
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ចុះទៅពិនិត្យស្ថានភាពបឹងតាមោក។ រូបថត GDP
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានព្យាករថា វាសនាបឹងតាមោកមិនខុសពីបឹងកក់ឡើយ ព្រោះសកម្មភាពចាក់ដីលុបបឹងសម្រេចបានជាងពាក់កណ្ដាលហើយលើទំហំសរុប ៣ ៣០០ ហិកតា។ ការសន្និដ្ឋាននេះធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី ១៩ ខែកញ្ញាចុះទៅពិនិត្យស្ថានភាពបឹងតាមោក ដែលជាបឹងធម្មជាតិធំចុងក្រោយ នៅទីក្រុងភ្នំពេញ។
បន្ទាប់មកថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដឹកនាំដោយលោក យ៉េង វីរៈ រួមដំណើរដោយលោក យ៉ង សាំងកុមារ និងលោក សាម អ៊ីន, លោក សាម ស៊ុនឌឿន ជាដើម ក៏បន្តទៅជួបប្រជាពលរដ្ឋដែលរស់នៅជាប់បឹង ដែលស្ថិតនៅភូមិធំ សង្កាត់ពញាពន់ និងសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង។
មេៗគណបក្សក្រៅរដ្ឋាភិបាលនេះមើលឃើញថា សកម្មភាពចាក់ដីលុបបឹងកំពុងគំរាមកំហែងមកលើសិទ្ធិរស់នៅ និងកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋរស់នៅទីនោះ ជាពិសេសសហគមន៍សំរោងត្បូងមាន ២៥០ គ្រួសារ ដែលកំពុងប្រឈមខ្លាំងក្នុងការបណ្តេញចេញពីទីតាំងរស់នៅដែលធ្លាប់រស់នៅ និងប្រកបរបររកស៊ីជាមួយបឹងតាមោកជាង ២០ ឆ្នាំមកហើយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានចាត់ទុកថា នេះជារឿងអយុត្តិធម៌សង្គមដ៏ធំមួយ ដែលគេមានគម្រោងបណ្តេញប្រជាពលរដ្ឋដែលធ្លាប់រស់នៅទីនោះជាយូរមកហើយ ចេញពីទីនោះជាមួយសំណងតិចតួច ខុសឆ្ងាយពីតម្លៃដីជាក់ស្តែង រួចហើយលុបបឹងយកដីនោះប្រគល់ទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជនទៅវិញ។
នៅចំពោះមុខទង្វើនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្ហាញពីជំហរ ប្រឆាំងនឹងគោលនយោបាយគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ បែបលុបបឹង កាប់ព្រៃ រួចហើយយកដីឱ្យទៅអ្នកមានដោយបំពានអ្នកក្រក្រោមពាក្យស្លោកថា (កុំឱ្យអ្នកមាន បំពានអ្នកក្រ)។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការទំនាក់ទំនង ដើម្បីឆ្លើយតបនឹងកង្វល់របស់គណបក្សប្រជាធិតេយ្យមូលដ្ឋានបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលើកឡើងថា រដ្ឋាភិបាលបានសម្រេចក្នុងការអភិវឌ្ឍជម្រើសចាំបាច់ សម្រាប់ប្រយោជន៍សាធារណៈ ដោយបានសិក្សាលើផលប៉ះពាល់ផ្នែកបរិស្ថាន និងរៀបចំប្រព័ន្ធរំដោះទឹករួចរាល់ហើយ។ លោកថា «កង្វល់គឺជារឿងរបស់អ្នកកង្វល់ ដែលមិនទាន់យល់ច្បាស់ពីមធ្យោបាយនៃការអភិវឌ្ឍនៅនឹងកន្លែង យើងបានគិតគូររួចស្រេចកន្លែងបញ្ចៀសទឹកស្អុយ និងការជម្លៀសទឹកពេលមេឃភ្លៀង»។
អ្នកនាំពាក្យរូបនេះបានទាញការចាប់អារម្មណ៍ថា ជាក់ស្ដែងបឹងកក់បច្ចុប្បន្នប្រែពីតំបន់ទឹកស្អុយមកជាការអភិវឌ្ឍមួយប្រកបដោយសោភណភាព។ លោកថា«យើងឃើញការអភិវឌ្ឍនៅផ្នែកខាងលិចឆៀងខាងជើង ខាងលិចឆៀងខាងត្បូងរបស់រាជធានីភ្នំពេញដូចដុះកំពីងថ្មី ហើយពីដើមឡើយឱ្យតែដល់ខែភ្លៀងយើងឃើញមានទឹកប្រៀបដូចជានៅបឹងឃ្មួញ តែឥឡូវបឹងឃ្មួញក្លាយជាផ្ទៃដីរស់នៅរបស់មនុស្សហើយយើងបញ្ចៀសទឹកហូរទៅទន្លេសាប និងទន្លេបាសាក់វិញ ដូច្នេះតាមរយៈការប្រែពីផ្ទៃទឹកមកជាដីគោកក៏លេចចេញផ្សារទំនើបអ៊ីអន ២ បានក្លាយជាសេចក្ដីត្រូវការរបស់ពលរដ្ឋខ្មែរ ហើយបានក្លាយជាការអភិវឌ្ឍមួយដែលមានផលចំណេញជាងផលខាត»។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការអភិវឌ្ឍបឹងប្រែក្លាយពីដីទឹកមកជាដីគោកក៏ដោយសារតែកំណើនមនុស្សចូលមករស់នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនច្រើនជាង ២ លាននាក់ខុសពីមុនមនុស្សក្នុងរាជធានីភ្នំពេញមានតែជាងកន្លះលាននាក់។ លោកបន្ថែម«យើងទុកឱ្យទឹកនៅឬមនុស្សនៅ ព្រោះកាលពីដើមបឹងអស់ហ្នឹងឆ្លើយតបនឹងចំនួនមនុស្សតែកន្លះលាននាក់ទេ ដូច្នេះការអភិវឌ្ឍរបស់យើងឆ្លើយតបនឹងតម្រូវការរបស់មនុស្ស»។
គួរជម្រាបជូនថា បឹងតាមោកឬបឹងកប់ស្រូវមានផ្ទៃសរុបចំនួន ៣២៣៩,៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចន្លោះពីមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ ទៅដល់ផ្លូវចូលភ្នំប្រសិទ្ធិ៍។ ឆ្នាំ ២០១៦ រដ្ឋាភិបាលកំណត់ផ្ទៃបឹង ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។
ក្រោយមកទៀតនិងជាបន្តបន្ទាប់រដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃបឹងតាមោក សម្រាប់សាងសង់ផ្សារបន្លែ ជាសួនច្បារ និងកន្លែងធ្វើការរបស់ស្ថាប័នរដ្ឋ ជាដើម។ ២០១៨ រដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃបឹងតាមោក ចំនួន ២០ ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។ ២០២០ រដ្ឋាភិបាលក៏បានសម្រេចកាត់ដីនៅបឹងតាមោកទំហំ ៨៣ ហិកតាឱ្យសាលារាជធានីភ្នំពញ ដើម្បីអភិវឌ្ឍ ជាសួនច្បារ និងឧទ្យានធម្មជាតិសាធារណៈ។ ក្នុងសេចក្តីសម្រេចនោះ ក៏មានរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា សំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ផងដែរ។
ឆ្នាំ ២០២០ ដដែលរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោក ចំនួន ៣០ ហិកតា ដោះដូរដីគោក នៅទីតាំងផ្សេងៗគ្នាជាមួយដីបឹង ៣០០ ហិកតាបន្ថែមទៀត ជូនក្រសួងការពារជាតិ ១៥ ហិកតាស្ថិតនៅខណ្ឌព្រែកព្នៅ ដើម្បីប្រើប្រាស់រៀបចំកសាងការិយាល័យស្ថាប័នរបស់រដ្ឋចំនួន ៣ គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ នេះគេនៅមិនទាន់រាប់បញ្ចូលការផ្ដល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនឯកជននៅឡើយទេ៕
វីដេអូ៖