ភ្នំពេញៈ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកហ៊ុន ម៉ាណែត ថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយ ព្រំដែន គឺពិតជាបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំង ២ ។
លោក ហ៊ុន ម៉ាណែត ដែលក៏ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងនោះ បញ្ជាក់បែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាយុធ ចាន-អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការលើកទី២ នៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២០ ខែកញ្ញា។
លោក ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរ ដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ ១៩ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈ ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាព របស់ប្រជាជន នៃប្រទេសទាំង ២ » ។
ក្នុងជំនួបនោះ លោក ប្រាយុធ ចាន-អូចា ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង ២ លោក ចាន-អូចា បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តាប្រភេទកងទ័ពទាំង ៣ គ្រប់កម្រិត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

លោក ប្រាយុទ្ធ ចាន-អូចា ក៏បានអបអរសាទរចំពោះដំណើរការដោយជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) កាលពីខែមិថុនា និងបានគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ាន របស់កម្ពុជា រាប់ទាំងវិធានការនានា ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ លោកក៏បានជូនពរឱ្យកម្ពុជា បន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ ២០២២ ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំង ២ ដែលកាន់តែបន្តរីកចម្រើនទៅមុខ។ លោកថា សមិទ្ធផលសំខាន់ៗ ដែលកងទ័ពជើងគោកប្រទេសទាំង ២ សម្រេចបានក្នុងរយៈកាលកន្លងមក រួមមានទាំងកិច្ចសហការល្អ រវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន។ ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្ត តាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតល្មួត។
លោកបញ្ជាក់ថា៖ «ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ» ។
លោក ម៉ាណែត បានបញ្ជាក់ថា កងកម្លាំងនៃប្រទេសទាំង ២ កន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
បើតាមក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោកកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការលើកទី២ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ភាគីថៃ។
តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងថៃ បានប្ដេជ្ញា ថែរក្សាទំនាក់ទំនង មិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អ ក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារ នៃ «លក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ TOR » ដើម្បីការពារ និងកសាងប្រទេសជាតិទាំង ២ ឱ្យបានរីកចម្រើន រុងរឿងទាំងអស់គ្នា៕