The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ប្រវត្តិ​សាស្ត្រ៖ ការ​បញ្ចប់​សំណុំ​រឿង​មេដឹក​នាំខ្មែរ​ក្រហម គ្រាន់តែ​បង្ហាញ​ពីច្បាប់​ តែមិន​បាន​សង​ទារុណកម្មផ្លូវ​ចិត្ត​របស់​ពលរដ្ឋនោះទេ​

អ្នក​ប្រវត្តិ​សាស្ត្រ៖ ការ​បញ្ចប់​សំណុំ​រឿង​មេដឹក​នាំខ្មែរ​ក្រហម គ្រាន់តែ​បង្ហាញ​ពីច្បាប់​ តែមិន​បាន​សង​ទារុណកម្មផ្លូវ​ចិត្ត​របស់​ពលរដ្ឋនោះទេ​

Content image - Phnom Penh Post
អ្នក​ចូលរួមស្តាប់ការប្រកាសសាលដីកាផ្តន្ទាទោសលោក ខៀវ សំផន នៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី ២២ កញ្ញា។ រូបថត សហការី​

អ្នក​ប្រវត្តិ​សាស្ត្រ៖ ការ​បញ្ចប់​សំណុំ​រឿង​មេដឹក​នាំខ្មែរ​ក្រហម គ្រាន់តែ​បង្ហាញ​ពីច្បាប់​ តែមិន​បាន​សង​ទារុណកម្មផ្លូវ​ចិត្ត​របស់​ពលរដ្ឋនោះទេ​

ភ្នំពេញៈ ដំណើរ​ការកាត់​ក្តីលើសំ​ណុំរឿង​មេដឹក​នាំខ្មែរ​ក្រហម​ បាន​ឈាន​មក​ដល់​ទីបញ្ចប់​នៅ​ថ្ងៃទី ២២ កញ្ញា ដែល​ជាសវនា​ការបិទ​បញ្ចប់​នៃ​សាលាក្តី​ក្រហម ​ទៅលើ​បណ្តឹង​សារទុក​ប្រឆាំង​លោក​ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ និង​ជាមេ​ដឹក​នាំជាន់​ខ្ពស់​នៃរបប​កម្ពុជា​ប្រជា​ធិបតេ​យ្យ ដែល​នៅរស់​រាន​មាន​ជីវិត។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង ដោយ​សម្រេចផ្តន្ទា​ទោសជន​ជាប់​ចោទ ខៀវ សំផន ឱ្យ​ជាប់ពន្ធនាគារ​អស់១​ជីវិត ដោយ​អនុវត្ត​ទោស​ត្រួត​គ្នា​លើ​សំណុំរឿ​ង ២ គឺ ០០២/០១ និង ០០២/០២។

ការ​សម្រេច​នេះ ជាការ​ឈាន​ទៅ​បិទ​បញ្ចប់​អង្គជំនុំ​ជម្រះ​ទាំង​ស្រុង​ទៅ​លើអតីត​មេដឹក​នាំរបប​ខ្មែរ​ក្រហម ហើយ​ក៏ជាការ​ឈាន​ទៅ​បញ្ចប់​ទាំង​ស្រុង​ នៃ​សកម្ម​ភាព​របស់​សាលាក្តី​ខ្មែរ​ក្រហម ដែល​ជាសាលាក្តី​កូន​កាត់​។

ទោះជា​បិទ​បញ្ចប់​ទៅ​ពិត​មែន តែក្តីរំពឹង​ពីយុត្តិធម៌​របស់​ប្រជា​ពលរដ្ឋ​នៅតែ​មិន​មាន​ភាពពេញ​លេញនោះ​ទេ។ នេះបើ​តាម​ការ​លើក​ឡើង​របស់​លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​ខ្មែរ។

លោក​​និយាយ​ថា៖ «កាល​ណាយើង​និយាយ​អំពីសាលាក្តី​ខ្មែរ​ក្រហម យើង​គួរ​រំលឹក​ថា ​១០​ ឆ្នាំជា​ងហើ​យ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គិត​ពីការ​ប្រើប្រាស់​ពេល​វេលា​និង​ថវិកា ក៏ប៉ុន្តែ​ទោះ​បីជាការ​រួម​ចំណែក​អស់​ច្រើន អស់​តិច ក៏មិន​ស្មើនឹង​ទុក្ខ​ទារុណ​កម្ម វេទ​នា ដែល​កើត​ឡើង​ក្នុង​សម័យ​ ៣ ឆ្នាំ ៨ ​ខែ ២០​ ថ្ងៃ​នោះដែរ»​។

បើតាម​លោក សំបូរ ម៉ាណ្ណារ៉ា ​វាគ្រាន់​តែ​ជាការ​បង្ហាញ​អំពីច្បាប់​នៃសម័យ​ទំនើប អំពី​វិបត្តិទាំង​ឡាយ​នៃមនុស្ស​ជាតិ តែមិន​អាច​បំពេញ​ក្តី​ឈឺចាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​បាន​នោះទេ។

លោក​ថា៖ «បើខ្ញុំ​និយាយ​ពីយុត្តិធម៌​វិញ ខ្ញុំអត់​ដឹងថា​ យុត្តិធ​ម៌​យ៉ាង​ម៉េច​ទេ អត់ដឹង​ពីរបៀប​យុត្តិធម៌​នៅ​កន្លែង​ណា​ទេ កន្លែង​ហ្នឹង​នោះ ពីព្រោះ​វាគ្មាន​ពាក្យ​យុត្តិធម៌​ សម្រាប់​ពួក​គាត់​កើត​ទេ ព្រោះ​ការ​ឈឺចាប់​វាក្រៃ​លែង​មិន​អាច​បញ្ជាក់​បាន​»។

រីឯ​លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា យល់​ស្រប​ទៅនឹង​ការ​លើក​ឡើងរ​បស់លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណា​រ៉ា។

លោក ឆាំង យុ លើក​ឡើង​ថា៖ «កុំថា​ឡើយ​ ១៦​ ឆ្នាំ គឺយើង​បាន​រង់ចាំ​អស់រ​យៈពេល ​៤​០ ​ឆ្នាំ យើង​បាន​ប្រឹង​ប្រែង​អស់​រយៈ​ពេល ​៤​០ ​ឆ្នាំ នៅក្នុង​ពេល​ដែល​យើង​ទន្ទឹង​រង់ចាំ​ដំណើរ​ការមួយ​នេះ ឱ្យមាន​ការ​ទទួ​ល​ស្គាល់​ជាអន្តរ​ជាតិ​ នូវ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​កើត​ឡើង​នៅស្រុក​យើង នៅពេ​លដែល​យើង​ចង់​បាន​តុលាការ​មួយ​ នៅក្នុង​ស្រុក​របស់​យើង ដើម្បីយើង​បាន​ចូល​រួម​។ ខ្ញុំគិត​ថា ទាំង​អស់​នេះជា​ប្រវ​ត្តិសា​ស្ត្រ។ ខ្ញុំ​គិតថា​ គ្មាន​តុលាការ​ណា​មួយ ដំណើរ​ការ​ណាមួយ ​អាច​ប៉ះប៉ូវ​ជីវិត​របស់​ក្រុម​គ្រួសារ​សាច់​ញាតិ​យើង​បាន​ទេ»។

បើតាម​លោក ឆាំង យុ នេះជាមេ​រៀនមួយ ​ដែល​កម្ពុជា​បាន​រៀន​សូត្រ ដើម្បីទុក​រំឭក​ខ្លួន​ជាប្រចាំ​ កុំឱ្យ​កើត​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្លួន​ឯង​សាជា​ថ្មី​បែបនេះទៀត។

លោក ខៀវ សំផន ជាមេដឹក​នាំជាន់​ខ្ពស់​របប​ខ្មែរ​ក្រហម​ចុង​ក្រោយ​បង្អស់ ដែល​នៅមាន​ជីវិត​ និង​បន្ត​នីតិវិធី​ជំនុំ​ជម្រះ​ក្នុង​សាលា​ក្តីខ្មែរ​ក្រហម ដែល​បាន​ចាប់​ដំណើរ​ការ​តាំង​ពីឆ្នាំ២​០០៦។

ប្រតិបត្តិ​ការមក​ ១៦​ ឆ្នាំ តុលា​ការ​កូន​កាត់​នេះ​ បាន​កាត់​ទោស​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​ ០០១ និង​សំណុំរឿង​ ០០២ តួយ៉ាង​ដូច​ជា កាំង ហ្កិច​អ៊ាវ ហៅ​ឌុច អតីត​ប្រធាន​​មន្ទីរ ស.២១ លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេ​ស​ នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ និង​ភរិយា គឺលោក​ស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច លោក នួន ជា អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​និង​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋរបប​ខ្មែរ​ក្រហម ដែល​ជាមេដឹក​នាំចុង​ក្រោយ មុន​ដំណើការ​ជម្រះក្តី​ខ្មែរ​ក្រហម​ត្រូវ​បញ្ចប់​ជាស្ថាពរ​៕

អត្ថបទគួរចាប់អារម្មណ៍