ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានផ្តល់​ជា​អនុសាសន៍ និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​ប្រតិបត្តិ​ករ ​និងប្រជាពលរដ្ឋ​ ដោយ​សុំឱ្យ​ប្រតិបត្តិ​ករ​ទាំងអស់ ​ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ទាន់ពេលវេលា ក្នុងការ​ប្រមូល ​និង​កម្ទេចចោល​គ្រាប់មីន​ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​រាយការណ៍​។ នេះ​បើតាម​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន។​

លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ ​អនុប្រធាន​ទី១ ​អាជ្ញាធរ​មីន ​ក្នុង​កម្មវិធី​យុទ្ធនា​ការអប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន​ និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ​នៅ​ថ្ងៃទី ២១ ​ខែកញ្ញា ​នៅ​ឃុំ​ស្តៅ​ ស្រុក​រតនមណ្ឌល ​ខេត្តបាត់ដំបង ​ថ្លែងថា ​ការងារ​អប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន ជា​ចលនា​មួយ​យ៉ាងសំខាន់ ​ក្នុងការ​ទប់ស្កាត់ ​និង​កាត់បន្ថយ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​។

លោក​ លី ធុជ ថ្លែងថា​៖ «រាជរដ្ឋាភិបាល​កម្ពុជា​ បានចាត់ទុក​ការងារ​អប់រំ ​ផ្សព្វផ្សាយ​ការយល់ដឹង​ អំពី​គ្រោះថ្នាក់​ដោយសារ​មីន ​ជា​ចលនា​មួយ​យ៉ាង​សំខាន់ ​ក្នុងការ​ទប់ស្កាត់ ​និង​កាត់បន្ថយ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​»។​

លោក​បញ្ជាក់ថា​៖ «ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ​ទាន់ពេលវេលា​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រមូល និង​កម្ទេចចោល​គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​ដែល​បាន​រាយការណ៍»។​

ជាមួយគ្នា​នោះ រដ្ឋាភិបាល​ក​ម្ពូ​ជា ក៏បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ មិនត្រូវ​ប្រថុយប្រថាន​ចូលទៅ​តំបន់​ដែល​មិន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ ច្បាស់លាស់​ក្នុង​បំណង​ណាមួយ ដូចជា​ប្រើប្រាស់​ដី រុករក​អនុផល​ព្រៃឈើ ធ្វើដំណើរ​ឆ្លងកាត់ មិនត្រូវ​ប៉ះពាល់​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាដាច់ខាត​។​

លោក​ លី ធុជ បន្តថា​៖ «​លោក ​[​ហ៊ុន សែន​]​ បានស្នើ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយ​ធ្វើការ​អប់រំ​យល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលំទូលាយ​ជា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ​»​។​

លោក​ទេសរដ្ឋមន្ត្រី​បន្តថា ​លោក​នាយក​រដ្ឋមន្ត្រី ​ក៏បាន​ស្នើ​នគរបាល​ប៉ុស្តិ៍ ​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​ទៅដល់​ប្រជាពលរដ្ឋ ​តាមរយៈ​វេទិកា​នានា ជាពិសេស​ការអនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ​ មាន​សុវត្ថិភាព ​និង​ច្បាប់ ​ស្តីពី​ការគ្រប់គ្រង​អាវុធ ​គ្រឿងផ្ទុះ​ និង​គ្រាប់រំសេវ​។​

ក្នុង​យុទ្ធនាការ​នេះដែរ​ ក៏មាន​ការចូលរួម ពី​លោក​ សឿម ​ប៊ុនរិទ្ធិ ​អភិបាលរង​ខេត្តបាត់ដំបង ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ កងកម្លាំង​ប្រដាប់​អាវុធ​ លោកគ្រូ​-​អ្នកគ្រូ ​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ។​

លោក​ លី ធុជ​ បញ្ជាក់ថា​៖ «សម្តេច​តេ​ជោ​ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ និង​មិន​ចង់ឃើញ​ប្រជាពលរដ្ឋ​ណាមួយ​បន្ត​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​បន្ថែមទៀត​ទេ ដែល​មូលហេតុ​នៃ​ការគ្រោះថ្នាក់​នេះ ​គឹ​បណ្តាល​មកពី​ការបែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង រវាង​ខ្មែរ ​និង​ខ្មែរ បង្កឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ ​និង​ទុក្ខវេទនា​គ្រប់​បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ​»។​

ឆ្នាំ​ ១៩៩៨ គឺជា​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជា​ស្ថាពរ​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ស្ថាបនិក​សន្តិភាព និង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​។ នេះ​ជា​មេរៀន ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​សាមគ្គីភាព ឯកភាព ស្រឡាញ់​សន្តិភាព និង​គាំទ្រ​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​។ លោក លី ធុជ បាន​បន្ថែម​។​

លោក​ក៏បាន​ណែ​នាំឱ្យ​លោកគ្រូ​-​អ្នកគ្រូ ​ធ្វើការ​ផ្សព្វផ្សាយ ​និង​អប់រំ ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​យល់​ពី​គុណ​តម្លៃ នៃ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ និង​បណ្តុះ​មនសិការ​ស្នេហា​ជាតិ​។​

លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​ វិស័យ​សកម្មភាព​មីន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​។ ការងារ​អប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន​ត្រូវបាន​ចាត់ទុកជា​ធាតុ​យ៉ាងសំខាន់ ក្នុង​ការទប់ស្កាត់​ និង​កាត់បន្ថយ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ផងដែរ​។​

សូមបញ្ជាក់ថា​ ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ខែសីហា​ ឆ្នាំ​ ២០២២ ​ស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង​ ផ្ទៃដី​បោសសម្អាត​មីន​រួច ​មាន​ប្រមាណ ៩៦​ គីឡូម៉ែត្រ​ក្រឡា និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ​១៤ ៨០៧ ​គ្រាប់ មីនតោន​ ៦៩៩​ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ​៥០ ២៣០ ​គ្រាប់​។ ចាប់ពី​ខែមករា ​ដល់ខែសីហា ឆ្នាំ​ ២០២២ ស្រុក​រតនមណ្ឌល មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន​ ២​ នាក់ ​ដោយសារ​ការកាប់​ឈើ​។​

យោងតាម​របាយការណ៍​នៃ​អាជ្ញាធរ​មីន​ ចាប់ពី​ខែមករា​ ដល់​ខែសីហា​ ឆ្នាំ​ ២០២២ ​ជនរងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ មាន​ចំនួន​ ៤០​ នាក់ ដែល​អត្រា​នេះ​មានការ​កើនឡើង​ ២១% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០២១ ​ដែលមាន​ជនរងគ្រោះ​ចំនួន​៣៣​នាក់​។​

អាជ្ញាធរ​មីន​បានឱ្យដឹងថា​ ក្នុងចំណោម​ជនរងគ្រោះ​ចំនួន ​៤០​ នាក់​នេះ​ មានជនរងគ្រោះ​ដោយសារ​មីន​ចំនួន ១៨​ នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (​ស.ផ.ស.) ចំនួន ២២​ នាក់​៕