
សមត្ថកិច្ចបន្តរារាំងមិនឱ្យអ្នកគាំទ្រចូលទៅកាន់ដីចម្ការលោក ខឹម វាសនា នាពេលកន្លងទៅ។ រូបថត AKP
សៀមរាបៈ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃទី ២១ កញ្ញា បានបន្តហាមឃាត់អ្នកគាំទ្រលោក ខឹម វាសនា មិនឱ្យចូលទៅជួបជុំគ្នានៅទីតាំងដីចម្ការបន្ថែមទៀតនោះឡើយ ខណៈដែលអ្នកគាំទ្រជាង ១ ពាន់នាក់ នៅមិនទាន់បានចាកចេញពីទីតាំងប្រមូលផ្តុំនោះនៅឡើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ ដែលត្រូវឪពុកម្ដាយនាំទៅជាមួយ។
លោក ទុំ តាក ជាអ្នកគាំទ្រម្នាក់របស់លោក ខឹម វាសនា បានប្រាប់ថា ក្រោយរំសាយការជួបជុំលោកមិនត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យចូលទៅកាន់ដីចម្ការរបស់លោក ខឹម វាសនា ដូចទម្លាប់ពេលមុនឡើយ។ លោកថា៖ «ខ្ញុំឆ្ងល់ជាដីចម្ការរបស់យើងសោះ (លោក ខឹម វាសនា ) ហេតុអ្វីអាជ្ញាធរមិនឱ្យយើងចូលអ៊ីចឹង ហើយតែងលើកឡើងជានិច្ចពីសុវត្ថិភាពរបស់កុមារ និងមនុស្សចាស់រស់នៅទីនោះ។ កាលពីលើកមុន បានកាត់ផ្ដាច់ ភ្លើង អ៊ីនធឺណិត អត់ឱ្យយើងទាក់ទងគ្នាបានទេ» ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងនៅថ្ងៃទី២១កញ្ញាថា មានមូលហេតុជាច្រើន ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលទៅកាន់ដីចម្ការរបស់លោក ខឹម វាសនា ក្នុងកាលៈទេសៈនេះ។
លោកបានចោទសួរថា៖ «តើការចូលទៅកាន់ដីចម្ការពីសំណាក់អ្នកគាំទ្រមានគោលបំណងអ្វី ប្រជុំគណបក្ស ឬ ក៏ធ្វើអី ហើយកន្លែងនោះជាទីស្នាក់ការបក្សគាត់ឬយ៉ាងម៉េច? មួយទៀតយើងហាមមិនឱ្យចូលដោយអនុលោមតាមកិច្ចសន្យារវាងម្ចាស់ចម្ការម្នាក់ទៀត ដែលជាអ្នកគាំទ្រលោក ខឹម វាសនា មិនអនុញ្ញាតឱ្យអ្នកថ្មីចូលឡើយ បើអ្នកចាស់ជាង ១ ពាន់នាក់ទៀតអត់ទាន់ស្ម័គ្រចិត្តចាកចេញ» ។
គួរបញ្ជាក់ថា តំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក នី ចាន់ ពិនិត្យ នៅថ្ងៃទី៦ កញ្ញាបានផ្ញើលិខិត ១ ច្បាប់ទៅរដ្ឋបាលខេត្តសៀមរាប ដើម្បីសុំឱ្យខេត្តជួយអន្តរាគមន៍យកដីចម្ការរបស់លោក ២ ទីតាំងវិញ បន្ទាប់ពីលោកក្នុងនាមជាម្ចាស់ដីបានផ្ដល់ការស្នាក់នៅបណ្ដោះអាសន្នដល់អ្នកគាំទ្រ លោក ខឹម វាសនា នាពេលកន្លងមក។
ដីចម្ការទាំង ២ ទីតាំងស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី។ ចំណែកដីចម្ការរបស់លោក ខឹម វាសនា ស្ថិតក្នុងភូមិសសើ ឃុំត្បែង ស្រុកបន្ទាយស្រី។
បើតាមលោកស្នងការ អាជ្ញាធរបារម្ភខ្លាំងមែនទែន ពីសុវត្ថិភាពរបស់កុមារ ពាក់ព័ន្ធបញ្ហាកង្វះទឹកស្អាត និងអនាម័យ។ លោកថា៖ «យើងបារម្ភថា ការប្រមូលផ្ដុំជាង ១ ពាន់នាក់ហ្នឹង ផាសុកភាពគាត់យ៉ាងម៉េច សំខាន់មានទាំងក្មេងទៀតនោះ មានគិតពីការប៉ះពាល់ការរៀនសូត្ររបស់គ្នាទេ ហើយសួរគាត់ចង់ចូលហ្នឹងចូលទៅធ្វើអី? ហើយគាត់ប្រាប់យើងថា ចូលទៅគេចពីទឹកជំនន់និងស្ដាប់ធម៌ ស្ដាប់ធម៌ក៏ស្ដាប់ចុះបើធ្វើឡើងម្ដងម្កាល» ។
ចំពោះមនុស្សជាង ១ ពាន់ដែលបន្តស្នាក់នៅដីចម្ការរបស់ លោក ខឹម វាសនា អាជ្ញាធរមិនប្រើវិធានការអ្វីទេដោយទុកឱ្យពួកគេចាកចេញដោយស្ម័គ្រចិត្ត តែលោកស្នងការបានអំពាវនាវឱ្យអ្នកទាំងនោះគិតពីអនាគតកុមារទាក់ទងការសិក្សារៀនសូត្រ។
យ៉ាងណាក្តី សម្រាប់អ្នកគាំទ្រលោក ខឹម វាសនា គឺលោក ទុំ តាក បានចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះទីតាំងដីចម្ការដែលអ្នកគាំទ្រចង់ចូលទៅ ជារបស់ឯកជនមិនមែនរបស់រដ្ឋឡើយហើយបំណងដែលចូលទៅទីនោះ ប្រៀបដូចជាចូលទៅផ្ទះរបស់អ្នកគាំទ្រលោក ខឹម វាសនា ទៅហើយ។
គួរជម្រាបជូនថា នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅភូមិរុនតាឯក ក្នុងខេត្តសៀមរាបនាថ្ងៃទី១៣ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បកស្រាយជុំវិញការលើកឡើងនានាថា លោកជាអ្នកបញ្ជា លោក ខឹម វាសនា ឱ្យបង្កើតព្រឹត្តិការណ៍ប្រមូលផ្ដុំពលរដ្ឋ នៅក្នុងចម្ការម្រេច ជើងភ្នំគូលែន ដើម្បីបង្វែរការចាប់អារម្មណ៍ពីរឿងរ៉ាវជាតិផ្សេង។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា មូលហេតុ ដែលរដ្ឋាភិបាល មិនបង្ក្រាបការប្រមូលផ្ដុំនេះ គឺព្រោះតែនេះជាអបិយជំនឿតែប៉ុណ្ណោះមិនមែនជាការធ្វើរដ្ឋប្រហារ ដែលរដ្ឋាភិបាលត្រូវបង្ក្រាបនោះទេ៕
វីដេអូ៖