
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែកញ្ញា។ រូបថត SPM
ភ្នំពេញៈ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយប្រទេសទាំងអស់ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបាននិងកំពុងដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗព្រមគ្នាដ៏ច្រើនមិនធ្លាប់មានពីមុនមក។ នេះបើតាមលិខិតអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសារលិខិតអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា លោក ហ៊ុន សែន លើកឡើងថា កម្ពុជាបានកំណត់យកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ព្រមទាំងបន្តកសាងសហគមន៍-អាស៊ាន លើកកម្ពស់មជ្ឈអាស៊ានក្នុងការកសាងនិម្មាបនកម្មតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាសំដៅរួមចំណែក ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅតំបន់អាស៊ាន។
លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារសន្តិភាពការរួបរួមជាធ្លុង ១ និងសុខដុមនីយកម្ម រវាងប្រទេសជាសមាជិកអាស៊ានជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជាបានប្រឹងប្រែងជួយស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដោយផ្អែកលើអភិក្រមជាក់ស្តែងនិយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញក៏ដូចជាអនុញ្ញាតឱ្យអាស៊ានវិលត្រឡប់ទៅរកការរួបរួមរវាងសមាជិកទាំង ១០ វិញ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក»។
លោកបន្តថា ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២២ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨ ៣០២ នាក់ (ស្ត្រី ៥៨០ នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន ៩ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
បើតាមលោក ហ៊ុន សែន បច្ចុប្បន្នកងកម្លាំងកម្ពុជាសរុបចំនួន ៨០១ នាក់ (ស្ត្រី ១១៨ នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។
លោកមានជំនឿយ៉ាងមុតមាំថាពិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ ស្តែងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តកាន់តែភ្លៀវក្លារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា សំដៅកសាងពិភពលោកមួយ ប្រកបដោយសន្តិសហវិជ្ជមាន ភាពធន់ និងការអភិវឌ្ឍដោយបរិយាប័ន្ន និងចីរភាព។
លោក ហ៊ុន សែន រំឭកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងវត្តមានរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ដល់ឆ្នាំ ១៩៩៣ ពិតជាបានចូលរួមចំណែកត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា តែពុំបានបញ្ចប់សង្គ្រាមជាស្ថាពរនោះទេ។
លោកបន្តថា ប្រជាជនកម្ពុជាបានទទួលសន្តិភាពទាំងស្រុងនៅឆ្នាំ ១៩៩៨ តាមរយៈ «នយោបាយឈ្នះ ឈ្នះ» ដែលលោកបានផ្តួចផ្តើម និងដាក់ចេញ។ ក្រោមសន្តិភាព និងការបង្រួបបង្រួមជាតិនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំស្តារ និងកសាងប្រទេសឡើងវិញ ដោយទទួលបានការរីកចម្រើនលើគ្រប់វិស័យ «គួរជាទីមោទនៈ»។
លោកបញ្ជាក់ថា៖ «ជាក់ស្តែង កម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេស [មាន] ចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចឱ្យបានតាមចក្ខុវិស័យអភិវឌ្ឍន៍ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សន្តិភាព គឺជាគោលគំនិតនយោបាយស្នូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងថែរក្សាជាដាច់ខាត។
លោក ម៉េង ដាវិត បានបន្តថាកម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់ និងទទួលបានបទពិសោធច្រើនពីសង្គ្រាម។ ដូច្នោះហើយ កម្ពុជាប្តេជ្ញាការពារសន្តិភាព និងសន្តិសុខជាតិ ដើម្បីជាផលប្រយោជន៍ វិបុលភាព ការអភិវឌ្ឍ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ កម្ពុជាបាននិងកំពុងដឹកនាំសហគមន៍អាស៊ានជួយដល់ការដោះស្រាយបញ្ហាសន្តិសុខតំបន់ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងបញ្ហាសន្តិសុខមិនប្រពៃណីដទៃទៀតផងដែរ។
លោក ថុង ម៉េងដាវិត បាន ថ្លែងថា៖ «សកម្មភាពទាំងអស់នេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានបំណងជំរុញ និងលើកកម្ពស់ការទូតសន្តិភាព (Peace Diplomacy) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពពិភពលោកតាមរយៈការបញ្ជូនកងទ័ពកម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»៕