The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកនាំពាក្យ​ CPP៖ លោក​ ហ៊ុន សែន​ មិន​ជួប​អ្នកគាំទ្រ​ទ្រង់ទ្រាយ​ ធំ​នៅ​អាមេរិក​មិនមែន​ខ្លាច​ចំពោះ​ការ​ប្រឆាំង​តវ៉ា​ណាមួយ​ឡើយ​

អ្នកនាំពាក្យ​ CPP៖ លោក​ ហ៊ុន សែន​ មិន​ជួប​អ្នកគាំទ្រ​ទ្រង់ទ្រាយ​ ធំ​នៅ​អាមេរិក​មិនមែន​ខ្លាច​ចំពោះ​ការ​ប្រឆាំង​តវ៉ា​ណាមួយ​ឡើយ​

Content image - Phnom Penh Post
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

អ្នកនាំពាក្យ​ CPP៖ លោក​ ហ៊ុន សែន​ មិន​ជួប​អ្នកគាំទ្រ​ទ្រង់ទ្រាយ​ ធំ​នៅ​អាមេរិក​មិនមែន​ខ្លាច​ចំពោះ​ការ​ប្រឆាំង​តវ៉ា​ណាមួយ​ឡើយ​

ភ្នំពេញៈ អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​មិន​ជួប​ជាមួ​យ​អ្នក​គាំទ្រ​នៅ​ទឹកដី​សហរ​ដ្ឋអាមេ​រិក​ពេល​នេះគឺ​ដោយ​សារ ទី​១ កាលវិភាគ​របស់​ប្រមុខ​រដ្ឋាភិបាល​មាន​ភាព​មមាញឹក ហើយ​​ទី​២ គឺ​ដោយសារលោក​ទើបតែ​ជួប​ជាមួយ​អ្នកគាំទ្រ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ម្តង​រួចទៅហើ​យ កាលពី​អំឡុង​ខែឧ​សភា ក្នុង​ពេល​លោក​ធ្វើជា​សហ​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ា​ន​-​អាមេរិក​។​

​ការ​បញ្ជាក់​របស់លោក សុខ ឥសាន យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​កបាន​បញ្ជាក់ថា លោក​មិនអាច​រៀបចំ​ជំនួប​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន ដោយ​សារពេ​លវេលា​នៅ​ទីក្រុង​ញូវយ៉ក​មាន​រយៈពេ​ល​ខ្លី​។

តាម​រយៈ​សំណេរ​កាលពី​ថ្ងៃទី​ ២០​ កញ្ញា លោក​នាយក​រដ្ឋមន្ត្រី​បានសរសេរថា​៖ «​ខ្ញុំ​សូម​ផ្ញើ​ការ​នឹករឭក​ដល់​បងប្អូន​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណា​ដា និង​សូម​ការ​អ​ធ្យា​ស្រ័យ​ដោយ​មិន​អាច​រៀបចំ​ការជួបជុំ​ជាមួយ​បងប្អូន​បាន ​អាស្រ័យ​ដោយ​ការ​ស្នាក់​នៅ​ទីក្រុង​ញូវយ៉ក​មាន​រយៈ​ពេល​ខ្លី និង​មាន​កម្មវិធី​ច្រើន​។ម្យ៉ាង​ទៀត​យើង​ក៏​ទើប​ជួបគ្នា​កាលពី​ខែ​ឧសភា​ ២០២២​ កន្លងទៅ​ នៅ​ទីក្រុង​វ៉ា​ស៊ីន​តុ​ន​ហើយ​ដែរ​។​

​បើតាម​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក​សង្ឃឹមថា ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទឹកដី​អាមេរិក​និង​កាណា​ដា​នឹងមាន​ការយោគ​យល់ ចំពោះ​ការ​ខាក​ខាន​ជំនួប​លើក​នេះ។​

​យ៉ាង​ណាក្ដី អ្នក​តាម​ដាន​នយោ​បាយ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា មូល​ហេតុ​ទាំង ២ ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាង​ពេល​នេះ​ហាក់​ដូចជា​មិន​ពិត​ទាំង​ស្រុង​នោះទេ​។ មិន​ពិត​ទាំងស្រុង​ដ្បិត​អ្នកតាម​ដាន​នយោ​បាយ​នៅ​ចាប់អា​រម្មណ៍​ពី​ព្រឹត្តិការណ៍​នៃ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​គាំទ្រ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​កាល​ពី​ខែ​ឧសភា​។ កាល​នោះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​-​អាមេរិក ​១ រូប គឺ លោក អ៊ុក ទូច បាន​គប់​ស្បែក​ជើង​សំដៅ​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​អំឡុង​ពេលដែល​លោក​កំពុង​ថតរូប​ជា​មួយ​អ្នក​គាំទ្រ​នៅ​ទីសាធា​រណៈ​។​

​លោក គឹម សុខ អ្នក​តាម​ដាន​នយោបាយ​ខ្មែរថា​៖ «​លោក ហ៊ុន ​សែន ប្រហែល​ជា​ខ្លាច​មាន​លោក អ៊ុក ទូច​ ច្រើន​ជាង​ម្នាក់​ទៅទៀត​ដែល​ទៅ​ចង្អុល​មុខ​គាត់ ហ៊ាន​ដល់​ចោល​ស្បែក​ជើង​ ប្រសិនបើ​គាត់​ហ៊ាន​ជួបជុំ​នៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​លើក​នេះ​»​។​

​តាម​លោក ​គឹម សុខ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ចូល​ចិត្ត​ឆក់​ឱកាស​ក្នុង​ការ​ឃោស​នា​នយោ​បាយ​ បើទោះបីជា​រូប​លោក​មាន​ពេល​តែ​ ៣០​ នាទី​ក្តី​។ ម្យ៉ាង​វិញ​ទៀត លោក ​ហ៊ុន សែន ពិតជា​ត្រូវ​ជាប់​ជា​មួយ​អ្នក​គាំទ្រ​នៅ​លើ​ទឹកដី​អា​មេរិក ដើម្បី​អន្ទង​ចិត្ត​ពល​រដ្ឋ​ឱ្យ​​គាំទ្រ​ដល់​កូន​ច្បង​របស់​លោក ​គឺ លោក ​ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​អនា​គត​។ ​

​ក៏ប៉ុន្តែ​លោក សុខ ​ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ច្រាន​ចោល​ការ​វិភាគ​បែប​នេះ ​ដោយ​លោក​ចាត់ទុក​ថា​ជា​រឿង​អស់សំ​ណើច​ដែល​អ្នកវិភាគ​ស្មាន​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី​ទៅវិញ​។

លោក​ថា​៖ «​យើង​ដឹង​ហើយ​ថា សម្តេច​ធ្លាប់​មាន​វីរភាព​ដ៏​អង់អា​ច​ក្លាហាន​ណាស់​នៅក្នុង​សមរ​ភូមិ​ក៏ដូចជា​​នៅក្នុង​ការប្រ​យុទ្ធ​ដើម្បី​សង្គ្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​រួច​ផុតពី​គ្រោះ​ប្រល័យ​ពូជ​សាសន៍ ​អ៊ីចឹងទេ​រឿង​អី​ទៅ​ខ្លាច​ស្បែក​ជើង អាហ្នឹង​ខ្ញុំ​យល់​ថា ​អ្នកវិភាគ​ហ្នឹង​វា​គ្រាន់​តែមាន​សតិអា​រម្មណ៍​លម្អៀង​ខាង​នយោ​បាយ ថា​ឱ្យ​សម្តេច​ខ្លាច​ញ​ញើត​ស្បែក​ជើង​គ្មាន​អី​ខ្លាច​ទេ​»​។​

​បើ​តាម​លោក ​សុខ ​ឥសាន កិច្ចប្រជុំ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទៅ​ចូលរួម​លើក​នេះ ក៏​នឹង​មាន​ការធានា​សុវត្ថិ​ភាព​និង​សន្តិសុខ​ពី​សហរ​ដ្ឋអាមេ​រិក​។​

​គួរ​ជម្រាប​ថា ប្រមុខ​រដ្ឋាភិ​បាល​កម្ពុ​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ​២១​ កញ្ញា បាន​ចេញ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​២ ដើម្បី​ចូលរួម​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៧៧ នាទី​ក្រុង​ញូវយ៉ក​ចាប់ពី​ថ្ងៃ​ ២១ ​ដល់​ថ្ងៃ ២៣​ កញ្ញា​។ បន្ទាប់​ពីនោះ លោ​ក​នឹង​បន្ត​ដំណើរ​ទៅ​ទស្សន​កិច្ច​ផ្លូវការ​ទៅ​ប្រទេស​គុយ​បា រួច​ទៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​បុណ្យ​សព លោក ស៊ិន​ហ្សូ អា​បេ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍