The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក គង់ ពុទ្ធិកា៖​ ប្រាសាទ​ព្រះវិហារ​កំពុង​ត្រូវបាន​អភិរក្ស និង​ធ្វើការ​ជួសជុល

លោក គង់ ពុទ្ធិកា៖​ ប្រាសាទ​ព្រះវិហារ​កំពុង​ត្រូវបាន​អភិរក្ស និង​ធ្វើការ​ជួសជុល

Content image - Phnom Penh Post
លោក គង់ ពុទ្ធិកា អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​​។ រូបថត ហ្វេសប៊ុក

លោក គង់ ពុទ្ធិកា៖​ ប្រាសាទ​ព្រះវិហារ​កំពុង​ត្រូវបាន​អភិរក្ស និង​ធ្វើការ​ជួសជុល

ប្រាសាទ​ព្រះវិហារ​ ស្ថិត​នៅ​ភាគ​ខាង​ជើងនៃ​ប្រទេស​កម្ពុជា​ក្នុង​ភូមិ​សាស្ត្រ ​ភូមិ​ធម្មជាតិ​ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ដែល​កសាង​ឡើង​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហា​រ នៃ​ជួរ​ភ្នំ​ដងរែក​ ដែល​មាន​រយៈ​កម្ពស់ ៦២៥ ​ម៉ែត្រ​ ធៀប​ទៅ​នឹង​ទឹក​សមុទ្រ​។

ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​បាន​អង្គការ​យូណេស្កូ​ សម្រេច​​ដាក់បញ្ចូល​​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​សម័យ​ប្រជុំ​​លើកទី​៣២ កាល​ពីថ្ងៃទី​ ៧ ​ខែ​កក្កដា​ ឆ្នាំ​ ២០០៨ ។

ក្រោយ​ចូលជា​បេតិកភណ្ឌ​ពិភពលោក​ ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​ក្រុម​ជំនាញ​បាន​និង​កំពុង​ជួសជុល​តួ​ប្រាសាទ​គោបុរៈ​ (ខ្លោង​ទ្វារ) កាំជណ្តើរ​ និង​ផ្នែក​ខ្លះ ​ដែល​រង​ការ​ខូចខាត​ ដើម្បី​ឱ្យ​វិល​ត្រឡប់​ទៅ​ល្អ​ប្រសើរ​រឹងមាំ។

ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល ១៤​ ឆ្នាំ​កន្លង​មក​នេះ ភ្នំពេញ ​ប៉ុស្តិ៍ បាន​សម្ភាស​ជាមួយ​អគ្គនាយក​នៃ​អាជ្ញាធរជាតិ​ព្រះវិហារ​ លោក​ គង់​ ពុទ្ធិកា តាមរយៈ​សំណួរ​ដូច​ខាង​ក្រោម​ ៖

ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ តើ​មាន​ការ​អភិរក្ស និង​អភិវឌ្ឍ​បែបណា​?

ចំពោះ​ការ​អភិវឌ្ឍ​ ហើយ​និង​ការ​អភិរក្ស​គឺ​យើង​បាន​ធ្វើ​ច្រើន​ទាំង​កម្រិត​ជាតិ​ និង​កម្រិត​ស្ថាប័ន​អាជ្ញាធរ​ជាតិ​​ព្រះវិហារ។

កម្រិត​ជាតិ គឺ​ការ​កសាង​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​កំពង់ធំ​មក​ខេត្ត​ព្រះវិហារ​ផ្លូវ​ជាតិ​លេខ​ ៦២ ទៅ​មើល​ប្រាសាទ​ព្រះវិហារ​ ពីមុន​មក នៅ​មុន​ឆ្នាំ ​២០១១ អត់​ដែល​មាន​ផ្លូវ​ស្រួល​ជិះ​ទេ មាន​ដែរ​តែ​ពិបាក។

ផ្លូវជាតិ​ ១ ​ខ្សែ​ទៀត​ពី​ខេត្ត​សៀមរាប ទៅ​ព្រះវិហារ​ដែរ ទាំងនេះ​គឺជា​ការ​តភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ដែរ និង​ ១ ខ្សែ​ទៀត ពី​សៀមរាប​មក​ប្រាសាទ​ព្រះវិហារ តែ​កាត់​តាម​ប្រាសាទ​កោះកេរ​។ ​អ៊ីចឹង​ការ​តភ្ជាប់​ផ្លូវ ៣ ខ្សែ​នេះ​សំខាន់​ណាស់​សម្រាប់​ការ​អភិរក្ស ​ក៏​ដូចជា​ការ​ការពារ ប្រាសាទ​ព្រះវិហារ ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាច​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​​បាន មាន​ច្រើន​ជម្រើស​។

ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺ​យើង​ឃើញ​ទាំងអស់គ្នា​មាន​​ការ​កសាង​ផ្លូវ​បេតុង​ ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​ដែល​ពីមុន​មក​អត់​មាន​ផ្លូវ​ទេ នៅពេល​ឡើង​ប្រាសាទ​ព្រះវិហារ យើង​ត្រូវ​តោង​វល្លិ៍​ដូច​ឡើង​ភ្នំ​ធម្មតា។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៨ មាន​ចលនា​មួយ​នៅ​ពេល​​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​គឺ​មូលនិធិ​បាយ័ន​របស់​លោកជំទាវ ហ៊ុន ម៉ាណា បាន​កៀរគរ​ប្រមូល​ថវិកា​សប្បុរសជន​ធ្វើ​ផ្លូវ​បេតុង​ឡើង​​មក​ដល់​សព្វ​ថ្ងៃ។

តើ​រាជរដ្ឋាភិបាល​បាន​ធ្វើអ្វី​ខ្លះ​ដើម្បី​អភិវឌ្ឍ និង​អភិរក្ស​ប្រាសាទ​​ព្រះវិហារ?

រាជ​រដ្ឋាភិបាល​បាន​ធ្វើ ​គឺ​ការ​ការពារ​បូរណភាព​ទឹកដី យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​បន្ទាប់ពី​ប្រាសាទ​​ព្រះវិហារ​ចុះជា​បេតិកភណ្ឌ​ពិភពលោក​មក កម្ពុជា​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​​ថៃ​ចាប់ពី​ឆ្នាំ​ ២០០៨ ​​ដល់​ឆ្នាំ ​២០១១ ​។ អ៊ីចឹង​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ចប់​បញ្ហា​នេះ ​ ហើយ​យើង​បាន​​កសាង​ព្រំដែន​សន្តិភាព​មួយ​ជាមួយ​ប្រទេស​ថៃ​។

ក្រៅពីនេះ​យើង​មាន​ការ​អភិរក្ស ​មួយ​ចំនួន​ទៀត​ដែរ​ក្នុង​ក្របខ័ណ្ឌ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ​គឺ​ទី​១​ បង្កើត​ឱ្យ​មាន​ព្រះរាជក្រឹត្យ​កំណត់​តំបន់​ការពារ​ប្រាសាទ​ព្រះវិហារ​។​ អ៊ីចឹង​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ គឺ​តម្រូវ​ឱ្យ​មាន​តំបន់​អភិរក្ស​ដែល​ជា​តំបន់​ស្នូល ដូចនេះ យើង​បាន​បង្កើត​តំបន់​អភិរក្ស​រហូតដល់​ជាង ២ ​ម៉ឺន​ហិកតា សម្រាប់​ប្រាសាទ​ព្រះវិហារ​ និង​ជា​ចំណុច​ជោគជ័យ​របស់​រដ្ឋាភិបាល ​ក្នុង​នាម​ជា​ម្ចាស់​បេតិកភណ្ឌ​ជាតិ​យើង​។ បន្ថែម​ពីនេះ​យើង​បាន​បោះ​បង្គោល ​ដើម្បី​កំណត់​តំបន់​ជាក់ស្តែង​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​​ទាំងអស់​។

ទាក់ទង​នឹង​ការអភិរក្ស​តើ​អាជ្ញាធរ​ជាតិព្រះវិហារ​បាន​ធ្វើអ្វី​ខ្លះ​?

ពាក់ព័ន្ធ​កិច្ច​ការងារ​អភិរក្ស​ គឺ​យើង​បាន​ធ្វើការ​ច្រើន​ក្នុងនោះ​ក៏​មាន​ការ​សិក្សា​អំពី​ប្លង់​ប្រាសាទ​ក៏​ដូចជា ​កំណត់​​អំពី​ហានិភ័យ​នៅ​តាម​រចនាសម្ព័ន្ធ​ប្រាសាទ​ព្រះវិហារ​របស់​យើង​ ​ចាប់ពី​គោបុរៈ​ទី​១ ​ដល់​​គោបុរៈទី៥​ (ខ្លោងទ្វា) ​ហើយ​យើង​ក៏​បាន​រៀបចំ​ជួសជុល​តំបន់​ហានិភ័យ​ខ្ពស់​ កុំ​ឱ្យ​មាន​ការ​ខូចខាត​បន្ត​ទៅ​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​ ការ​ដួលរលំ​ បាក់​ខូចខាត​ប្រាសាទ​ព្រះវិហារ​។

ក្រៅពីនេះ បាន​ធ្វើ កំណាយ​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ នៅលើ​ប្រាសាទ​ព្រះវិហារ​ក្នុងនោះ​ក៏​បាន​​ស្តារ​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​នេះ​ឱ្យ​ដំណើរការ​ឡើង​វិញ​ ដើម្បី​ថែរក្សា​រចនាសម្ព័ន្ធ​ត​ទៅ​មុខ​ទៀត​។

ពី​ដូនតា​មក ពេល​គាត់​សាងសង់​ប្រាសាទ​ គឺ​មាន​សង់​ប្រព័ន្ធ​ទឹក​បុរាណ​ ប៉ុន្តែ ឆ្លងកាត់ រយៈពេល​ច្រើន​ឆ្នាំ​ដែល​អត់​បាន​ថែទាំ​គឺ​ផ្លូវទឹក​បុរាណ​ទាំងអស់ ត្រូវ​រលុប​បាត់​ អ៊ីចឹង​បាន​ន័យ​ថា ​លែង​ដំណើរការ​ហើយ​ទឹក​ហូរ​ពី​លើ​ប្រព័ន្ធ​ផ្លូវ​ទឹក ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​របស់​យើង។ អ៊ីចឹង​អ្វី​ដែល​បាន​ធ្វើ​គឺ​សិក្សា​ និង​រក​ឃើញ​ប្រព័ន្ធ​ផ្លូវ​ទឹក​បុរាណ ​ហើយ​ជួសជុល​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​។

ក្រៅពីនេះ​ក៏មាន​ការ​ចុះបញ្ជី វត្ថុ​​សិល្បៈ​ទាំងឡាយ​ដែល​មាន​នៅ​ប្រាសាទ​ព្រះវិហារ​នៅតាម​គោបុរៈ ដូចជា​ចម្លាក់​តោ​ សិលាចារឹក យើង​បាន​ចុះបញ្ជី​រួចរាល់​ហើយ ​ដើម្បី​យើង​ការពារ​ការ​បាត់បង់​ទៅ​ថ្ងៃមុខ​ទៀត បាន​ន័យ​ថា ចុះ​បញ្ជី​អ្វី​ដែល​យើង​មាន​នៅ​ប្រាសាទ​ព្រះវិហារ​។

តើ​ប្រាសាទ​ព្រះវិហារ​ខូចខាត​ផ្នែក​ណា​ខ្លះ​ និង​កំពុង​ជួសជុល​អ្វីខ្លះ​?

យើង​បាន​ជួសជុល​បង្កាន់ដៃ​នាគ និង​បង្គោល​ផ្កាឈូក​នៅ​គោបុរៈ​ទី​២ និង​ទី៣ និង​បាន​ជួសជុល​បង្គោល​ផ្កាឈូក​នៅគោ​បុរៈ​ទី៤ និង ៥ និង​កំពុង​បន្ត​ការងារ​នេះ។

ជាមួយ​គ្នា​នេះ​ ក៏​បាន​ស្តារ​នូវ​បារាយណ៍​ខាង​លិច និង​បារាយណ៍​ខាង​កើត​នៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​បារាយណ៍​បុរាណ​ជំនាន់​កសាង​ប្រាសាទ​ ហើយ​នៅ​ជុំវិញ​បារាយណ៍​នៅពេល​ធ្វើ​កំណាយ​រក​ឃើញ​មាន​ការ​តាំង​លំនៅ​ភូមិ​បុរាណ នៅ​សម័យ​សាងសង់​ប្រាសាទ​។ អ៊ីចឹង​បាន​ន័យ​ថា ​ការ​សាងសង់​ប្រាសាទ​នោះ​មិនមែន​មាន​តែ​ប្រាសាទ​ព្រះវិហារ​ទេ គឺ​មាន​សហគមន៍​មនុស្ស​រស់នៅ​ជុំវិញ​ប្រាសាទ​ ដើម្បី​គាំទ្រ​ទៅដល់​ការ​ថែរក្សា​ប្រាសាទ​នោះ​នៅ​សម័យ​បុរាណ​។

ជាមួយ​គ្នា​នេះ​យើង​បាន​ជួសជុល​ជណ្តើរ​ខាង​ជើង​ប្រាសាទ​ព្រះវិហារ​ ដែល​ចាប់ពី​គោបុរៈ​ទី​៥​ នៅ​ខាង​ជើង​ទទួល​បាន​ការ​គាំទ្រ​ថវិកា​មូលនិធិ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ចាប់​តាំងពីឆ្នាំ ​២០១៨ រហូតដល់​ឆ្នាំ ២០២២ ​នេះ ដែល​បាន​ធ្វើ​អស់​រយៈពេល​ ៤ ឆ្នាំ​នេះ​ ទទួល​បាន​ថវិកា​ចំនួន​ជាង ៤០ ​ម៉ឺន​ដុល្លារ ហើយ​បាន​ធ្វើការ​ជួសជុល​ចំនួន​ ៧ ថ្នាក់​ហើយ​មក​ដល់​ពេល​នេះ។​ អ៊ីចឹង​ចំពោះ​ការ​ជួសជុល​បន្ត​ទៀត អាជ្ញាធរ​ជាតិ​ព្រះវិហារ​អាច​ប៉ាន់​ប្រមាណ​ចំណាយ​ពេល​ពី​​ ៦ ទៅ​ ៧ ឆ្នាំ​ទៀត​ដើម្បី​​បញ្ចប់​ការងារ​ជួសជុល​ជណ្តើរ​នេះ​។

សម្រាប់​ការងារ​ជួសជុល​បន្ត សហរដ្ឋអាមេរិក សម្រេច​ផ្តល់​ថវិកា​ សម្រាប់​ការ​ជួសជុល​ឆ្នាំ ​២០២២ ​ដល់ ២០២៤ ចំនួន ៣២ ​ម៉ឺនដុល្លារ​ បន្ថែម​ទៀត។ អ៊ីចឹង​សរុប​ថវិកា​ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ ២០២៤ ដែល​ទទួល​​បាន​រហូតដល់​ ៧២ ​ម៉ឺនដុល្លារ ហើយ​។

ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ចូលរួម​អភិរក្ស​ និង​ជួសជុល​គោបុរៈទី​៥​ ប្រាសាទ​ព្រះវិហារ​ដោយ​ប្រទេស​ឥណ្ឋា ​ដែល​បាន​ចូលរួម​ជួយ​ជុសជុល​ និង​ចាប់ផ្តើម​ការងារ​ក្នុង​ឆ្នាំ ២០២២ ហើយ​ក្រោម​ការ​វាយតម្លៃ​របស់​អ្នក​ជំនាញការ​ឥណ្ឋា​គឺ ​ត្រូវ​ចំណាយ​ពេល ​៨ ឆ្នាំ ដើម្បី​បញ្ចប់​ការងារ​នេះ​ ដែល​គ្រោង​ចំណាយ​​ថវិកា​រហូតដល់ ​៥,៥ លាន​ដុល្លារ។​ អ៊ីចឹង​នេះ​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ ​ក្នុងការ​ជួយ​អភិរក្ស​បេតិកភណ្ឌ​របស់​យើង។

ក្រៅពី​ការងារ​អភិរក្ស​យើង​ក៏​មាន​ការងារ​អភិវឌ្ឍ​មួយ​ចំនួន​ដែល​បាន​ធ្វើ ដោយ​បាន​សាងសង់​សារមន្ទីរ​មួយ​នៅ​ព្រះវិហារ​ដើម្បី​តម្កល់​នូវ​វត្ថុ​បុរាណ​ទាំង​ឡាយ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ប្រាសាទ​​ព្រះវិហារ។

តើ​ប្រទេស​ណា​ខ្លះ បាន​ជួយ​ក្នុង​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ?

យើង​មាន​ប្រាសាទ​តែមួយ​ពិតមែន ប៉ុន្តែ​បែងចែក ៥ ​គោបុរៈ អ៊ីចឹង​នៅក្នុង​ ៥ នោះ​ ឥណ្ឌា​បាន​ជួយ​គោបុរៈ​ទី​៥ ដើម្បី​ធ្វើការ​ជួសជុល​ឡើង​វិញ។ គោបុរៈ​ទី​១ ដល់​ទី​៣ ភាគី​ចិន បាន​ជួយ​ ហើយ​យើង​កំពុង​រង់ចាំ​ដែរ ក្រោយ​កូវីដ​ ១៩ នេះ​ភាគី​ចិន​នឹង​អាច​ត្រឡប់​​មក​ដើម្បី​ចាប់ផ្តើម​ការងារ​របស់​គាត់។ ចំណែក​គោបុរៈ​ទី​៤ យើង​កំពុង​រក​ដៃគូ​មក​ជួយ​ដែរ។

គោបុរៈ​ គឺជា ​ខ្លោង​ទ្វារ នៅ​ប្រាសាទ​របស់​យើង​មាន​ខ្លោងទ្វារ ៥ ​ដើម្បី​ឡើង​មក​ដល់​កន្លែង​ចុងក្រោយ​ ដែល​ជា​ចំណុច​សំខាន់​ ម្យ៉ាងទៀត​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ពាក់ព័ន្ធ​ការ​ដឹកជញ្ជូន​ការ​រៀបចំ​កាយ​ អ៊ីចឹង​មាន​ការ​លំបាក​ពីព្រោះ​ត្រូវការ​ពេលវេលា​ច្រើន​ និង​ចំណាយ​ច្រើន។

ក្រៅពី​ការអភិរក្ស​ប្រាសាទ​ព្រះវិហារ តើ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ធ្វើអ្វី​ទៀត?

ជាមួយ​គ្នា​នេះ​ ក៏​បាន​ចូលរួម​ស្តារ​ព្រៃឈើ​ឡើង​វិញ​ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ជាង ១០ ឆ្នាំ​មក​នេះ​យើង​​ដាំ​ដើមឈើ​បាន​ ១៦ ០០០ ​ដើម និង​បាន​ចែក​កូន​ឈើ​ដល់​សហគមន៍​ជាង ១ ម៉ឺន​ដើម​ដែរ​ដើម្បី​ដាំ​នៅ​​តាម​សាលារៀន​ មន្ទីរពេទ្យ ទីធ្លា​សាធារណៈ ​ដើម្បី​បង្កើត​គម្រប​ព្រៃបៃតង​ក្នុង​តំបន់។​ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ក៏បាន​ចូលរួម​កសាង​សហគមន៍​តាមរយៈ ការផ្តោត​ទៅលើ​ការ​បង្រៀន​ជំនាញ​វិស័យ​កសិកម្ម​​ ចិញ្ចឹម​សត្វ និង​ការ​ដាំ​បន្លែ ​និង​ការ​ចូលរួម​ក្នុង​វិស័យ​អប់រំ។

អ្វី​ដែល​យើង​បាន​រកឃើញ​នៅ​មាន​ប្រាសាទ​ ២ ​ទៀត​នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​និង​មាន​ទួល​បុរាណ​​មួយ​ចំនួន និង​មាន​គ្រឹះ​ប្រាសាទ​មួយ​ចំនួន​ ដែល​បាន​ចុះបញ្ជី​នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។ ប្រាសាទ​មួយ​នៅ ជាប់​ជើង​ភ្នំ នៅ​ជិត​ស្រះ​ទឹក​បារាយណ៍ ហៅ​ថា​ ប្រាសាទ​តូច ដែល​តាម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា វា​ជា​មន្ទីរពេទ្យ​ជំនាន់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​បាន​សាងសង់ ដែល​បម្រើ​ឱ្យ​សហគមន៍​ដែល​រស់នៅ​តំបន់​ជើង​ភ្នំ​។ អ៊ីចឹង​បាន​ន័យ​ថា តំបន់​នេះ​មិន​តូច​ទេ ទើប​មាន​មន្ទីរពេទ្យ​ដ៏​ល្អ​ក្នុង​សម័យ​នោះ។ បន្ថែម​ពី​នេះ​ក្រុមការងារ​កំពុង​រៀបចំ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ ចូល​ទស្សនា​បាន​នា​ពេល​ខាង​មុខ​។

តើ​ក្នុង ១ ​ឆ្នាំៗ មាន​​ភ្ញៀវ​ទេសចរ​ចំនួន​ប៉ុន្មាន​ទៅ​លេង​ប្រាសាទ​ព្រះវិហារ ដោយ​មិន​បញ្ចូល​អំឡុង​កូវីដ រយៈពេល ​២ ឆ្នាំ?​ ភាគច្រើន​ភ្ញៀវ​ទេសចរ​ជនជាតិ​អ្វីខ្លះ?

ភ្ញៀវ​ទេសចរ ជា​មធ្យម​មុន​មាន​ព្រឹត្តិការណ៍​កូវីដ​ ១៩ មាន​ភ្ញៀវ​ទេសចរ​មក​លេង​ប្រាសាទ​ព្រះវិហារ​ ១ ឆ្នាំ​ក្នុង​រង្វង់ ១២ ​ម៉ឺន​នាក់​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ក្នុងនោះ​ភ្ញៀវជាតិ​មាន​ប្រហែល ១០ ​ម៉ឺន​នាក់ និង​អន្តរជាតិ​រង្វង់​ជាង ២ ម៉ឺន​នាក់។ ភ្ញៀវ​អន្តរជាតិ​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​ ចិន និង​មួយ​ចំនួន​ពី​អឺរ៉ុប។

តើសរុប​ជារួម​មក ការ​ជួសជុល​​ប្រាសាទ​​ត្រូវការ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​?

ភាគី​ចិន​ត្រូវការ​ពេល​ ១០ ឆ្នាំ ដើម្បី​បញ្ចប់​ការ​អភិរក្ស​គោបុរៈ​ទី១​ដល់​ទី​៣ ចំណែក​ឥណ្ឌា​ត្រូវការ​ពេល​ ៨ ឆ្នាំ។​ អ៊ីចឹង​បើ​រាប់​ពី​បច្ចុប្បន្ន​នេះ អាច​បញ្ចប់​នៅ​ឆ្នាំ​​ ២០៣២ ប៉ុន្តែ បើ​សិនជា​មាន​ការ​យឺតយ៉ាវ​ជួប​បញ្ហា​ដូច​បច្ចុប្បន្ន ​យើង​ក៏មិន​ទាន់​កំណត់​ថា​ពេលណា​ដែរ​។ ក្នុង​ក្របខ័ណ្ឌ​ជាតិ​យើង​មាន​ថវិកា​ផ្តល់​ដោយ​រដ្ឋាភិបាល​ នៅក្នុង​នោះ​មាន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ ​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ដើម្បី​បម្រើ​ឱ្យ​ការ​ថែទាំ​ជា​ប្រចាំ​ទៅ​​លើ​ប្រាសាទ​ហើយ​ថវិកា​នោះ មាន​មួយ​ផ្នែក​សម្រាប់​ធ្វើការ​ស្រាវជ្រាវ និង​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅក្នុង​ប្រាសាទ​។

ក្រៅពី​ថវិកា​នេះ​ រដ្ឋាភិបាល​បង្កើត​ជា​មូលនិធិ​មួយ​ទៀត​ដែល​​ជា​ការ​ចែករំលែក​ពី​ចំណូល​លក់​សំបុត្រ​នៅ​អង្គរ ដែល​មូលនិធិ​នេះ បាន​បែងចែក​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ព្រះវិហារ និង​ក្រសួង​វប្បធម៌ និង​នគរបាល​ទេសចរ​មួយ​ផ្នែក​តូច ដើម្បី​អភិរក្ស​បេតិកភណ្ឌ​៕

អត្ថបទគួរចាប់អារម្មណ៍