The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពូល​នៃ អ​វ​តក សម្រេច​តម្កល់​ទោស​លោក​ ខៀវ សំផន ​ឱ្យ​ជាប់​ពន្ធនាគារអស់ ១ ជីវិត​

តុលាការ​កំពូល​នៃ អ​វ​តក សម្រេច​តម្កល់​ទោស​លោក​ ខៀវ សំផន ​ឱ្យ​ជាប់​ពន្ធនាគារអស់ ១ ជីវិត​

Content image - Phnom Penh Post
លោកខៀវ សំផន នៅក្នុង​សវនាការ​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃទី ២២ កញ្ញា ២០២២​​។ រូបថត សហ​ការី

តុលាការ​កំពូល​នៃ អ​វ​តក សម្រេច​តម្កល់​ទោស​លោក​ ខៀវ សំផន ​ឱ្យ​ជាប់​ពន្ធនាគារអស់ ១ ជីវិត​

ភ្នំពេញៈ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អវតក) បាន​ប្រកាស​សាលដីកា ដោយ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​ផ្តន្ទាទោស​លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដាក់​ពន្ធនាគារ​អស់ ១ ជីវិត ពាក់ព័ន្ធ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត។

​ការប្រកាស​សាលដីកា​របស់​សាលាក្តី​ខ្មែរក្រហម​នេះ ត្រូវបាន​ចាត់​ទុកថា គឺជា​ថ្ងៃ​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏ខ្មៅ​ងងឹត​របស់​កម្ពុជា​ដែល​ប្រជាជន​កម្ពុជា បាន​ទន្ទឹង​រង់ចាំ​យូរ​មកហើយ។​

​ប្រធាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​លោក​ចៅក្រម គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា នៅ​ថ្ងៃទី ២២ ខែ​កញ្ញា​ថា សម្រាប់​បទឧក្រិដ្ឋ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់ ១ ជីវិត គឺជា​រឿង​សមស្រប ព្រោះ​របប​ខ្មែរ​ក្រហម​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចន្លោះ​ពី ១ លាន ២ សែន​នាក់​ទៅ ជាង ២ លាន​នាក់។

​លោក​គង់​ស្រ៊ីម បន្តថា ដូចនេះ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​អង្គ​ ជំនុំ​ជម្រះ​សាលា​ដំបូង ដែល​បាន​ដាក់​ទោស​អស់ ១ ជីវិត គឺជាការ​សមស្រប ដែល​បង្ក​សោក​នាដកម្ម​ដល់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​ខ្មែរក្រហម។

​លោក​ប្រកាសថា​៖ «​អង្គ​ជំនុំ​ជំ​ម្រះ​តុលាការ​កំពូល សម្រេច​តម្កល់​ការ​ដាក់​ទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត ជន​ជាប់​ចោទ ខៀវ សំផន​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង និង​ប្រកាស​ថា ទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត ក្នុង​សំណុំរឿង ០០២/០២ នេះ​ត្រូវ​អនុវត្ត​ត្រួតគ្នា​ជាមួយ​នឹង​ទោស​ដាក់ ពន្ធនាគារ​អស់ ១ ជីវិត​ក្នុង​សំណុំ រឿង ០០២/០១»។​

​ជាមួយគ្នានេះដែរ អង្គ​ជំនុំ​ជ​ម្រះ​តុលាការ​កំពូល បង្គា​ប់លោក ខៀវ សំផន ឱ្យ​ស្ថិត​នៅ​មន្ទីរ​ឃុំឃាំង អវតក ដោយ​រង់ចាំ​ការចេញ​សាលដីកា​មាន​សំអាង​ហេតុ​ពេញលេញ និង​ការរៀបចំ​សម្រាប់​ការផ្ទេរ​ឱ្យ​អនុវត្ត​តាមច្បាប់ ទៅ​ពន្ធនាគារ​ដែល​ត្រូវ​បន្ត​អនុវត្ត​ទោស​របស់​គាត់។​

​លោក ខៀវ សំផន គឺជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​តែ​ម្នាក់​គត់ ដែល​នៅ​រស់រាន​មាន​ជីវិត ដែល​បច្ចុប្បន្ន​មាន​អាយុ ៩១ ឆ្នាំ កំពុង​បន្ត​អនុវត្ត​នីតិវិធី​ជាប់ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​នៅ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

​លោក ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា​រកឃើញ​ថា មាន​ពិរុទ្ធភាព ក្រោម​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ ១៩៤៩ និង​អំពើ​ប្រល័យ​ពូជសាសន៍ ប្រឆាំង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម ខណៈ​លោក​គឺជា​អតីត​ប្រមុខរដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ការសម្រេច​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​គឺ​ផ្អែក​លើ​សាលក្រម​របស់​អង្គជំនុំ​ជម្រះ​សាលាដំបូង ដែល​បាន​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៨។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីកា​រគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ដំណើរការ​កាត់​សេចក្តី​របស់ អវតក លោក ប៊ិន ឈិន បាន​ថ្លែង​ក្រោយ​ការ​ប្រកាស​សាលដីកា​នេះ​ថា ការប្រកាស​សាលដីកា​នេះ កា្លយ​ជា​ថ្ងៃ​បិទ​ទំព័រ​ដ៏ខ្មៅ​ងងឹត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ទន្ទឹង​រង់ចាំ​យូរ​មកហើយ​និង​សម្រាប់​មនុស្សជាតិ​ទាំងមូល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ក្របខ័ណ្ឌ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​ជាតិ និង​អន្តរជាតិ។

​លោក​ថ្លែងថា​៖ «​កេរដំណែល​របស់ អ​វ​តក គឺ​ត្រូវបាន​ចាត់ទុកជា​កត្តា​ដ៏សំខាន់បំផុត​ដែល​គួរ​ថែ​រក្សាទុក និង​ផ្តល់​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ សម្រាប់​ការ​ស្វែងយល់​និង​ទប់ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍​បែបនេះ កើត​ឡើង​ជាថ្មី​ម្តង​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​និង​អប់រំ»។​

​លោក​បន្តថា ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ចូលរួម​ដល់​ការ​ពង្រឹង​សន្តិភាព ស្ថិរភាព និង​ការ​បង្រួប​បង្រួម​ជាតិ និង​ធានា​កុំឱ្យ​សោកនាដកម្ម​នេះ​កើត​ឡើង​សាជាថ្មី​នៅទីនេះ ឬ​នៅ​ទីណា​មួយ​នៅ ក្នុង​ពិភពលោក។ លោក​ថា​៖ «អវតក បានរួម​ចំណែក​រក្សា​បាន​នូវ​សុវត្ថិភាព និង​ការផ្សះផ្សា​ជាតិ​នៅ​តាម​មូលដ្ឋាន បាន​ជួយ​ពង្រឹង​នីតិរដ្ឋ និង​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា​បាន​ក្លាយជា​ទីកន្លែង​មួយ​សម្រាប់​ផ្ទេរ​ចំណេះដឹង»។​

​ឧបការី​អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់ លោក Stephen Mathias បាន​ថ្លែងថា សំណុំ​រឿង​នេះ បាន​ឆ្លើយតប​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ធំ​បំផុត​ជា​អន្តរជាតិ​មួយ​ចំនួន ហើយ​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​នេះ ពិតជា​នឹង​មាន​អនុភាព​យ៉ាង​សំខាន់​លើ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ។ លោក​បន្តថា អវតក បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​ខ្លួន​នូវ​ការ​រៀបចំ​កិច្ច​ដំណើរការ​នីតិវិធី​ផ្លូវ​តុលាការ អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ។

​លោក​ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់ អវតក និង​យុត្តិធម៌​អន្តរជាតិ​កាន់តែ​ទូលំទូលាយ​ថែមទៀត ហើយ​សាលដីកា​នេះ គឺជា​សាលដីកា ចុងក្រោយ​នៅ អវតក និង​ការបិទ​បញ្ចប់​សំណុំ​រឿង​នានា​តាមផ្លូវ​តុលាការ»។​

​លោក​បញ្ជាក់ថា ការប្រកាស​សាលដីកា​នេះ ឆ្លុះ​បញ្ចាំង​នូវ​ការប្តេជ្ញា​ចិត្តជា​យូរអង្វែង​របស់​អង្គការ​សហ​ប្រជាជាតិ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ធានា​ឱ្យ​មាន​យុត្តិធម៌​ជូន​ដល់​ប្រជាជន​កម្ពុជា​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏រន្ធត់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​របប​ខ្មែរក្រហម។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​លើក​ឡើង​ថា ការ​ប្រកាស​សាលដីកា​នេះ ជាការ​ផ្តល់នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដ៏​ឃោរឃៅ​។ លោក​បន្តថា តាមរយៈ​ការផ្តល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​នាពេល​នេះ ប្រជាពលរដ្ឋ​កម្ពុជា នឹង​អាច​សម្រាល​នូវ​សេចក្តី​ឈឺចាប់​ភាព​សោក​សង្រេង និង​ការ​នឹករឭក​របស់​ខ្លួន​បន្តិច​ម្តងៗ​ពី​ភាព​ដិតដាម​និង​របួស​ផ្លូវចិត្ត​ដែល​បន្សល់​ដោយ​របប​ខ្មៅ​ងងឹត​អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ»។

​លោក​ថា​៖ «​តែបើ​ទោះបី​សាលដីកា​ដែល​ត្រូវ​បានប្រកាស​នេះ​បាន​បង្ហាញ​ពី​ការ​បញ្ចប់​នៃ​នីតិវិធី​ច្បាប់​ក្តី យើង​ទាំងអស់​គ្នា​មិន​គួរណា​ភ្លេច​ទាំងស្រុង ដល់​សោកនាដកម្ម​ដែល​ប្រទេស​ជាតិ និង​ប្រជាជន​យើង​បាន​ឆ្លងកាត់ ជាពិសេស​ទុក្ខវេទនា ការ​ព្រាត់ប្រាស និង​ការ​ឈឺចាប់​នានា​ដែល​បន្សល់​ទុក​ដោយសារ​សង្គ្រាម​ឡើយ»។

​ប្រទេស​ជប៉ុន​ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​ក្នុង​ដំណើរការ អវតក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក ហា​យ៉ាស៊ី យូស៊ីម៉ាសា បាន​លើក​ឡើង​ថា ការ​ជំនុំ​ជម្រះ​ក្តី​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម គឺជា​ដំណាក់កាល​ដ៏​សំខាន់​ឆ្ពោះទៅ​បញ្ចប់​ជា​ស្ថាពរ​នូវ​ដំណើរការ ស្វែងរក​សន្តិភាព​នៅ​កម្ពុជា និង​រួមចំណែក​ដល់​ការ​ផ្ដល់​យុត្តិធម៌ និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​នេះ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «ប្រទេស​ជប៉ុន​សង្ឃឹមថា សារៈសំខាន់​នៃការ​ជំនុំ​ជម្រះ​ក្តី​នេះ នឹង​ត្រូវបាន​យល់ដឹង​យ៉ាង​ទូលំទូលាយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ហើយ​ក្លាយជា​កេរដំណែល​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​សហគមន៍​អន្តរជាតិ តាមរយៈ​សកម្មភាព​អប់រំ​ដែល​ត្រូវបាន​បន្ត បន្ទាប់ពី​ការបិទ​បញ្ចប់​ដំណើរការ នីតិវិធី ហើយ​វា​នឹង​រួម​ចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ»។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក W Patrick Murphy ដែល​បាន​ចូលរួម​ក្នុង​សវនាការ​ប្រកាស​សាលដីកា​បាន​ថ្លែង​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «អវតក បិទ​សំណុំរឿង​ផ្លូវ​ច្បាប់​ចុងក្រោយ​របស់​ខ្លួន ប៉ុន្តែ​កេរដំណែល​របស់​វា​ត្រូវ​តែ​ធានាថា យើង​មិនដែល​បំភ្លេច​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទាំងនេះ ឬ​ជន​រងគ្រោះ​ជាច្រើន​ក្នុង​របប​នេះ​ទេ»។​

​ប្រធានការិយាល័យ​កិច្ចការ​សាធារណៈ​នៃ អវតក លោក នេត្រ ភក្ត្រា​ ឱ្យដឹង​ថា ក្រោយ​ពី​​ប្រកាស​សាលដីកា​នេះ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​មាន​រយៈពេល ៣ ឆ្នាំ​បន្តទៀត​ដើម្បី​ធ្វើ​កិច្ច​ការងារ​ពាក់ព័ន្ធ​ការងារ​ដែល​នៅ​សេសសល់​សំខាន់ៗ​រួមមាន គឺ​ការ​គ្រប់គ្រង​បណ្ណសារ​នៃ​សំណុំរឿង​កាត់​សេចក្តី​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ពោលគឺ​ត្រូវ​រក្សាទុក ហើយ​អនុលោម​ទៅ​តាម​ស្តង់ដា​អន្តរជាតិ និង​អនុញ្ញាត​ឱ្យ​សាធារណជន​អាច​ចូល​ពិនិត្យ​មើល​សិក្សា​ស្រាវជ្រាវ បាន​ទូលំទូលាយ និង​ផ្សព្វផ្សាយ​អប់រំ​ជាដើម។

​លោក នេត្រ ភក្ត្រា បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ១៦ ឆ្នាំ នៃ​បេសកកម្ម​របស់ អវតក ដែល​ជា​តុលាការ​ចម្រុះ​ត្រូវ​បាន​បង្កើត​ឡើង​រវាង​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ ចាប់តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៦ រហូតដល់​ខែ​សីហា ឆ្នាំ ២០២២ បាន​ចំណាយ​ថវិកា​ចំនួន ៣៣៧, ៧០ លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ចំណាយ​ថវិកា​ចំនួន ៩៨,៦ លាន​ដុល្លារ និង​ភាគី​អន្តរជាតិ​ចំណាយ​ថវិកា​អស់ ២៣៩ លានដុល្លារ។

​លោក​ថា​៖ «​ម្ចាស់ជំនួយ​សរុប​ទាំងអស់​មាន​ចំនួន ៣៩ ប្រទេស​ដែល​រួមមាន​ទាំង​ក្រុមហ៊ុន​ឯកជន​ផងដែរ ប្រទេស​ជប៉ុន​ជា​ម្ចាស់​ជំនួយ​ធំ​ជាងគេ ដែល​បាន​ផ្តល់​វិភាគទាន​ជា​ថវិកា​ចំនួន ៨៨,២៦ លាន​ដុល្លារ ស្មើនឹង ៣១ ភាគរយ នៃ​ការ​ចំណាយ​សរុប​របស់​តុលាការ និង​ម្ចាស់​ជំនួយ​ធំទី ២ គឺ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​វិភាគទាន​ថវិកា និង​សម្ភារ សរុប​ចំនួន ៤៥,៥ លាន​ដុល្លារ ស្មើនឹង ១៤ ភាគរយ បន្ទាប់​មក ទៀត​មាន​ប្រទេស​អូស្ត្រាលី​ចំនួន ៣៥ លាន​ដុល្លារ អាមេរិក ៣២ លាន​ដុល្លារ សហភាព​អឺរ៉ុប ៣២ លាន​ដុល្លារ អាល្លឺម៉ង់ ១៤ លានដុល្លារ ស៊ុយអែត ១៤ លាន​ដុល្លារ អង់គ្លេស ១៣ លាន​ដុល្លារ និង បារាំង ១០ លាន​ដុល្លារ និង​មាន​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍