
លោក ឃ្លាំង ហួត ពេលចុះទៅទីតាំងបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវកាលពីថ្ងៃទី២១ កញ្ញា ។
ភ្នំពេញៈ សង្គមស៊ីវិលស្វាគមន៍ប្រតិ បត្តិការចុះស្រាវជ្រាវទីតាំងបញ្ចាំយានយន្ដគ្មានឯកសារ ខណៈអាជ្ញាធររាជធានីភ្នំពេញទើបរកឃើញម៉ូតូរាប់រយគ្រឿង ដែលត្រូវបានគេដាក់បញ្ចាំដោយគ្មានឯកសារ នៅតាមបណ្ដាហាងបញ្ចាំមួយចំនួននៅភ្នំពេញ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាស្វាគមន៍ចំពោះប្រតិបត្តិការបស់អាជ្ញាធរក្នុងការចុះស្រាវជ្រាវទីតាំងបញ្ចាំនៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបើកប្រតិបត្តិការចុះស្រាវជ្រាវទីតាំងបញ្ចាំខុសច្បាប់ ៣ ទីតាំង ដែលទទួលទិញផលពីចោរកម្មក្នុងខណ្ឌទួលគោក ម្ដុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អកទី៣ ដោយបានរកឃើញម៉ូតូ ២២២ គ្រឿង គ្មានឯកសារដាក់បញ្ចាំងស្របច្បាប់ក្នុងចំណោមម៉ូតូដែលមានភាពមិនប្រក្រតីជាង ៥០០ គ្រឿង និងបានឃាត់ខ្លួនមនុស្ស ៥ នាក់។
លោកថា៖ «ដំណើរដើមរឿងពិតជាអ៊ីចឹង មនុស្សបើកាលណាចាញ់ល្បែងនឹងយកមធ្យាបាយធ្វើដំណើរទៅបញ្ចាំមិនថា ម៉ូតូឬរថយន្តឡើយ ប៉ុន្តែយើងសួរថា ដើមចមនៃការកកើតឡើងហាងបញ្ចាំ អ៊ីចឹងសម្រាប់ខ្ញុំយល់ថា ការអនុញ្ញាតឱ្យមានល្បែងស៊ីសងឬភ្នាល់មិនថា ស្របច្បាប់ឬខុសច្បាប់សុទ្ធតែជាដើម[ហេតុ]សុទ្ធតែជាប្រភពនៃការខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។នេះយើងមិនទាន់រាប់បញ្ចូលពីផលប៉ះពាល់មកលើសង្គមផ្នែកហិង្សាក្នុងគ្រួសារ សុភមង្គលក្នុងគ្រួសារផង»។
លោក សន ជ័យ ជូនជាយោបល់ថា អាជ្ញាធរគួរតែរកឫសគល់នៃបញ្ហាកុំឱ្យកើតមានល្បែងស៊ីសង ទោះជាស្របច្បាប់ក៏ដោយ។
ចំណែកលោក យ៉ង គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) បានថ្លែងថា ហាងបញ្ចាំជាផ្នែកមួយតូចប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងស៊ីសងរបស់ពលរដ្ឋ។
លោកថា៖ «ខ្ញុំគាំទ្រមួយផ្នែកចំពោះសកម្មភាពអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងកន្លែងបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតហើយប្រតិបត្តិស្រាវជ្រាវនេះគួរផ្ដោតលើក្រុមយុវជនអំពីដើមទង ហេតុអ្វីនាំឱ្យគេយកមធ្យោបាយប្រើប្រាស់មកដាក់បញ្ចាំ សម្រាប់មនុស្សធំផ្ដោតលើមេគ្រួសារ»។
លោក ឈត ប៊ុនថង បានថ្លែងថា ប្រតិបត្តិការស្រាវជ្រាវហាងបញ្ចាំជាការរួមចំណែកយ៉ាងសំខាន់ដែលដើរទន្ទឹមនឹងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ លោកថា៖ «បើកាលណាបិទកន្លែងបញ្ចាំខុសច្បាប់អាចធ្វើឱ្យអ្នកលួចគ្មានកន្លែងលក់ គេនឹងលែងលួច ខ្ញុំសុំឱ្យអាជ្ញាធរបន្តប្រតិបត្តិការនេះរៀងរហូត រួមចំណែកជួយសង្គមបានច្រើនណាស់»។ តែយ៉ាងណាមិញ លោកបានស្នើឱ្យអាជ្ញាធរធ្វើការដោយប្រុងប្រយ័ត្នចំពោះហាងបញ្ចាំដែលស្របច្បាប់ ព្រោះហាងបញ្ចាំស្របច្បាប់ជួយសម្រាលបន្ទុកពលរដ្ឋបានមួយផ្នែក។
សូមជម្រាបជូនថា បន្ទាប់ពីរកឃើញម៉ូតូជាង ៥០០ គ្រឿង គ្មានឯកសារដាក់បញ្ចាំងស្របច្បាប់ អាជ្ញាធរក៏បានដឹកម៉ូតូទាំងនោះយកមកទុកក្នុងឃ្លាំងផ្សាររុងរឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ OCIC ខណ្ឌជ្រោយចង្វារ។ ជានីតិវិធីដើម្បីបានម៉ូតូត្រឡប់ទៅវិញ ម្ចាស់ម៉ូតូត្រូវកាន់មកជាមួយនូវកាតគ្រីដោយផ្ទៀងផ្ទាត់ តួលេខម៉ាស៊ីន និងស្លាកលេខម៉ូតូ។ ដើម្បីឱ្យពលរដ្ឋងាយស្វែងរកម៉ូតូរបស់ខ្លួនយកកាតគ្រីមកផ្ទៀងផ្ទាត់ឬអធិការដ្ឋានខណ្ឌជ្រោយចង្វារ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ។ លោកបានថ្លែងតាមប្រព័ន្ធឧគ្ឃោសនសព្ទពីកន្លែងឃ្លាំងទុកម៉ូតូនៅថ្ងៃទី ២១ ខែកញ្ញាថា អាជ្ញាធរបានរកឃើញម៉ូតូខុសប្រក្រតីចន្លោះពី ៥០០ ទៅ ៦០០ គ្រឿង ហើយម៉ូតូខុសប្រក្រតីអាចនឹងមានច្រើនជាងនេះទៀត ហើយប្រតិបត្តិការនេះបន្តធ្វើនៅតាមខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ។
លោកថា៖ «ខ្ញុំជឿថា ចោរលួច ឬចោរឆក់វាមិនស៊ីម៉ូតូទេ វាយកម៉ូតូទៅលក់ដូរលុយ យកលុយមកលេងល្បែង ជក់គ្រឿងញៀន ខ្ញុំអរគុណចំពោះអ្នកផ្ញើសារប្រាប់ថា មានទីតាំងស្តុកម៉ូតូជាច្រើននៅឃ្លាំងរំសេវ បន្ទាប់ពីចុះទៅស្រាវជ្រាវចប់នៅឃ្លាំងរំសេវ ខ្ញុំនឹងចុះទាំង ១៤ ខណ្ឌ»។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា ប្រតិបត្តិការរបស់អាជ្ញាធរនៅពេលនេះ ស្របនឹងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកអភិបាលរងបានប្ដេជ្ញាធ្វើការងារនេះឱ្យបានចប់ចុងចប់ដើម ដើម្បីប្រយោជន៍អ្នកដែលរងគ្រោះពីអំពើចោរកម្ម។
លោកថា៖ «ខ្ញុំសុំសន្យា សុំសច្ចាទាំងមេឃកំពុងភ្លៀងរលឹម បើខ្ញុំធ្វើការងារនេះគ្មានភាពត្រង់ជាមួយប្រជាជនសុំឱ្យរន្ទះបាញ់ស្លាប់ ខ្ញុំបូជាកម្លាំងកាយ កម្លាំងចិត្ត ដោយមានការចូលរួមពីប្រជាពលរដ្ឋ ព្រះរាជអាជ្ញា អភិបាលខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ និងបញ្ឈប់សកម្មភាពលួចឆក់ប្លន់»។
អភិបាលរងរូបនេះថា៖ «បើអត់កន្លែងបញ្ចាំចោរក៏ត្រូវបានកាត់បន្ថយដែរ មិនមែនថា អត់សោះទេ ដូច្នេះយើងត្រូវជីកឫសបញ្ហានេះ ហើយយើងអត់ចង់បង្ក្រាបទេ យើងចង់ទប់ស្កាត់កុំឱ្យមានបទល្មើស យើងអត់ចង់ប្លន់ហើយដើរទៅរកម៉ូតូទេ»។
ប្រតិបត្តិការចុះស្រាវជ្រាវហាងបញ្ចាំជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេសដែលកំពុងប្រយុទ្ធដូចភ្លៀងរលឹមនារដូវវស្សា។ សង្គមស៊ីវិលសង្ឃឹមថា ប្រតិបត្តិការធ្វើឡើងជាប់ជាប្រចាំជាមួយនឹងប្រសិទ្ធភាពទទួលយកបាន មិនត្រឹមដំណាក់មុនការបោះឆ្នោតដើម្បីបានសំឡេងគាំទ្រនោះទេ៕
វីដេអូ៖