The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ខឿន​តម្កល់​លិង្គ​បុរាណនៅលើ​ភ្នំ​បូក ដើម្បី​ឈានទៅ​ធ្វើការ​ជួសជុល​ឡើ​ងិ​វ​ញ​

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ខឿន​តម្កល់​លិង្គ​បុរាណនៅលើ​ភ្នំ​បូក ដើម្បី​ឈានទៅ​ធ្វើការ​ជួសជុល​ឡើ​ងិ​វ​ញ​

Content image - Phnom Penh Post
ក្រុមការងារកំពុងធ្វើកំណាយខឿនតម្កល់លិង្គបុរាណ នៅលើភ្នំបូក។ រូបថត អាជ្ញាធរជាតិអប្សរា

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ខឿន​តម្កល់​លិង្គ​បុរាណនៅលើ​ភ្នំ​បូក ដើម្បី​ឈានទៅ​ធ្វើការ​ជួសជុល​ឡើ​ងិ​វ​ញ​

សៀមរាបៈ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បន្តធ្វើ​កំណាយ​ស្រាវជ្រាវ ខឿន​តម្កល់​លិង្គ​ទំហំ​ធំ​នៅលើ​ភ្នំ​បូក និង​មានតែ​មួយគត់​នៅ​តំបន់​អង្គរ ដែល​រង​ការខូចខាត ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ជួសជុល​លើក​តម្លៃ​ខឿន​តម្កល់​លិង្គ​បុរាណ​នេះ​ឱ្យ​លេច​រូបរាង​ល្អប្រសើរ​ឡើងវិញ​។

​បច្ចុប្បន្ននេះ​ក្រុមការងារ កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ សិក្សា​ពី​រចនាសម្ព័ន្ធ មុននឹង​ឈានទៅដល់​រៀបចំ​ផែនការ ជួសជុល​លើក​តម្លៃ​បុរាណ​ដ្ឋា​ន​ឡើងវិញ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​ជាតិ​អប្សរា​ចុះផ្សាយ​នៅ​ថ្ងៃទី​ ២២​ កញ្ញា​។​

​លោក ហួរ សុធន បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាបានឱ្យដឹងថា ការធ្វើ​កំណាយ​បានចាប់ផ្តើម​តាំងពីដើម​ខែសីហា ​ឆ្នាំ​ ២០២២ ហើយ​គម្រោង​សិក្សា​ស្រាវជ្រាវ​នឹង​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​ ២០២២​។

​លោក ហួរ សុធន ឱ្យដឹងទៀតថា សំណង់​បុរាណ​តម្កល់​លិង្គ​នៅលើ​ភ្នំ​បូក​នេះ ធ្វើ​ពី​ថ្មបាយក្រៀម​ប្រវែង​បណ្តោយ​ ១៩ និង​ទទឹង ​២០ ​ម៉ែត្រ និង​កម្ពស់ ​៣,៥ ​ម៉ែត្រ ហើយ​នៅលើ​ខឿន​ថ្មបាយក្រៀម​នេះ មាន​ជើង​ទម្រ​ធ្វើ​ពី​ថ្មភក់​មាន​ប្រវែង​ ៥,២ ​ម៉ែត្រ បួន​ជ្រុង​ស្មើ សម្រាប់​តម្កល់​លិង្គ​ដែលមាន​ទំហំ​មុខកាត់​ជាង​ ១ ​ម៉ែត្រ និង​ប្រវែង​ ៤,២​ ម៉ែត្រ​។​

​ជើង​ទម្រ​លិង្គ ដែល​ធ្វើ​ពី​ថ្មភក់​នោះ ស្ទើរតែ​ ៩០​ ភាគរយ ​រង​នូវ​ការខូចខាត រីឯ​លិង្គ​ក៏​រង​ការខូចខាត​យ៉ាងខ្លាំង​តាំងពី​ផ្នែក​គល់ រហូតដល់​ចុង គឺ​បែកបាក់​ជាច្រើន​បំណែក​។

​លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​នេះ អាច​បណ្តាលមកពី​ការ​បំផ្ទុះ​ដោយ​គ្រាប់រំសេវ ពីព្រោះ​យើង​ប្រទះឃើញ​បំណែក​តូចៗ​យ៉ាងច្រើន​នៅ​ពាសពេញ​ទាំង​ក្នុង​ដី និង​លើដី​។

​ដោយឡែក ខឿន​ថ្មបាយក្រៀម​បាន​រង​ការខូចខាត​ដោយ​កត្តា​អាយុកាល ធម្មជាតិ ដោយ​ការ​ពុកផុយ ក្រៀក​ហែក រលុះ​ថ្ម​ធ្លាក់​មកក្រោម​នៅតាម​ជ្រុង​ខ្លះ ជាមួយគ្នានេះ​នៅលើ​ខឿន​នោះ​មាន​ដើមឈើ​ដុះ​ច្រើន ឫស​ឈើ​បាន​ចាក់​ជ្រែកចូល​ប្រលោះ​ថ្ម បង្កើតជា​ចន្លោះប្រហោង​ដោយសារ​មានការ​ហូរ​ច្រោះ​នៃ​ទឹកភ្លៀង ដំបូក​កណ្តៀរ​បង្កឱ្យមាន​ការបាក់​ស្រុត ដោយ​ផ្នែក និង​កង្វះ​ការថែទាំ​ពីមុនមក​។​

​បុរាណ​វិទូ​រូបនេះ ឱ្យដឹងថា ក្រុមការងារ​បានធ្វើ​កំណាយ​សិក្សា​ពី​រចនាសម្ព័ន្ធ​គ្រឹះ នៃ​សំណង់​តម្កល់​លិង្គ​នេះ កន្លងមក​បាន​ប្រទះឃើញ​បំណែក​ថ្ម​លិង្គ បំណែក​ក្បឿង​ច្រើន និង​បំណែក​នាងច្រាល​ខ្លះ ដែល​អាច​បញ្ជាក់បាន​ថា ទី​តម្កល់​លិង្គ​នេះ ដើមឡើយ ប្រហែល​មាន​សំណង់​ឈើ​ប្រក់​ក្បឿង គ្របពីលើ​លិង្គ​នៅ​ពីលើ​ខឿន​ថ្ម បាយក្រៀម​នេះ​។

​ក្រុមការងារ​កំពុង​សិក្សា​រិះរក​បច្ចេកទេស​ក្នុងការ​ជួសជុល​លិង្គ​ដ៏​ធំ​មួយ​នេះ​ឡើងវិញ នឹង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការដ្ឋាន​ស្ថិតនៅលើ​ភ្នំ ពិបាក​ដឹកជញ្ជូន​សម្ភារ តួ​លិង្គ​មាន​ទម្ងន់​ច្រើន​តោន​លំបាក​ក្នុង​ការលើក​ដូរ​ទីតាំង​ដើម្បី​ជួសជុល​។​

​ពាក់ព័ន្ធ​នឹង​សំណង់​បុរាណ​តម្កល់​លិង្គ​នៅលើ​ភ្នំ​បូក​នេះ មិនមាន​សិលាចារឹក ឬ​ឯកសារ​ណា​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការសាងសង់​ឡើយ ប៉ុន្តែ​តាម​ការ​ពិនិត្យមើល​លើ​ខ្សែ​ក្បាច់​មាននៅ​តាម​ជើង​ទម្រ​តម្កល់​លិង្គ គេ​អាច​សន្និដ្ឋានបានថា វា​ប្រហែលជា​ស្ថិតនៅ​អំឡុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១៕

អត្ថបទគួរចាប់អារម្មណ៍