ភ្នំពេញៈ​ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​សិស្ស​និស្សិត ​ឱ្យចូល​រួមការ​ប្រកួត​សរសេរ​គម្រោង «​ផែនការអភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​គំរូ​» ដើម្បី​រៀបចំ​ផែន​ការអភិវឌ្ឍន៍​ទេសចរណ៍​គំរូ​ នៅក្នុង​ខេត្តសៀមរាប បំណង​ផ្តល់ឱកាស​ឱ្យ​យុវជន​បាន​បញ្ចេញស្នាដៃ និង​គំនិត​។​

តាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការប្រកួត​សរសេរ​គម្រោង «​ផែនការអភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​គំរូ​» នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​បេក្ខជន​ជយលាភី​ចំនួន ​៣ ចាប់ពី​លេខ ​១ ដល់​លេខ ​៣ នូវ​ទឹកប្រាក់​លើក ទឹកចិត្ត​ចាប់ពី ​២ ​លាន​រៀល ដល់ ​៥​ លាន​រៀល និង​ទទួលបាន​លិខិត​សរសើរ​ ចេញ​ដោយ​ក្រសួងទេសចរណ៍ ព្រមទាំង​ទទួលបាន​បណ្ណ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​មួយចំនួន​ផងដែរ​។​

សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា​៖ «​លក្ខខណ្ឌ​នៃ​ការជ្រើសរើស គឺ​សំដៅ​ទៅលើ​និស្សិត​ស្ថិតក្នុង​ជំនាញ​ទេសចរណ៍​ឆ្នាំ​ទី​ ៤ ត្រូវមាន​កាយសម្បទា​រឹងមាំ និង​សុខភាព​ផ្លូវចិត្ត​ប្រក្រតី​។ បេក្ខជន​ត្រូវគោរព​តាម​បទបញ្ជា និង​គោលការណ៍​នៃ​កម្មវិធី និង​ត្រូវ​ឆ្លងកាត់​វគ្គ​សម្ភាសន៍​ដោយ​ជោគជ័យ​។ បេក្ខជន​ត្រូវមាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជា​ក្រុម និង​ចុះ​កម្មសិក្សា​ទៅ កាន់​គោលដៅ​ទេសចរណ៍​ដែល​បានកំណត់​» ​។​

​លោក គ​ន្ធា ភិរម្យ ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក ព័ត៌មានវិទ្យា និង​គ្រប់គ្រង​ព័ត៌មាន​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២១ ខែកញ្ញា ​ថា កន្លងទៅ ក្រសួងទេសចរណ៍ មាន​យុទ្ធសាស្ត្រ​ផែនការ​រយៈពេល​វែង និង​រយៈពេល​មធ្យម​ជាច្រើន ដើម្បី​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​។ បន្ថែម​ពីនេះ លោក ថា ដោយសារតែ ​២ ឆ្នាំកន្លះ​មកនេះ កម្ពុជា ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ ​១៩ ក្រសួង ក៏បាន​បង្កើត​ផែនការ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។​

លោក អះអាងថា​៖ «​ចំពោះ​ការរៀបចំ​ជាការ​ប្រកួតប្រជែង រៀបចំ​ផែន​ការ​គោលដៅ​អភិវឌ្ឍន៍​ទេសចរណ៍​គំរូ នៅក្នុង​ខេត្តសៀមរាប​នេះ គឺជា​ផ្នែក​មួយ​។ គោលបំណង​របស់​យើង​នេះ គឺ​ចង់ឱ្យ​សិស្ស​និស្សិត​តាម​សាកល​វិទ្យាល័យ​ដែល​រៀន​ជំនាញ​ទេសចរណ៍ ចូលរួម​បញ្ចេញយោបល់​មតិ និង​ទទួលបាន​បន្ថែម​ពី​ការរៀន​ទ្រឹស្តី​នៅ​សាកល​វិទ្យាល័យ​របស់​ពួកគាត់​» ​។​

លោក គ​ន្ធា ភិរម្យ ថ្លែងថា​៖ «​យើង​រៀបចំ​គម្រោង​នេះ ដើម្បីឱ្យ​គាត់​មានឱកាស​បញ្ចេញស្នាដៃ គំនិត​ ហើយ​ក្រសួង នឹង​ទទួលយក​គំនិតល្អៗ ដើម្បី​ជា​ចក្ខុវិស័យ​របស់​និស្សិត​ទេសចរណ៍​ដែល​ក្រសួង​មាន​ផែន​ការ​ជា​ហូរហែ​មកហើយ​» ​។​

​លោក គ​ន្ធា ភិរម្យ ថ្លែងថា តាម​ផែន​ការដែល​ក្រសួង​រៀបចំ​ក្នុង​គម្រោង​នេះ នឹង​យក​លទ្ធផល​នៃ​ផែនការអភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​គំរូ​របស់​និស្សិត​ឈ្នះ​ជយលាភី ​៣ ​ក្រុម យកទៅ​អភិវឌ្ឍ​ក្នុង​ខេត្តសៀមរាប ហើយ​និស្សិត ដែល​ត្រូវបាន​ជ្រើសរើស នឹងមាន​ឱកាស​ចុះទៅ​ទស្សនា​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

លោក បាន​បញ្ជាក់ថា​៖ «​មកដល់​បច្ចុប្បន្ន ក្រសួង​បានទទួល​ក្រុម​ស្ម័គ្រ​ចិត្តបាន​ប៉ុន្មាន​ក្រុម​នៅឡើយ​ទេ បន្ទាប់ពី​បានប្រកាស​ជ្រើសរើស​ជា​ផ្លូវការ ហើយ​ការកំណត់​ឈប់​ទទួល​ពាក្យ នឹង​ធ្វើឡើង​អំឡុងពេល​ភ្ជុំបិណ្ឌ​មកដល់​។ នៅ​ឆ្នាំនេះ យើង​រៀបចំ​ជា​គម្រោង​នេះ​ផង ហើយ​វា​ក៏​ជាវិធីសាស្ត្រ​ក្នុងការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ផងដែរ​» ​។​

​បើតាម​ក្រសួងទេសចរណ៍ បាន​អះអាងថា គម្រោង​ដឹកនាំ​ក្រុមនិស្សិត​ជាប់​ជយលាភី​ទាំង​ ៣ ​ក្រុម អាច​នឹងធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែតុលា ឆ្នាំ ​២០២២ បន្ទាប់ពី​ក្រុមការងារ បានជ្រើសរើស​ស្នាដៃ​ដែល​លេចធ្លោ​ក្នុងចំណោម​បេក្ខជន ដែល​ចូលរួម​ទាំងអស់​៕