួយ​ទៀតគឺ​ការធ្វើ​ពហុ​វិស័យ​មាន​ន័យថា គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បាន​ចូលរួម​ឆ្លើយ​តប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​តាំងពី​ចាប់​ផ្តើម »​។

​បើ​តាម​ឯកសារ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ UNAIDS - Factsheet 2022 - Cambodia HIV Statistic នៅ​កម្ពុ​ជាមាន​អ្នក​រស់​នៅ​ដោយ​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន​ ៧៤ ​០០០​ នាក់​ក្នុង​ឆ្នាំ​ ២០២១ ហើយ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​គឺ មាន​ចំនួន ១១០០ ​នាក់​ក្នុង​ឆ្នាំ ​២០២១ ​ហើយ​គិត​ត្រឹម​ឆ្នាំ ​២០២១ អ្នក​​ផ្ទុក​មេរោគ​អេដស៍​ ដែល​កំពុង​ទទួល​បានការ​ព្យា​បាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​គឺ​មាន​ចំនួន ៦២ ៥៦១​ នាក់​។​

​ជា​រៀង​រាល់​ថ្ងៃ​មាន​មនុស្ស​ចំនួន​ ៣​ នាក់​បាន​ឆ្លង​មេរោគ​អេដស៍​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី ១ ១០០​ នាក់ក្នុង​ឆ្នាំ​ ២០២១ ​គឺបុរស​ និង​ក្មេងប្រុស​មាន​រហូត​ដល់ ​៧១ ​ភាគ​រយ ហើយ​អ្ន​កឆ្លង​ច្រើន​ជាង​គេមាន​អាយុ​ចន្លោះ​ពី ​១៥ ​ទៅ ២៤ ឆ្នាំ ដែល​មាន​ប្រមាណ​ ៤២ ​ភាគ​រយ ​។​

​ទិន្នន័យ​នៃ​ការ​ជំរឿន​សុខ​ភាព ​និង​ប្រជា​សាស្ត្រ (DHS) 2021-2022 បាន​បង្ហាញ​ថា មានតែ​ក្រុម​យុវវ័យ ​អាយុ​ ១៥​ ទៅ ២៤ ឆ្នាំ ប្រមាណ​ ២៣ ​ភាគរ​យ ប៉ុណ្ណោះ​ដែល​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​អំពី​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ដែល​តួលេខ​នេះមាន​ការ​ធ្លាក់​ចុះ​ពី ​៣៨ ​ភាគ​រយ​ក្នុង​ឆ្នាំ ​២០១៤ ​និង ធ្លាក់​ចុះ ពី​ ៤៤ ​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១០​។​

​នៅត្រឹម​ឆ្នាំ ​២០២៥​ កម្ពុជា​ប្រាថ្នា​ចង់​ឃើញ​ការ​ឆ្លង​ថ្មីស្ថិត​ក្នុង​ចំនួន​ ឬ​តិច​ជាង​ ២៥០ ​ករណី​ក្នុង​ ១ ឆ្នាំ​។ ដូច្នេះ​ការខិតខំ​ពី​ពេល​នេះ ដល់​ឆ្នាំ ​២០២៥ ​នៅ​តិច​ណាស់​ហើយ​គប្បី​ត្រូវ​បន្ថែម​ល្បឿន​ ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យមាន​ការយល់​ដឹង​កាន់តែ​ទូលំ​ទូលាយ​អំពី​ការ​ឆ្លង​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ពី​ ១៥ ​ដល់ ​២៤ ​ឆ្នាំ​៕