The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ​រាជរដ្ឋាភិបាល​​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន យកចិត្ត​ទុកដាក់​លើ​មនុស្ស​ចាស់

ប្រមុខ​រាជរដ្ឋាភិបាល​​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន យកចិត្ត​ទុកដាក់​លើ​មនុស្ស​ចាស់

Content image - Phnom Penh Post
ការផ្ដល់​អំណោយ​ជូន​មនុស្ស​ចាស់​នៅ​ភ្នំពេញ​ពី​ខែ​មេសា ឆ្នាំនេះ​។ រូបថត Khuong Sreng page

ប្រមុខ​រាជរដ្ឋាភិបាល​​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន យកចិត្ត​ទុកដាក់​លើ​មនុស្ស​ចាស់

ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​​បាន​អំពាវនាវ​ទៅដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​បង្កើន​ការយកចិត្ត​ទុកដាក់​ និង​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សារលិខិត​ចុះ​ថ្ងៃទី​ ២០ ខែកញ្ញា ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​មនុស្ស​វ័យចាស់​ជា​មរតក​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​គ្រួសារ​ និង​សង្គមជាតិ​» ​ដែល​ជា​ទិវា​មួយ​ សម្រាប់​រំឭក​គុណ​ដល់​មនុស្ស​វ័យចាស់​កម្ពុជា​ក៏ដូចជា​មនុស្ស​វ័យចាស់​នៅ​ទូទាំង​សកលលោក​។

ការប្រារព្ធ​ទិវា​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ចគាំពារ​ដ៏មាន​ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​ឱ្យ​កាន់តែ​ប្រសើរឡើង​ហើយ​ទិវា​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​ដ៏សំខាន់​របស់​មនុស្ស​វ័យ​ចាស់​បុព្វការី​ជន​ដែល​បាន​បង្កើត​ធនធាន​ដ៏មាន​សារប្រយោជន៍​ព្រមទាំង​ផ្តល់​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធ​យ៉ាងច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

លោក​ ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​វ័យ​ចាស់ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​​ចាស់​, គ្រប់​ក្រសួង​ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បង្កើន​ការយកចិត្ត​ទុកដាក់ និង​គាំទ្រ តាម​គ្រប់​មធ្យោបាយ​ ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​»​។

លោក​បាន​បន្តថា គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់ និង​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​នៅពេល​ចុះ​បំពេញ​ការងារ​តាម​មូលដ្ឋាន សូម​ឆ្លៀត​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ដល់​ជន​ចាស់ជរា ជាពិសេស​ជន​ចាស់ជរា​ពិការ​ដែល​មាន​ការលំបាក​នៅតាម​សហគមន៍​។

ជាមួយ​គ្នានេះដែរ លោក​ក៏បាន​ណែនាំ​ទៅដល់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ផ្តល់​ការអប់រំ​សីលធម៌ និង​ទំនៀមទម្លាប់​ល្អៗ​ដល់​សិស្ស និស្សិត​គ្រប់រូប ឱ្យ​ចេះ​គោរព​ព្រឹទ្ធាចារ្យ និង​ចេះ​ថែទាំ​មនុស្ស​ចាស់​ដែល​​ជា​ប្រពៃណី​ដ៏ល្អ​របស់​ប្រជាជាតិ​ខ្មែរ​។

កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​នៅ​គ្រប់​វិស័យ​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម ជា​ពិ​-
​សេស​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ក្នុងនោះ​រួមទាំង​ការគិត​បញ្ចូល​ដល់​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​​ចាស់​អន្តរជាតិ ជា​ទិវា​បុណ្យ​រំឭក​ដល់​គុណូបការៈ​របស់​មនុស្ស​វ័យចាស់​កម្ពុជា បុព្វការីជន ជីដូន​ជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែល​បាន​កសាង និង​បន្សល់ទុក​នូវ​កេរមរតក​សម្រាប់​កូនចៅ​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយៗ​ទៀត​»​។

សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ ដើម្បី​មនុស្ស​ចាស់​ដែល​ជា​យន្តការ​សម្រាប់​​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ និង​មាន​គម្រោង​កម្មវិធី​គាំទ្រ​ផ្សេងៗ​សម្រាប់​ជួយ​លើកកម្ពស់​សុខុមាលភាព​មនុស្ស​វ័យ​​ចាស់​នៅ​កម្ពុជា​។ ជាក់ស្តែង​ថ្មីៗ​នេះ​​រាជរដ្ឋាភិបាល​ក៏​បានចេញ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ និង​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ ផងដែរ​។

ទាក់ទង​នឹង​មនុស្ស​ចាស់​នេះដែរ កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា​កន្លង​ទៅនេះ មនុស្ស​ចាស់​ជិត​ ២០០ នាក់ តំណាង​ឱ្យ​មនុស្ស​ចាស់​ជាង​ ៣ ​ម៉ឺន​នាក់​បាន​អំពាវនាវ​​សុំឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​ជា​​អាទិភាព​ក្នុង​ការផ្តល់ប្រាក់​ឧបត្ថម្ភ​សោធន​សង្គម​ដល់​ពួកគាត់​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ជីវភាព សុខភាព ទាំង​ក្នុងអំឡុង និង​ក្រោយ​ផលប៉ះពាល់​​នៃ​ជំងឺ​កូវីដ ១៩​។

នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​លោក ទុំ វីរ៉ា បាន​និយាយ​ថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​​វ័យចាស់​គ្រប់ៗ​គ្នា ទោះជា​ប្រាក់​មាន​ចំនួន​តិច ឬ​ច្រើន​គឺជា​អាទិភាព​ចម្បង​បំផុត​មួយ​ក្នុង​ការជួយ​ទ្រទ្រង់​ជីវភាព និង​សុខុមាលភាព​របស់​មនុស្ស​ចាស់​។

លោក​បញ្ជាក់ថា​៖ «​ថ្វីដ្បិត​តែ​កន្លងមក រាជរដ្ឋាភិបាល​បាន​ខិតខំ​យ៉ាង​យកចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាជន​ងាយ​រងគ្រោះ​រួមទាំង​មនុស្ស​ចាស់​តាមរយៈ​កម្មវិធី​ជំនួយ​សង្គម​នានា​ជាច្រើន​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​យើង​នៅតែ​សង្កេតឃើញ​ថា មនុស្ស​ចាស់​នៅតែ​ប្រឈម​នឹង​បញ្ហា និង​មាន​តម្រូវការ​​ជាច្រើន​ដែល​ពុំទាន់​ទទួល​បាន​ការដោះស្រាយ​»​។

ចំណែក​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើទោះ​ជា​ប្រទេស​​កំពុង​បន្ត​រងគ្រោះ​ ដោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អឺរ៉ុប (​រុស្ស៊ី និង​អ៊ុយក្រែន​) ​យ៉ាងណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់ និង​គិតគូរ​យ៉ាង​ល្អិនល្អន់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជន​ចាស់ជរា​នៃ​គ្រួសារ​ក្រីក្រ​។

លោក​ថា​៖ «​ដោយ​ថវិកា​ជាតិ​មាន​​កំណត់ ដូច្នេះ​រាជរដ្ឋាភិបាល​ចាំបាច់​ផ្ដល់​​ជូនទៅ​លើ​តែ​ចាស់ជរា​នៃ​គ្រួសារ​ក្រីក្រ និង​ទុរភិក្ស​ជន​ដែល​មាន​វ័យ​ចំណាស់​ជាមុនសិន ព្រោះ​ពួកគាត់​ពិតជា​ត្រូវការ​ប្រាក់​ សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លាំង​ជាង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​»៕

អត្ថបទគួរចាប់អារម្មណ៍