
លោក កឹម សុខា ពេលមកចូលរួមក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ ។
ភ្នំពេញៈសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២២ បានបន្តសួរដេញដោលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិពីករណីពាក់ព័ន្ធកម្មវិធី Black Monday ការចែកផ្កាឈូកទៅកងកម្លាំងនិងការបណ្តុះបណ្តាលរបស់អង្គការ NDI ទៅដល់មន្ត្រីគណបក្សនយោបាយ។
លោក ផែង ហេង សហមេធាវីមួយរូបរបស់លោកកឹម សុខា ប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយបញ្ចប់សវនាការនៅថ្ងៃទី ២១ ខែកញ្ញាថា រាល់សំណួរខ្លះរបស់ចៅក្រមពាក់ព័ន្ធនឹងករណីខាងលើនេះ លោក កឹម សុខា បានឆ្លើយថា មិនដឹងនោះទេ ព្រោះបញ្ហាខ្លះ ដូចជាពាក់អាវខ្មៅអ្វីជាដើមនោះ គឺជាសិទ្ធិរបស់តំណាងរាស្ត្រ និងប្រជាពលរដ្ឋដោយមិនមានការចាត់តាំងពីគណបក្សឬប្រធានគណបក្សនោះទេ ។
លោក ផែន ហេង បានឱ្យដឹងថា សំណុំរឿងរបស់លោក កឹម សុខា រហូតមកទល់នឹងសវនាការលើកទី ៥៧ នេះ ត្រូវបានតុលាការរាវរកយកមកសួរដេញដោលដូចជា រឿងបាតុកម្មដែលមិនមានរូបលោកនៅក្នុងនោះ និងមិនមែនអតីតគណបក្សង្គ្រោះជាតិធ្វើក៏លើកយកមកសួរដេញដោលដែរ ។ បើនិយាយពីបទល្មើសព្រហ្មទណ្ឌ អ្នកណាធ្វើ គឺអ្នកនោះជាអ្នកទទួល។
លោកបន្តថា សវនាការមកដល់ ៥៧ លើកនេះ លោកសង្កេតឃើញថា សំណួរដែលសួរមិនដឹងថា គាត់បក្សសង្គ្រោះជាតិឬបុគ្គល កឹម សុខា ព្រោះសំណួរខ្លះពាក់ព័ន្ធនឹងសកម្មភាពលោកកឹម សុខា ប៉ុន្តែសំណួរខ្លះទៀតពាក់ព័ន្ធដល់គណបក្សសង្គ្រោះជាតិដែលមិនបានបែងចែកឱ្យដាច់ រវាងនីតិបុគ្គល និងរូបវន្តបុគ្គល។ បើនីតិបុគ្គលជាគណបក្ស បានកាត់ក្ដីរំលាយតាំងពីឆ្នាំ ២០១៧។
លោកថ្លែងថា៖ «ខ្ញុំយល់ថា សំណួរខ្លះ គឺមិនចាំបាច់សួរនោះទេ នាំឱ្យខាតពេល ប្រសិនបើចង់រកកំហុសបុគ្គល ប៉ុន្តែសំណួរខ្លះបានចោទសួររហូតដល់រូបវន្តបុគ្គល ដូចជា សួរពីការបណ្តុះបណ្តាលបក្សជាដើម »។
ទោះជាយ៉ាងណា បើតាមលោក ផែង ហេង ចៅក្រមជំនុំជម្រះប្រាថ្នាបញ្ចប់ចំពោះអង្គហេតុទាំងអស់នៅក្នុងសវនាបន្តនាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ និងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នឹងកោះហៅសាក្សីមកសួរដេញដោល ខណៈរហូតទល់ពេលនេះ មិនទាន់មានការកោះហៅសាក្សីយកសួរដេញដោលនៅឡើយទេ ហើយនឹងរង់ចាំទន្ទឹមមើលថាចៅក្រមនឹងកោះហៅសាក្សីណាមួយ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់ថា រាល់ភ័ស្តុតាងដែលត្រូវបានសួរដេញដោលនៅក្នុងសវនាការ វាបង្ហាញពីភាពស៊ីចង្វាក់នឹងសកម្មភាពនៃការរៀបចំជំរុញ ញុះញង់ និងបាតុកម្មហិង្សា និងការបិទផ្លូវជាច្រើនកន្លែង ដើម្បីអនុវត្តផែនការដែលបង្កើតជាអង្គហេតុប្រទូស្តរាយ ។
លោកបញ្ជាក់ថា សវនាការរបស់លោក កឹម សុខា ដែលប្រព្រឹត្តអស់ជាច្រើនលើកមកនេះគឺជាសវនាការព្រហ្មទណ្ឌស្របតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ៕
វីដេអូ៖