
ទិដ្ឋភាពទឹកលិចផ្ទះប្រជាពលរដ្ឋនៅខេត្តសៀមរាបកាលពីថ្ងៃទី២០ កញ្ញា ។ រូបថត សហការី
សៀមរាបៈ ផ្ទះប្រជាពលរដ្ឋជាង ៨០០ ខ្នង និងសាលារៀនជិត ២០ កន្លែង ដែលស្ថិតនៅជាប់ដងស្ទឹងស្រែងក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាបកំពង់រងការជន់លិច។ អាជ្ញាធរកំពុងចុះអន្តរាគមន៍ជម្លៀសពលរដ្ឋទៅកាន់ទីទូលសុវត្ថិភាព ខណៈទឹកស្ទឹងស្រែងបានជន់ឡើងលើសពីកម្រិតប្រកាសអាសន្ន។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋាននៃស្រុកទាំង ២។
លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ទឹកស្ទឹងស្រែង ២ នៅចំណុចភ្នំអាតោ បានជន់ឡើងលិចផុតចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ៤០ ម៉ែត្រ ខណៈទឹកស្ទឹងស្រែង ១ នៅចំណុចភ្នំស្រីស្នំបានជន់ដល់កម្រិតកម្ពស់ ២៧,៧០ ម៉ែត្រលើសពីកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន ២០ សង់ទីម៉ែត្រ បង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋចំនួន ៧០៥ ខ្នង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន ១ ៨១៣ គ្រួសារនៅឃុំចំនួន ៥ រួមមាន ឃុំស្លែងស្ពាន ឃុំក្លាំងហាយ ឃុំប្រីយ៍ ឃុំត្រាំសសរ និង ឃុំជ្រោយនាងនួន ។
លោកថ្លែងថា៖ «នៅក្នុងខណៈនេះ អាជ្ញាធរយើងកំពុងចុះអន្តរាគមន៍ជួយជម្លៀសពលរដ្ឋដែលមានផ្ទះជន់លិចធ្ងន់ធ្ងរជាងគេទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះទឹកស្ទឹងនៅបន្តជន់ឡើង និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ»។
បើតាមលោក ញាន ក្រៅពីជន់លិចលំនៅឋានប្រជាពលរដ្ឋ គ្រោះទឹកជំនន់នេះក៏បានជន់លិច សាលារៀនចំនួន ១៥ កន្លែង វត្តចំនួន៣កន្លែង និងអគាររដ្ឋបាលសាធារណៈចំនួន ៣ ព្រមទាំងលិចប៉ះពាល់ផ្លូវលំជនបទនៅទូទាំងស្រុកសរុបជាង ៤៦ គីឡូម៉ែត្រនិងលិចប៉ះពាល់ដំណាំស្រូវជាង ៣ ៥០០ ហិកតា និងដំឡូងមី ជាង ៦០០ ហិកតា។
ចំណែកនៅឯស្រុកក្រឡាញ់វិញ អាជ្ញាធរបានសម្រេចបើកទ្វារទឹកចំនួន ៤ នៅទំនប់តាអាន ដើម្បីដោះទឹកឱ្យហូរធ្លាក់ចូលទៅតាមទីវាលការពារការបាក់ស្រុតខ្នងទំនប់ដែលអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានព្រមទាំងលំនៅឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលស្ថិតនៅជាប់តាមដងស្ទឹងស្រែង ខណៈទឹកកំពុងហូរស្រុងធ្លាក់ពីស្រុកស្រីស្នំ បានបង្កជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៩៧ ខ្នង និងសាលារៀនចំនួន ៤ កន្លែង ព្រមទាំងលិចកំណាត់ផ្លូវជាច្រើនកន្លែងទៀត។
លោក សុខ ណារ៉េត អភិបាលស្ដីទីស្រុកក្រឡាញ់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នៅពេលនេះ សមត្ថកិច្ចយើងកំពុងត្រៀមកម្លាំងនិងមធ្យោបាយ ទូក កាណូត ដើម្បីចុះអន្តរាគមន៍ជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋពីតាមមូលដ្ឋានដែលរងការជន់លិចធ្ងន់ធ្ងរ ទៅកាន់ទីទួលសុវត្ថិភាព»។
បើតាមលោក ណារ៉េត អាជ្ញាធរបានត្រៀមរៀបចំទីទួលសុវត្ថិភាពចំនួន ២៥ កន្លែង ដើម្បីទទួលឱ្យពលរដ្ឋស្នាក់នៅ និងដាក់សត្វពាហនៈ ជាបណ្ដោះអាសន្ន ក្នុងពេលមានគ្រោះទឹកជំនន់៕