
លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីកាន់បិណ្ឌទី១២ នៅវត្តត្រពាំងព្រីង ខេត្តត្បូងឃ្មុំ។ រូបថត រដ្ឋសភា
ត្បូងឃ្មុំៈ ប្រធានរដ្ឋសភានិងជាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជាលោក ហេង សំរិន បញ្ជាក់ជាថ្មីប្រាប់ពលរដ្ឋថាសូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល ដែលនាំឱ្យជាតិវិនាសអន្តរាយ ខណៈដែលអតីអនុប្រធានសភាលោក កឹម សុខា រំឭកពីសេរីភាពរួមតូចរបស់ខ្លួននៅថ្ងៃវេនបិណ្ឌទី១២។
លោក ហេង សំរិន បានធ្វើបុណ្យដាក់បិណ្ឌនៅ វត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២២ ខែកញ្ញា ដែលជាស្រុកកំណើតរបស់លោក។ ចំពោះអតីតអនុប្រធានសភាលោក កឹម សុខា បានធ្វើបុណ្យដាក់បិណ្ឌនៅខេត្តដែលជាទីកំណើតរបស់ខ្លួនដែរ។
លោក ហេង សំរិន ថ្លែងទៅកាន់ពលរដ្ឋដោយលើកឡើងពីតម្លៃនៃសុខសន្តិភាព ដែលរកមកបានដោយលំបាកលំបិនបំផុត។ លោកគូសបញ្ជាក់ថា៖ «សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល ដែលប្រជាជាតិកម្ពុជាធ្លាប់បានហែលឆ្លងកាត់អស់ជាច្រើនឆ្នាំនាពេលកន្លងទៅ»។
លោក ហេង សីរិន បានរំឭកពីការកាន់កាប់ប្រទេសជាតិដោយរបបខ្មែរក្រហមមានការកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់ និងបានបំបាត់សាសនាជាដើម។ លោក ហេង សំរិន ថ្លែងថា៖ «យើងទាំងអស់គ្នាត្រូវតែចងចាំពីផលវិបាកនៃសង្គ្រាម ដោយត្រូវរួបរួមគ្នាក្នុងការថែរក្សាសុខ សន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃ ហើយត្រូវបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត»។
ចំពោះលោក កឹម សុខា វិញមិនបានកាន់ក្បាលមេក្រូថ្លែងការណ៍ទៅកាន់ពុទ្ធបរិស័ទទេតែលោកជួបសំណេះសំណាលដោយផ្ទាល់មាត់ប៉ុណ្ណោះ។ លោក កឹម សុខា សរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ «ក្នុងនាមជាខ្មែរ និងជាពុទ្ធសាសនិក ទោះបីមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិ សេរីភាពយ៉ាងណា ក៏ខ្ញុំនៅតែស្មោះត្រង់ចំពោះប្រជាជាតិខ្មែរ មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ មិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរ មិនប្រទូសរ៉ាយ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាដាច់ខាត។ កតញ្ញូចំពោះមាតុភូមិកម្ពុជា ចំពោះអ្នកមានគុណ ទាំងព្រះរស់ ទាំងបុព្វការីជនដែលបានចែកឋានទៅ គឺជាគុណធម៌របស់មនុស្សដែលមានសីល»។
លោក កឹម សុខា បានរំឭកទស្សនៈព្រះពុទ្ធសាសនានៃដំណើរជីវិតសត្វលោក ដែលមានទុក្ខំ អនិច្ចំ និងអនត្តា។
លោក កឹម សុខាកំពុងជាប់បម្រាមពីតុលាការដែលហាមមិនឱ្យលោកធ្វើនយោបាយ។ លោកក៏ធ្លាប់ត្រូវបានតុលាការព្រមានម្ដងដែរនៅក្នុងឆ្នាំនេះ នៅពេលដែលលោកចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិយាយពាក្យសារមួយចំនួនទៅកាន់អ្នកគាំទ្រ។
មនុស្សជំនិតរបស់លោក កឹម សុខា គឺលោក យឹម ស៊ីណន បដិសេធមិនឆ្លើយសំណួរពាក់ព័ន្ធនឹងដំណើរធ្វើបុណ្យដាក់បិណ្ឌរបស់អតីតមេបក្សប្រឆាំងនោះឡើយ។
លោក ហេង សំរិន និងលោក កឹម សុខា ធ្លាប់ធ្វើការក្នុងដំបូលរដ្ឋសភាក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋសភាដែលលោក ហេង សំរិន ជាប្រធាន លោក កឹម សុខា ជាអនុប្រធានទី១៕