The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​ខ្មែរក្រហមសម្រេចតម្កល់ការ​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់គុក១​ជីវិត ហើយ​បាន​បិទផ្លូវ​តវ៉ា និង​បញ្ចប់​សំណុំរឿង

​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​ខ្មែរក្រហមសម្រេចតម្កល់ការ​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់គុក១​ជីវិត ហើយ​បាន​បិទផ្លូវ​តវ៉ា និង​បញ្ចប់​សំណុំរឿង

Content image - Phnom Penh Post
លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម នៅក្នុងអង្គជំនុំជម្រះ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត FB

​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​ខ្មែរក្រហមសម្រេចតម្កល់ការ​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់គុក១​ជីវិត ហើយ​បាន​បិទផ្លូវ​តវ៉ា និង​បញ្ចប់​សំណុំរឿង

ភ្នំពេញៈ ​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល​នៃ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​ហៅ​កាត់​ថា (​អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃទី​ ២២ ខែកញ្ញា បានប្រកាស​សាលដីកា ដោយបាន​តម្កល់​សេចក្តីសម្រេច​របស់​អង្គ​ជំនុំ​ជំ​ម្រះ​សាលាដំបូង ដែល​បាន​ផ្តន្ទាទោស​លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដាក់ពន្ធនាគារ​អស់ ១ ​ជីវិត ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​អំពើ​អមនុស្សធម៌​ដទៃទៀត ហើយ​បាន​បិទផ្លូវ​តវ៉ា និង​បញ្ចប់​សំណុំរឿង ០០២/០២ ​ផងដែរ​។

​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល បានឱ្យដឹងថា សម្រាប់​បទឧក្រិដ្ឋ​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់ពន្ធនាគារ​អស់​ ១​ ជីវិត គឺជា​រឿង​សមស្រប​។ ដូច្នេះ​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល សម្រេច​ត​ម្ត​ល់​ទុក​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ចាត់ទុកថា ការដាក់ទោស​អស់ ១ ​ជីវិត ជាការ​សមស្រប ដែល​បាន​បង្ក​សោកនាដកម្ម​ដល់​ប្រជាពលរដ្ឋ​ក្នុងសម័យ​ខ្មែរក្រហម​។​

អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូលសម្រេច​ថា​៖ «​ប្រកាស​តម្កល់​ការដាក់ទោស​ដាក់ពន្ធនាគា​រ​អស់​ ១ ​ជីវិត​ជនជាប់ចោទ ខៀវ សំផន របស់​អង្គជំនុំជម្រះ​សាលាដំបូង និង​ប្រកាសថា ទោស​ដាក់ពន្ធនាគារ​អស់ ​១ ​ជីវិត ក្នុង​សំណុំរឿង ០០២/០២ នេះ​ត្រូវអនុវត្ត​ត្រួតគ្នា​ជាមួយនឹង​ទោស​ដាក់ពន្ធនាគារ​អស់​១​ជីវិត​ក្នុង​សំណុំរឿង ០០២/០១»​។​

ជាមួយគ្នានេះដែរ អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល បង្គាប់ការ​លោក ខៀវ សំផន ឱ្យ​ស្ថិតនៅ​មន្ទីរឃុំឃាំង អ​.​វ​.​ត​.​ក ដោយ​រង់ចាំ​ការចេញ​សាលដីកា​មាន​សំអាង​ហេតុ​ពេញលេញ និង​ការរៀបចំ​សម្រាប់​ការផ្ទេរ​ឱ្យ​អនុវត្ត​តាមច្បាប់ ទៅ​ពន្ធនាគារ​ដែល​ត្រូវ​បន្ត​អនុវត្ត​ទោស​របស់គាត់​។​

លោក ខៀវ សំផន អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​តែ​ម្នាក់​គត់​ដែល​នៅ​រស់រានមានជីវិត​ដែលមាន​បច្ចុប្បន្ន​មាន​អាយុ ៩១ ​ឆ្នាំ ដែល​កំពុង​បន្ត​អនុវត្ត​នីតិវិធី​ជាប់ឃុំ​នៅ​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​នៅ​អង្គ​ជំនុំ​ជំ​ម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា​។​

លោកត្រូវបាន​អង្គ​ជំនុំ​ជំ​ម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា បាន​រកឃើញថា មាន​ពិរុទ្ធភាព​ក្រោម​បទ​ចោទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​ ១៩៤៩ និង​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម ខណៈ​លោក​គឺជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​។​

​ការសម្រេច​របស់​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល គឺ​ផ្អែកលើ​សាលក្រម​របស់​អង្គ​ជំនុំ​ជំ​ម្រះ​សាលាដំបូង ដែល​បានប្រកាស​សាលក្រម កាលពី​ថ្ងៃ​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៨៕

អត្ថបទគួរចាប់អារម្មណ៍