ភ្នំពេញៈ រដ្ឋបាល​ខេត្តសៀមរាប បានទទួល​ជយលាភី​ពានរង្វាន់​ជើងឯក​សេវា​សង្គម​ចំណាត់ថ្នាក់​លេខ​ ១ និង​រដ្ឋបាល​ខេត្តកណ្តាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ​២ ខណៈ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​មួយចំនួនទៀត​ក៏​ទទួលបាន​ពានរង្វាន់​ក្នុង​ការផ្តល់សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​សម្រាប់ ឆ្នាំ​ ២០២០-២០២១ ​ផងដែរ​។​

​ពិធី​ប្រកាស​ផ្តល់​ជយលាភី​ពានរង្វាន់ សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោ​ក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី កាលពី​ថ្ងៃទី​ ២២ ​កញ្ញា នៅ​សណ្ឋាគារ​រ៉ែ​ស៊ី​ដង់​សុខា​ភ្នំពេញ​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ អភិបាល​រាជធានី​-​ខេត្ត ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​អំពី​ការអនុវត្ត​កម្មវិធី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ជើង ឯក​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​លោកមានប្រសាសន៍​លើកឡើងថា កម្មវិធី​ពានរង្វាន់​សេវា​សង្គម​សម្រាប់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ ចែកចេញជា​ ២ ​ប្រភេទ គឺ​ពានរង្វាន់ ផ្កាយ​សេវា​សង្គម និង​ពានរង្វាន់​ជើងឯក​សេវា​សង្គម ដែល​ត្រូវធ្វើ​ការវាយតម្លៃ​ដាក់ពិន្ទុ​តាម​សូចនាករ​ដែល​បានកំណត់​។

​ជា​លទ្ធផល រដ្ឋបាលខេត្ត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជយលាភី​ពានរង្វាន់​ជើងឯក​សេវា​សង្គម មាន​ដូចខាងក្រោម​៖ ពានរង្វាន់​ជើងឯក​សេវា​សង្គម​រដ្ឋបាល​រាជធានី ខេត្ត រដ្ឋបាល​ខេត្តសៀមរាប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ១ និង​រដ្ឋបាល​ខេត្តកណ្តាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ២​។​

​សម្រាប់​ពានរង្វាន់​ជើងឯក​សេវា​សង្គម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​បាន​ទៅលើ​រដ្ឋបាល​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​ចំណាត់ថ្នាក់​លេខ​ ១ ខណ្ឌមានជ័យ​នៃ​រាជធានី​ភ្នំពេញ លេខ​ ២ និង​រដ្ឋបាល​ខណ្ឌ​កំបូល នៃ​រាជធានី​ភ្នំពេញ ចំណាត់ថ្នាក់​លេខ​៣​។

​ដោយឡែក ពានរង្វាន់​ជើងឯក​សេវា​សង្គម​រដ្ឋបាល​ឃុំ សង្កាត់​បាន​ទៅលើ រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​១ រាជធានី​ភ្នំពេញ ចំណាត់ថ្នាក់​លេខ​ ១, រដ្ឋបាល​ឃុំ​បាគង ខេត្តសៀមរាប​ណាត់​ថ្នាក់​លេខ ​២ រដ្ឋបាល ឃុំ​បន្សាយ​ត្រែង​នៃ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ចំណាត់ថ្នាក់​លេខ ​៣ រដ្ឋបាល​សង្កាត់ បឹង​កេងកង​ទី​២ នៃ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ទទួលបាន​ចំណាត់ថ្នាក់​លេខ ​៤​។​

​លោកស្រី Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​បានបង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​លទ្ធផល​ជយលាភី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​២០២០-២០២១​។​

​លោកស្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ រហូត​ទទួលបាន​ជយលាភី​នៅថ្ងៃនេះ​។​

​លោកស្រី​សង្ឃឹម និង​ជឿជាក់ថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នឹង​បន្ត​ពង្រឹង​ការផ្តល់​សេវាសាធារណៈ ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​នាឱកាស​នោះ លោក ស ខេង បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​បំពេញការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

​លោ​ក ស ខេង​ បញ្ជាក់​បន្ថែមថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវតែ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​។​

​លោកមានប្រសាសន៍​បន្ថែមថា ការផ្តល់​សេវាសាធារណៈ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយៗ​នោះ ប្រព័ន្ធគ្រប់គ្រង​តាមបែប​វិមជ្ឈការ ពិតជា​មានគុណ​សម្បត្តិ​ល្អប្រសើរ​ច្រើន ដោយសារ​ប្រព័ន្ធ​នេះ បានផ្តល់​ការទទួលខុសត្រូវ និង​ភាពជា​ម្ចាស់​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ស្ថិតនៅ​កៀក​ប្រជាពលរដ្ឋ ធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​ការផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕