ភ្នំពេញៈការ​អនុវត្ត​នូវ​សម​ភាព​យេន​ឌ័រ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ភាព​រីក​ចម្រើន​ច្រើន​ដោយ​សារ​រាជរដ្ឋាភិ​បាល​ បាន​ផ្តល់​នូវ​ឱកាស​ដល់​ស្ត្រី ​ដែល​ជា​ធនធាន​មួយ​ដ៏​សំខាន់​ក្នុង​សង្គម​ដែល​ជំរុញ​ឱ្យ​ស្ត្រី ​អាច​ចូល​រួម​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋ​កិច្ច​ផង​ដែរ​។​

​នេះ​ជា​ការ​ថ្លែង​ឡើង​របស់​លោក​ស្រី អ៊ឹង កន្ថា​ផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ក្នុង​សន្និសីទ​សារព័ត៌​មាន​ពី «​សមិទ្ធ​ផល​សម្រេច​បាន​រយៈ​ពេល​ ៥​ ឆ្នាំ​ កន្លង​មករបស់​ក្រសួង​កិច្ចការ​នារី​» នៅព្រឹកថ្ងៃទី​២១ ​ខែកញ្ញា​​។​

​លោកស្រី​បានថ្លែង​ថា យុទ្ធសាស្ត្រ​សមភាព​យេនឌ័រ មិនមែន​ពឹងផ្អែក​តែ​ទៅលើ​ប្រពៃណី និង​ទម្លាប់​ដែល​ស​ង្គ​មួយ​ធ្លាប់ធ្វើ ធ្លាប់​ឃើញ​នោះទេ​។ គ្រប់គ្នា​ដឹង​ហើយ​ថា យុទ្ធសាស្ត្រ​នេះ​វិ​វត្ត​ទៅតាម​សង្គម ពេលណា​សង្គម​វិ​វត្ត​ទៅមុខ យុទ្ធសាស្ត្រ​ក៏​វិ​វត្ត​ដូច​សង្គម​នោះដែរ ដើម្បីឱ្យ​ស៊ីចង្វាក់​ជាមួយនឹង​សង្គម​ ​។​

​លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា៖ «​យុទ្ធសាស្ត្រ​សមភាព​យេនឌ័រ​នេះ គឺ​ចង់​ប្រែក្លាយ​អ្វីដែល​គេ​ប្រៀបធៀប​ស្ត្រី​ជា​ក្រណាត់ស ដែល​វា​មាន​ភាព​ងាយ​រងគ្រោះ​ណាស់​គឺ​នៅពេលណា​ដែល​ក្រណាត់ស​ធ្លាក់​ក្នុង​ភក់ នោះ​វា​ត្រូវ​ប្រឡាក់​រហូត​ ១ ជីវិត​។ អ៊ីចឹ​ង​! យើង​មិន​ចង់ឱ្យ​ស្ត្រី​យើង​នៅតែ​គេ​យកទៅ​ធ្វើការ​ប្រៀបធៀប​ ជា​ក្រណាត់ស​ទៀត​ទេ គឺ​ត្រូវតែ​ប្រៀបធៀប​ទៅជា​ធនធាន​មានតម្លៃ​វិញ គឺជា​នារីរតនៈ​» ​។​

​រដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រសួង​បានដាក់​បញ្ចូល​បញ្ជ្រាប​យេនឌ័រ​ចូលទៅក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គោលនយោបាយ​តាម​វិស័យ និង​គោលនយោបាយ​ថ្នាក់ក្រោម​ជាតិ​។​

​យោងតាម​របាយការណ៍​សមិទ្ធផល​ការងារ​របស់​ក្រសួង​កិច្ចការងារ​នារី​ឆ្នាំ ​២០១៩-២០២២ ​និង​ទិសដៅ​បន្ត បានឱ្យដឹងថាស្ត្រី​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការ​ធ្វើឱ្យ​សមាមាត្រ​នៃ​ការចូលរួម​និង​តួនាទី​ស្ត្រី​ធ្វើ​សេចក្តីសម្រេច​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។​

​ក្រសួង​បាន​បន្តថា ជាក់ស្តែង ​មន្ត្រីរាជការ​ជា​ស្ត្រីបាន​កើនឡើង​ដល់​ ៤១ ភាគរយ នៅ​ឆ្នាំ​ ២០១៨ ដល់ ​៤២ ភាគរយ ​នៅ​ឆ្នាំ ​២០២១ និង​នៅក្នុង​មុខតំណែង​គ្រប់គ្រង​កើនឡើង​ពី ​២៤,៣៣ ភាគរយ នៅ​ឆ្នាំ ​២០១៨ ដល់​ ២៦ ភាគរយ​នៅ​ឆ្នាំ ​២០២១​ ។​

​ប្រភព​ដដែល​បាន​បន្តថាស្ត្រី​ជា​មេឃុំ​-​ចៅសង្កាត់បាន​កើនឡើង​ពី​​ ៧,៨៩ ភាគរយនៅ​ឆ្នាំ ​២០១៨ ដល់ ​១០,៤៦ ភាគរយ ​នៅ​ឆ្នាំ ​២០២២ និង​ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បាន​កើនឡើង​ពី​ ១៣,៩៣ ភាគរយ​នៅ​ឆ្នាំ ២០១៨ ដល់​ ២២ ភាគរយ នៅ​ឆ្នាំ ​២០២២​ ។​

​នាឱកាស​នោះ​ផងដែរ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកស្រី គឹម ស៊ី​ផាត់ បានលើកឡើង​ដែរ​ថា ក្រសួង​​ក៏បាន​រៀបចំ​នូវ​គោលនយោបាយ​សមភាព​យេនឌ័រ​សម្រាប់​អនុវត្ត​ទាំងអស់គ្នា​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​

​លោកស្រី​បាន​ថ្លែងថា ៖ «​មកដល់ពេលនេះ​គោលនយោបាយ​សមភាព​យេនឌ័រ បាន​ឈាន​មកដល់​សេចក្តីព្រាង​ចុងក្រោយ​ហើយដោយមាន​ការចូល​ផ្តល់យោបល់ធាតុ​ចូល​រួច​អស់​ហើយពី​ក្រសួង​ស្ថាប័ន​ចំនួន​​ ២៥ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ផងដែរ​» ​។​

​លោកស្រី គឹម ស៊ី​ផាត់ បាន​បន្តថា៖ «​យើង​កំពុង​ត្រៀម​ដាក់​នូវ​សេចក្តីព្រាង​គោលនយោបាយ​សមភាព​យេនឌ័រ​នេះ អនុម័ត​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​ចុងឆ្នាំ​ ២០២២​ នេះ​ឬ​ដើមឆ្នាំ ​២០២៣​ ខាងមុខនេះ​សម្រាប់​អនុវត្ត​តែម្តង​»​ ។

​ដោយឡែក ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី លោកស្រី គឹម ស៊ី​ផាត់ បាន​ថ្លែងឱ្យដឹងថា ផែនការ​សកម្ម​ភាពជា​តិ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិ​ង្សា​លើ​ស្ត្រី​ឆ្នាំ ​២០១៩-២០២៣ ត្រូវបាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ និង​បាន​កំពុង​បន្ត​អនុវត្ត​តាមរយៈ​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​របស់​ក្រសួង​ស្ថាប័ន​និង​ដៃគូ​អភិវឌ្ឍ​ន៍ដែលមាន​ចំនួន ​២០ ​ស្ថាប័ន​ផងដែរ​។​

​លោកស្រី​ថា៖ «​សម្រាប់​ថ្នាក់ក្រោម​ជាតិក្នុងការ​ទប់ស្កាត់​អំពើ​ហិ​ង្សា​ក្នុង​លើ​ស្ត្រី​នេះ យើង​មាន​ក្រុមការងារ​ពហុ​វិស័យ​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នេះ​ ដែល​ត្រូវបាន​បង្កើត​និង​កំពុងដំណើរការ​ក្នុង​ខេត្ត​ចំនួន ​៩ និង​ស្រុក​ចំនួន​ ៣៧ និង​ត្រៀម​ព​ង្រឹ​ក​ក្រុមការងារ​នេះ​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ដើម្បី​ផ្តល់​សេវា​ចម្រុះ​ជូន​ជនរងគ្រោះ​ឱ្យទាន់​ពេលវេលា​ និង​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​ជាមួយគ្នានេះដែរ លោកស្រី ញាណ សុចិ​ត្រា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការនារី​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិ​ង្សា​យេនឌ័រ មាន​ចំនួន​ ២៥៥៣ ​ករណី ដែល​ជនរងគ្រោះ​មករក​សេវា​ផ្ទាល់​ជាមួយនឹង​ក្រសួង​​។​

​លោកស្រី​បាន​បញ្ជាក់ថា ៖ «​សេវា​ដែល​ក្រសួង​បាន​ផ្តល់ជូន​នោះ​មានដូចជា ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ផ្លូវចិត្ត សម្របសម្រួល​រក​មេធា​វីរៀបចំ​ពាក្យបណ្តឹង​អន្តរាគមន៍ និង​តាមដាន​ការប្រកាស​សាល​ក្រម​ដោយផ្ទាល់​ និង​តាម​អន​ឡាញ ព្រមទាំង​ការជួយ​បញ្ជូន​ជនរងគ្រោះ​ទៅរក​សេវា​តាម​តម្រូវ​ការដែល​ជនរងគ្រោះ​ចង់បាន​»​។​

​លោកស្រី​បន្ថែម​ដែរ​ថា ទាក់ទង​នឹង​ការទប់ស្កាត់​អំពើ​ហិ​ង្សា​លើ​ស្ត្រី​ និង​ក្មេងស្រី​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺជា​ការងារ​ទទួលខុស​ត្រូវ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ហើយ​ ដែល​ក្រសួង​កិច្ចការនារី​ដើរតួនាទី​ក្នុងការ​សម្របសម្រួល ដឹកនាំ និង​បង្កើត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិ​ង្សា​លើ​ស្ត្រី​។​

​ទាក់ទង​នឹង​ទិន្នន័យ​និង​ស្ថានភាព​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​បានធ្វើកា​រ​អង្កេត​នៅ​ឆ្នាំ ​២០២១ ហើយ​ទិន្នន័យ​ចុង​ក្រោយនេះ​មិនទាន់​ចេញ​ជា​ផ្លូវការ​នោះទេដោយ​ក្រសួង​គ្រោង​នឹងធ្វើ​ការផ្សព្វផ្សាយ​នូវ​ទិន្នន័យ​នេះ​នៅក្នុង​អំឡុង​ខែតុលា ​ឬ​ខែវិច្ឆិកា ខាងមុខនេះ​។

យ៉ាងណាក្ដី ​​នាយិកា​អង្គការ​ក្លា​ហានគឺ​កញ្ញា បុណ្យ ​រចនា បាន​ប្រាប់​ថា ​ស្ថានភាព​អំពើ​ហិង្សា​ទាក់​ទង​យេន​ឌ័រ ជាទូទៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ ពីព្រោះ​បើ​ក្រឡេក​ទៅ​មើល​ព័​ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្លូវការ ឬ​មិន​ផ្លូវការ គឺ​នៅបន្ដ​មាន​ករណី​អំពើ​ហិង្សា​ដែល​បៀត​បៀន​ផ្លូវភេទ​នៅតាម​សាធារ​ណៈនិង​កន្លែង​ការងារ។

កញ្ញា​បន្ត​ថា អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ដៃគូ​ស្និទ្ធ​សា្ន​ល និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែ​ល​ជាក់ស្ដែង​វា​ត្រូវបាន​គេ​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​។​

​កញ្ញា ​បុណ្យ រចនា​ បានបញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​នេះយើង​មើល​ឃើញ​នូវ​ករណី​កង្វះខាត ទាំង​ផ្នែក​គោល​នយោ​បាយ និង​ផ្នែក​ធនធាន​ ហើយ​និង​ចំណាត់​ការ​ជាក់​ស្ដែង អ៊ីចឹ​ង​អ្វី​ដែល​រាជរដ្ឋាភិ​បាល​ត្រូវការ​ធ្វើជា​លក្ខណៈ​អាទិភាព គឺ​ត្រូវដាក់​នូវ​កញ្ចប់​ថវិកា​ជាតិ​ជំរុញ​ក្នុងការ​អភិវឌ្ឍ​គោល​នយោ​បាយ​ ដែល​មាន​ស្រាប់​ ដូចជា ​ផែនការ​ជាតិ​ស្ដីពី​ការទប់​ស្កាត់​អំពើហិ​ង្សា​ផ្អែកលើ​យេនឌ័​រ និង​គោល​នយោ​បាយ​នារីរតនៈ​ដែល​ក្រសួង​កិច្ចការ​នារី​បាន​បង្កើត​ឡើង​ហ្នឹង​» ។​

​កញ្ញា​បន្ថែមថា ផែន​ការនិង​គោល​នយោ​បាយ​ទាំង​នេះ​កន្លង​មក គឺ​បាន​អនុវត្ត​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ការ​អនុវត្ត​នេះ​វា​នៅ​មាន​កម្រិត ដោយ​សាររាជ​រដ្ឋាភិ​បាលមិនបាន​ដាក់ចេញ​នៅ​កញ្ចប់​ថវិកាជា​តិ​។ មួយ​វិញ​ទៀត​គឺ​ការអនុវត្ត​ច្បាប់​ព្រោះ​លទ្ធភាព​ទទួល​បាន​យុត្តិ​ធម៌​សម្រាប់​ជនរង​គ្រោះ​ដែល​រង​អំពើ​ហិង្សា​គ្រប់​ទម្រង់​នៅមានកម្រិត​៕