The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ផែន​ការ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២ ​នៅ​ដើម​ខែ​តុលា ឯលទ្ធផលឆ្នាំ​ ២០២១ នឹងប្រកាសនៅដើមឆ្នាំក្រោយ

ក្រសួង​ផែន​ការ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២ ​នៅ​ដើម​ខែ​តុលា ឯលទ្ធផលឆ្នាំ​ ២០២១ នឹងប្រកាសនៅដើមឆ្នាំក្រោយ

Content image - Phnom Penh Post
សកម្មភាពច្រូតស្រូវដោយប្រើត្រាក់ទ័រនៅក្នុងខេត្តកណ្ដាលកាលពីឆ្នាំ ២០២១។ ហេង ជីវ័ន

ក្រសួង​ផែន​ការ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២ ​នៅ​ដើម​ខែ​តុលា ឯលទ្ធផលឆ្នាំ​ ២០២១ នឹងប្រកាសនៅដើមឆ្នាំក្រោយ

ភ្នំពេញៈ ក្រសួង​ផែន​ការ​នឹង​ប្រកាស​លទ្ធផល​អង្កេត​កសិក​ម្ម​ឆ្នាំ​ ២០២១​ នៅ​ដើម​ឆ្នាំ​ក្រោយ​ស្របពេល​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២​ នៅ​ដើម​ខែ​តុលា​ឆ្នាំ​នេះ ​ខណៈ​របាយការណ៍​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ បាន​បង្ហាញ​ថា ​មាន​ជាង​ ២ ​លាន​គ្រួសា​រ ឬ​ប្រហែល ​៥៧ ភាគ​រយ​ នៃ​គ្រួសារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​កាន់​កាប់​កសិក​ម្ម​លក្ខណៈ​គ្រួសារ​។​

​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា ​រាជរដ្ឋា​ភិ​បាល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ ដើម្បី​ផ្សព្វ​ផ្សាយ​លទ្ធផល​អង្កេត​កសិកម្ម​ស្ថិត​ក្រោម​គំនិត​ផ្តួច​ផ្តើម ​៥០x​២០៣០​ ដើម្បី​លុប​បំបាត់​គម្លាត​ទិន្ន​ន័យ​កសិកម្ម​នៅក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប ​និង​មធ្យម​កម្រិត​ទាប​។​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ ត្រូវ​បាន​ធ្វើឡើង​រួម​គ្នា​ដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ (NIS) នៃ​ក្រសួង​ផែន​ការ ​(MoP) សហ​ការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ (MAFF) ដោយ​មាន​ការ​គាំទ្រ​បច្ចេក​ទេស​ពី​អង្គការ​ស្បៀង និង​កសិ​កម្ម​នៃ​សហ​ប្រជា​ជាតិ ​(FAO)​។​

​លោក​ ឆាយ ​ថន ​រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា តាម​ការ​អ​ង្កេត​កា​រកាន់​កាប់​កសិកម្ម​លក្ខណៈ​គ្រួសារ​មាន​ជាង ​២​ លាន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ ហើយ​ប្រហែល​ ៥៧ ​ភាគ​រយ​នៃ​គ្រួ​សារបាន​ចូលរួម​ក្នុង​ផលិត​កម្ម​កសិកម្ម​។​

​លោក​បាន​បន្តថា គ្រួសារ​កាន់​កាប់​ទាំង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​​៤ តំបន់​ភូមិ​សាស្ត្រ ដូចជា ​តំបន់​វាល​ទំនាប​មាន ​៤៣ ភាគ​រយ ​តំបន់​បឹង​ទន្លេ​សាប​មាន​ ៣៥​ ភាគ​រយ ​តំបន់​ខ្ពង់រាប​មាន​ ១៥​ ភាគ​រយ​ និង​តំបន់​សមុទ្រ​មាន ​៧ ​ភាគ​រយ​។ លោក​បន្ថែម​ថា ​គ្រួសារ​កាន់​កាប់​កសិក​ម្ម​ទាំង​នោះ គឺ​មាន​គ្រួសារ​ដែល​ធ្វើ​កសិកម្ម​សម្រាប់​ហូប​ក្នុង​គ្រួសារ​មាន​ប្រមាណ​ ៦១​ ភាគ​រយ ​និង​គ្រួសារ​ធ្វើ​កសិកម្ម​សម្រាប់​លក់​លើ​ទីផ្សារ​មាន​ប្រមាណ​ ៣៩​ ភាគ​រយ​។​

​លោក ឆាយ ថន បាន​ឱ្យ​ដឹង​ទៀតថា ក្នុង​ចំណោម​គ្រួសារ​កសិកម្ម​ទាំងអស់​នៅកម្ពុ​ជា មាន​ប្រមាណ​ ៩៤​ ភាគរយ បាន​រាយ​កាណ៍​ពី​សកម្ម​ភាព​ដាំ​ដំណាំ ​ខណៈ​ ៨២​ ភាគរយ​នៃ​គ្រួសារ​កសិកម្ម​ទាំង​អស់​បាន​រាយការណ៍​ពី​កា​រចិញ្ចឹម​ បសុសត្វ ប​សុ​បក្សី ឬ​សត្វ​ល្អិត​និង​មាន​ប្រហែល​ ២៧​ ភាគ​រយ​ នៃ​គ្រួសារ​កសិកម្ម​បាន​ចូលរួម​ក្នុង​សកម្ម​ភាព​នេសាទ​និង ​៦ ​ភាគ​រយ​មាន​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​វារី​វប្ប​កម្ម​។​

​លោក​បាន​បញ្ជាក់​ថា​៖«​លទ្ធផល​នៃ​ការ​អ​ង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ នេះ គឺជា​របាយ​ការណ៍​លើក​ទី​២ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​បន្ទាប់ពី​របាយ​ការណ៍​ល​ទ្ធ​ផល​អ​ង្កេត​ជំរឿន​កសិ​កម្ម​ឆ្នាំ ២០១៩ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ឆ្នាំ ​២០២១​ បន្ទាប់​ពី​មាន​ជំរឿន​កសិកម្ម​លើក​ទី​១​ កាល​ឆ្នាំ​ ២០១៣ ​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រចាំឆ្នាំ​នូវ​ទិន្នន័យ​ជំរឿន​គោល ​ដើម្បី​ចង់​ក្រង​ស្ថិតិ​កសិកម្ម​»​។​

​លោក​ ឆាយ ថន បាន​អះ​អាង​ថា លទ្ធផល​អង្កេត​កសិក​ម្ម​នេះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ស្ថា​ប័ន​ពាក់​ព័ន្ធ ជា​ពិសេស​រាជ​រដ្ឋាភិ​បាល ដើម្បី​រៀបចំ​គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច សង្គម​កិច្ច និង​បរិស្ថាន ​ជាពិសេស​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​ស្រី​ ហង់ លី​ណា ប្រតិ​ភូ​រាជរដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយក​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​ក្រសួង​ផែន​ការ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ចាប់​តាំងពី​ឆ្នាំ​ ២០១៩ ​មក ក្រសួង​ផែន​ការបាន​ធ្វើការ​អង្កេត​កសិក​ម្ម​ជា​រៀង​រាល់​ឆ្នាំ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​នេះ​ត្រូវបាន​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់​។​

​លោក​ស្រីបាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ យើង​ផ្សព្វ​ផ្សាយ​លទ្ធផល​អង្កេត​កសិ​កម្ម ឆ្នាំ​ ២០២០ ហើយ​លទ្ធ​ផល​អង្កេត​ឆ្នាំ​ ២០២១ យើ​ង​បាន​ធ្វើ​រួច​ហើយ គ្រាន់​តែ​មិនទាន់​ចេញ​ផ្សាយ​។ ឥឡូវ​នេះ យើង​ចាប់ផ្តើម​អង្កេត​កសិកម្ម​ឆ្នាំ​២០២២​ ដែល​ខែ​ក្រោយ (​តុលា​) យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ហើយ​»​។​

​បើតាម​លោក​ស្រី ហង់ លី​ណា នៅ​ដើម​ឆ្នាំ​ ២០២៣ ក្រសួង​ផែន​ការនឹ​ង​ប្រកាស​លទ្ធផល​អង្កេត​កសិក​ម្ម​ឆ្នាំ​ ២០២១​ ខណៈ​វិធីសាស្ត្រ​នៃ​ការ​អង្កេត​គឺ​មិនមាន​ភាព​ខុស​គ្នា​នោះ​ទេ ដើម្បី​ប្រៀប​ធៀប​ស្ថាន​ភាព​កសិកម្ម​នៅ​កម្ពុជា​ពី​ ១​ឆ្នាំ ទៅ​ ១ ​ឆ្នាំ​។​

​លោក​ស្រី Rebekah Bell តំណាង​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) បាន​ថ្លែង​ថា អង្គការ FAO នឹង​បន្ត​ជួយ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​កម្ពុជា​ក្នុង​ការ​ធ្វើ​អង្កេត​កសិក​ម្ម ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា​។ អ្នក​ស្រី​បាន​បន្តថា លទ្ធ​ផល​នៃ​ការ​អង្កេត​នេះក៏​មិន​មែន​សម្រាប់​តែ​កម្ពុជា​ដែរគឺ​ពិភព​លោក​ពិតជា​ត្រូវការ​ ដើម្បី​ទទួល​បាន​ទិន្នន័យ​ច្បាស់​លាស់​មួយ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យចំ​គោល​ដៅ​ ​។​

​លោក​ស្រី​បញ្ជាក់​ថា​៖ «​ទិន្នន័យ​ដែល​យើង​ផលិត​បាន​មក​កន្លង​មក​ គឺ​មាន​សារៈ​សំខាន់​មែន​ទែន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សុវត្ថិ​ភាព និង​ផល​ប៉ះ​ពាល់​ដែល​មាន​ដូចជា​កូ​វីដ​ ១៩ ​មក​លើ​វិស័យ​កសិកម្ម​។ ទិន្នន័យ​នេះក៏​បាន​បង្ហាញ​ពី​ការដាំ​ដំណាំ ​ការចិញ្ចឹម​ប​សុ​បក្សី និង​វារី​វប្ប​កម្ម​និង​នេសាទ​ផង​ដែរ ដែល​ទាំង​អស់នេះ​ គឺជា​ការឆ្លុះបញ្ចាំង​នៅ​ប្រទេស​កម្ពុជា ចាប់តាំ​ងពី​រចនាស​ម្ព័ន្ធ​គ្រួសា​ររហូត​ដល់​សហ​គ្រាស​ក​សិ​កម្ម​ខ្នាត​ធំ​»​។​

​លោក ចាន់ ​ចេស្តា រដ្ឋ​លេខាធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទបាន​ថ្លែង​ថា ការរៀប​ចំ​ផែន​ការ​អភិវឌ្ឍ​ន៍វិស័យ​កសិកម្ម​ គឺ​មិន​អាច​ផ្តាច់​បាន​ពី​ទំនាក់​ទំនង​នៃ​ការប្រើ​ប្រាស់​ព័ត៌មាន ​និង​ទិន្នន័យ​នៃ​ការអង្កេត​កសិកម្ម​ប្រចាំ​ឆ្នាំ​បានទេ​។ លោកបាន​បន្តថា ការ​មាន​ព័ត៌មាន​ច្បាស់លាស់​ពី​វិស័យ​កសិកម្ម​ គឺជា​ជំ​ហាន​ដែល​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិ​កម្មដែល​លោក​រំពឹង​ថា ​លទ្ធផល​អង្កេត​កសិក​ម្ម​ចុង​ក្រោយ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការកសាង​គោល​នយោ​បាយ​របស់​កម្ពុ​ជា ដើម្បី​ឆ្លើយត​ប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍ​។​

លោកបាន​បញ្ជាក់​ថា​៖ «​យើង​បាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​កិច្ចសហ​ការ​ជាមួយ​អន្តរ​ក្រសួងជាពិសេស​ក្រសួង​ផែន​ការក្នុង​ការផ្តល់​មន្ត្រី​សហ​កា​រក៏ដូច​ជា​ការរួម​ចំណែក​ផ្តល់​ធាតុ​ចូល​ផ្សេងៗ​។ យើង​ក៏​ត្រៀមខ្លួន​ជា​ស្រេច​ក្នុងការ​ទទួល​យក​អនុសាសន៍​ល្អ​បន្ថែម​ទៀតពី​ក្រសួង​ផែន​ការ ឬ​ស្ថាប័ន​នានានិង​ដៃគូ​អភិ​វឌ្ឍន៍​»​។

​តាម​របាយ​ការណ៍​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០ បាន​ប៉ាន់​ប្រមាណ​ថា ​មានគ្រួសារ​កសិកម្ម​ប្រមាណ​ ៤០ ​ភាគរយ​ ក្នុងចំណោម​ជាង​ ២ ​លាន​គ្រួសារបា​ន​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​រយៈ​ពេល ១២ ​ខែ​កន្លងមក​ដោយសារ​ខ្យល់​ព្យុះ ទឹក​ជំនន់​ បាក់​ដីគ្រោះរាំ​ងស្ងួ​ត និង​មហន្តរាយ​ផ្សេងៗ​ទៀត​រាប់​បញ្ចូល​ទាំង​មហន្ត​រាយ​ដោយ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ ជំងឺ​ដំណាំនិង​ជំងឺ​សត្វ​។

​ការរ​កឃើញ​នេះក៏បាន​ប៉ាន់​ប្រមាណ​កម្រិត​ថ្នាក់ជាតិ​មាន​គ្រួសារ​កសិកម្ម​ប្រមាណ​ ២៤៩ ០០០ គ្រួសារ (១២%) បាន​រង​ផលប៉ះ​ពាល់​ដោយ​គ្រោះ​មហន្ត​រាយ​ទាំងនោះហើយ ​ក្នុងចំ​ណោម​នោះក៏មា​ន​គ្រួសារ​មួយ​ចំនួន​រង​​ផលប៉ះពា​ល់​ដោយ​សារ​បញ្ហា​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ផង​ដែរ​។

​របាយ​ការណ៍​បាន​បញ្ជាក់ថា​​៖ «​ដោយសា​រតែ​ពេលវេលា​ដែល​កំណត់​យក​ក្នុង​ឆ្នាំ​យោង​ប្រមូល​ទិន្ន​ន័យ​ពីថ្ងៃ​ទី​ ១ ខែកក្កដា​ ឆ្នាំ​ ២០១៩ ​ដល់​ថ្ងៃទី​ ៣០ ​ខែមិថុនា ឆ្នាំ​ ២០២០ វា​ជា​ពេល​វេលា​ដែលជំងឺ​កូ​វីដ​ ១៩​ បាន​និង​កំពុង​រីក​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹងមាន​ផល​ប៉ះពាល់​កាន់តែ​ច្រើន​ជាង​នេះ​ទៀត​ក្នុង​លទ្ធផល​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​ ២០២១​ ខាង​មុខ​»៕

អត្ថបទគួរចាប់អារម្មណ៍