
ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់ខ្លះនៃខេត្តបន្ទាយមានជ័យ។ រូបថត នគរបាល
ភ្នំពេញៈ ស្ថានភាពអាកាសធាតុនាប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ នៅផ្នែកខាងលើនៃតំបន់ជួរភ្នំនិងខ្ពង់រាប ជាពិសេសនៅតំបន់ជួរភ្នំដងរែក ដែលបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅក្នុងផ្នែកខ្លះនៃបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនថៃ ដែលស្ថិតនៅជាប់តាមផ្លូវទឹក។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាថា ភ្លៀងនៅបន្តធ្លាក់ក្នុងតំបន់ជួរភ្នំដងរែក ដែលបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះនៃស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្នែកខ្លះទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ទឹកហូរពីខេត្តឧត្តរមានជ័យ បានបង្កការជន់លិចជាបន្តបន្ទាប់នៅក្នុងផ្នែកខ្លះទៀតនៃខេត្តសៀmរាប និងខេត្តកំពង់ធំ។
លោកថ្លែងថា យោងតាមទិន្នន័យ ដែល គ.ជ.គ.ម ទទួលបានពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ ប៉ះពាល់ និងខូចខាតដំណាំស្រូវនិងដំណាំរួមផ្សំ សរុបជាង ១ ម៉ឺនហិកតា ព្រមទាំងជន់លិចបះពាល់ផ្លូវវជាច្រើនកន្លែង នៅក្នុងក្រុង-ស្រុកចំនួន ៤ ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ្ឌ ក្នុងនោះប្រជាពលរដ្ឋចំនួន ៣៥៣ នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
នៅខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋ ១៣ គ្រួសារ ស្មើនឹង ៦៧ នាក់នៅក្នុងស្រុកអន្លង់វែង ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ខណៈកំណាត់ផ្លូវនិងស្ពានតាម៉ុក ក្នុងឃុំអន្លង់វែង កំពុងត្រូវបានហាមឃាត់ចរាចរឆ្លងកាត់ជាបណ្ដោះអាសន្ន ដោយសារទឹកជន់លិច និងហូរកាត់ខ្លាំងលើស្ពាននោះ។
លោកថ្លែងថា៖ «តាមទិន្នន័យ ដែលយើងទទួលបានពីខេត្តសៀមរាប គិតត្រឹមព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ៩០៦ គ្រួសារ ក្នុងនោះ ២៩ គ្រួសារ បានជម្លៀសចេញទៅស្នាក់នៅជាមួយសាច់ញាតិដោយខ្លួនឯង ខណៈសាលារៀនចំនួន ៣៣ កន្លែងត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន»។
បើតាមលោក គឹម កុលមុន្នី ក្រៅពីការជន់លិចប៉ះពាល់លំនៅឋាន និងសាលារៀន គ្រោះទឹកជំនន់ក្នុងខេត្តសៀមរាប នាពេលនេះ បានបង្កផលប៉ះពាល់ដំណាំស្រូវសរុប ៦ ១២៥ ហិកតា និង ដំណាំរួមផ្សំចំនួន ១ ៥៧៨ ហិកតា រួមទាំងលិចប៉ះពាល់ផ្លូវលំជនបទ សរុបជាង ៨០ គីឡូម៉ែត្រ ក្នុងនោះនៅស្រុកស្រីស្នំរងការខូចខាតធ្ងន់ធ្ងរជាងគេ។
ដោយឡែកនៅឯខេត្តកំពង់ធំ គ្រោះជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសែន ដែលមានប្រភពមកពីខេត្តព្រះវិហារ បានជន់លិចអូសបន្លាយក្នុងរយៈពេលជាង១ខែកន្លងមកនេះ បានធ្វើឱ្យខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបជាង ១ ម៉ឺនហិកតា នៅក្នុងក្រុង-ស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកស្ទោង និង ស្រុកសណ្ដាន់ ។ នេះបើតាមការអះអាងរបស់លោក យ៉ាន ឆវ័ន្ត សមាជិកក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ។
លោក ឆវ័ន្ត បានថ្លែងថា៖ «ស្ថានភាពទឹកជំនន់ នាពេលបច្ចុប្បន្ន នៅតែជាក្ដីព្រួយកង្វល់ ខណៈកម្ពស់ទឹកស្ទឹងសែន នៅតែឡើងចុះ ខ្ពស់ជាងកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន ចន្លោះពី ២-១៦ សង់ទីម៉ែត្រ អាស្រ័យទៅលើស្ថានភាពភូមិសាស្ត្រនៃក្រុង-ស្រុក ដែលស្ថិតនៅតាមដងស្ទឹងសែន និងប្រព័ន្ធដៃបឹងទន្លេសាបនៅក្នុងខេត្តនេះ»។
បើតាមលោក ឆវ័ន្ត កម្ពស់ទឹកស្ទឹងសែន គិតត្រឹមម៉ោង ១០: ៣០ នាទីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នៅស្ថានីយជលសាស្ត្រក្រុងស្ទឹងសែន ទឹកមានកម្ពស់ ១៣,៥២ ម៉ែត្រ ខ្ពស់ជាងកម្រិតប្រកាសឱ្យ ប្រុងប្រយ័ត្ន ២សង់ទីម៉ែត្រ ខណៈនៅស្ថានីយជលសាស្ត្រស្រុកសណ្ដាន់ ទឹកមានកម្ពស់ ១៨,៦៦ ម៉ែត្រ ខ្ពស់ជាង កម្រិតប្រកាសអាសន្ន ១៦ សង់ទីម៉ែត្រ។
លោកបានបន្ថែមថា៖«ដំណាំស្រូវសរុប ១១ ០៥៦ ហិកតា ដែលបានរងផលប៉ះពាល់តាំងពីខែមុន គិតមកទល់ពេលនេះ គឺត្រូវបានខូចខាតទាំងស្រុង។ ទន្ទឹមនឹងនេះ កំណាត់ផ្លូវជាងច្រើនកន្លែងបានរងការជន់លិច និង ខូចខាតដោយអន្លើ»។
ចំណែកនៅឯឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់វិញ ជំនន់ទឹកភ្លៀង បានជន់លិចនិងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិត ១០០ គ្រួសារ នៅក្នុងភូមិចំនួន ៤ គឺភូមិក្បាលទាហាន ភូមិបំណក់ ភូមិកណ្ដាល និងភូមិដង្កៀបក្ដាម បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញ ១ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងតំបន់ជួរភ្នំឱរ៉ាល់។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋាន។
លោក ញឹម វុត្ថា នាយនគរបាលប៉ុស្តិ៍ឈើតុំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នៅពេលនេះ ស្ថានភាពទឹកជំនន់ នៅមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងភូមិក្បាលទាហាន និងភូមិបំណក់ »។
យ៉ាងណាក៏ដោយ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងសប្ដាហ៍នេះ ប្រព័ន្ធសម្ពាធទាបកំពុងអូសកាត់ពីលើតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននៃប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតី កំពុងបង្កើនកម្លាំងនិងល្បឿនបក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ក្នុងស្ថានភាពនេះ ខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ និងខ្ពង់រាបឦសាន អាចនឹងជួបប្រឈមគ្រោះទឹកជំនន់ក្នុងកម្រិតមធ្យម៕