ភ្នំពេញៈ ក្នុង​ជំនួប​ជាមួយ​នឹង​មន្រ្តីជាន់​ខ្ពស់​នៃក្រសួង​សុខាភិ​បាល តំណាង​អង្គការ​យូនីសេហ្វប្រចាំ​កម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បាន​កោត​សរសើរចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការឆ្លងរាលដាល​មេរោគ​កូវីដ ១៩ រហូត​ឈាន​ដល់​បើកប្រទេស​ឡើងវិញនិងបាន​សន្យា​ផ្តល់​​ម៉ាស៊ីន​អុក​ស៊ីហ្ស៊ែន​ចំនួន ​​៣៦ ​គ្រឿង​​ ដល់ក្រសួង​សុខា​ភិបាល ដែល​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ​។

​លោក​ស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូ​ហ្សាត ​បាន​ថ្លែង​ឡើង​ដូច​នេះ នារសៀលថ្ងៃទី​ ២០ ខែកញ្ញា ក្នុង​ពេល​លោកស្រី​ជួប​ពិភាក្សាការងារ​ និង​​ជម្រាបលា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិ​បាល លោក​ ម៉ម ប៊ុន​ហេង ដែល​លោក​ស្រី​នឹង​ត្រូវបញ្ចប់​អាណត្តិ​ជាតំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​។

បើតាម​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា៖ «លោកស្រី​តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា បាន​កោត​សរសើរចំពោះ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺកូវីដ​ ១៩ ក្រោម​ការដឹក​នាំ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​លោក​ស្រី​ក៏បាន​អរគុណ​ដល់​ក្រសួង​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការក្នុង​ការអនុវត្ត​នូវគម្រោង​នានា​ដែល​គាំទ្រ​ដោយ​អង្គការ​យូនី​សេហ្វ»។

​នាឱកាស​នោះ​ លោកស្រី​បាន​ប្រាប់​​ឱ្យ​ដឹងដែរ​ថា ​អង្គ​ការ​យូនី​សេហ្វ នឹង​ផ្ដល់​ម៉ាស៊ីន​អុក​ស៊ី​ហ៊្សែន​ចំនួន ​​៣៦​ គ្រឿង​បន្ថែម ទៅឱ្យ​ក្រ​សួ​ង​សុខា​ភិបាល ដែល​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ​ បន្ទាប់​ពី​អង្គការនេះ​​ទើបតែ​​បាន​ផ្ដល់​ម៉ាស៊ីន​ផលិត​អុក​ស៊ី​​ហ៊្សែន​ចំនួន ​១ ​គ្រឿង​រួច​មក​ហើយ នៅ​ខេត្ត​ព្រះវិហារ​កាលពីសប្តាហ៍​មុន។

​តាម​រយៈ​ជំនួប​ដដែល​នេះដែរ ​លោក ម៉ម ប៊ុន​ហេង ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​អង្គការយូនី​សេហ្វ​ដែល​ឧបត្ថម្ភ គាំទ្រ និង​សហការជាមួយ​នឹង​ក្រសួង​សុខាភិ​បាល​លើ​កម្មវិធីជា​ច្រើន ក្នុង​នោះ​មាន កម្មវិធី​សុខភាព​មាតានិង​ទា​រក កម្មវិធី​អាហា​រូប​ត្ថម្ភ និង​កម្មវិធី​សុខ​ភាព​សាធារណៈ​ទូទៅ​ជាដើម​។​

ទាក់​ទ​ង​នឹង​បេសក​កម្ម​របស់​អង្គការ​យូនី​សេហ្វ​ប្រចាំ​កម្ពុជានេះ ​លោក សន ជ័យ ប្រធាន​​អង្គ​ការ​​សម្ព័ន្ធ​​គណ​នេយ្យ​​ភាព​សង្គ​ម​កម្ពុជាបាន​ឱ្យដឹង​ថា ​​អង្គ​ការ​យូនី​សេហ្វ ជា​អង្គការមួយ​​ដែល​ធ្វើ​ការ​ផ្នែក​កុមារ ហើយ​ជា​បេសក​កម្ម​មួយ​ដែល​មាន​ការ​គិត​គូរ​ដល់​សុខភាព​កុមារ​។ ជា​ពិសេស​នោះ ការ​អនុវត្ត​ការ​ងារ​របស់​អង្គការ​នេះ គឺ​មាន​ប្រសិទ្ធ​ភាព​ជា​មួយ​ដៃ​គូរាជ​រដ្ឋា​ភិបាល ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ទិស​ដៅ​ដែល​បាន​កំណត់​។

លោក ​សន ជ័យ បាន​ថ្លែង​ថា​៖ «​​​ការ​ផ្តល់​ជំនួយ​របស់អង្គការ​យូនីសេហ្វ​​​មកកម្ពុជា​​​ យើង​ចង់​ឃើញ​រដ្ឋាភិបាល ជា​ពិសេស​ក្រ​សួង​សុខាភិបាល​​​បង្កើន​នូវ​ភាព​ជា​ម្ចាស់​ការ ក្នុង​ការ​គ្រប់​គ្រង ចាត់​ចែង ដើ​ម្បីឱ្យ​​មាន​ប្រយោជន៍​ទៅ​ដល់​​ក្រុម​គោល​ដៅ​ជាក់​លាក់​ផងដែរ​»​។

លោក​បន្ដ​ថា អ្វី​ដែល​សំខាន់​នោះ ​ក្រសួង​សុខាភិបាល​នឹង​បង្ហាញ​អំពី​ការ​ប្រើ​​ប្រាស់​ឧបករណ៍​នេះ ឱ្យ​មាន​និរន្ត​ភាព ប្រសិទ្ធ​ភាព ហើយ​ចំ​គោល​ដៅ ដើម្បី​ឆ្លើយ​តប​ជា​មួយ​នឹង​ការ​ផ្ដល់​ជូន​ពី​ម្ចាស់​ជំនួយ​។

ម៉ាស៊ីន​ផលិត​អុក​ស៊ី​ហ៊្សែន​ ជា​ម៉ាស៊ីន​ដែល​អាច​ផលិត​អុក​ស៊ី​ហ៊្សែន​ចំនួន​​ ៣០០​ លីត្រ ​​​ក្នុង ​​១​​ នាទី​ (LPM) ជា​មួយ​នឹង​​ស្ថានីយផ្ទុក​​ដែល​មាន​បំពង់​ស៊ី​ឡាំង ​និង​​ត​ភ្ជាប់​​ទៅ​​បំពង់​​អុកស៊ីហ៊្សែនរបស់​មន្ទីរពេទ្យ។

ដូច្នេះ​វា​នឹង​​ជួយ​​សន្សំ​សំចៃ​​ពេល​វេលាថ​វិការបស់​មន្ទីរ​ពេទ្យ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​កង្វះ​អុក​ស៊ី​ហ៊្សែនដែល​បង្ក​​គ្រោះ​​ថ្នា​ក់​ដល់ការ​​ព្យាបាល​អ្នក​ជំងឺ​។

សូម​បញ្ជាក់​ផងដែរ​ថា នៅ​តាមបណ្តា​ខេត្ត​មួយ​ចំនួន​ មាន​ម៉ាស៊ីន​ផលិត​អុក​ស៊ី​​ហ៊្សែន​ផងដែរ​សម្រាប់​ផលិត​អុក​ស៊ីហ៊្សែ​ន​ក្នុង​ការ​ជួយ​សង្រ្គោះ​អ្នកជំងឺ​ ក្នុង​នោះ​មាន​ដូច​ជា ខេត្តព្រះ​សីហនុ ​ព្រះវិ​ហារ សៀម​រាប ​កំពង់​ចាម​ និង​ខេត្ត​កោះកុ​ង​ជាដើម​។

គួររំឭក​ផង​ដែរថា រាជ​រដ្ឋាភិ​បាល​កម្ពុជា ធ្លាប់​បាន​ផ្តល់​នូវ​អំណោយ​ជាសម្ភារ​បរិក្ខារ​ពេទ្យ ប្រើប្រាស់​សម្រាប់​ប្រយុទ្ធនឹង​ជំងឺកូវីដ​ ១៩ ក្នុង​នោះ​មាន​ទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីហ៊្សែន​ផង​ដែរ ដែល​ជាក់ស្តែង​ម៉ាស៊ីន​ផលិត​អុក​ស៊ីស៊្សែនចំនួន​ ១០០ គ្រឿង ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សុខា​ភិបាល ធ្វើការ​ប្រគល់​ជូនរដ្ឋា​ភិបាល និងប្រជាជន​វៀត​ណាម​ កាល​ពី​ខែកក្កដា ឆ្នាំ​ ២០២១ ​កន្លង​ទៅ​​៕