ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UNDP បន្ត​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​សកម្មភាព​មីន ​ដើម្បី​កម្ពុជា​សម្រេចបាន​គោលដៅ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​ ២០២៥​។​

​លោក​ស្នើ​ដូច្នេះ​ក្នុងជំនួប​ជាមួយ​លោក Achim Steiner អភិបាល​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ (UNDP) នា​ថ្ងៃទី​ ២២ ខែកញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិកក្នុង​ឱកាសលោក​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​។

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​កម្ពុជា​ពិតជា​ត្រូវការ​ការគាំទ្រ​ពី UNDP​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា សម្ដេច​កំពុង​ជំរុញ​គោលនយោបាយ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ហើយ​កម្ពុជា​ត្រូវការ​ការគាំទ្រ​ពី UNDP»​។​

​លោក ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ UNDP ក៏ដូចជា​ភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា ជាពិសេស​គោលនយោបាយ​របស់លោក​ក្នុងការ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល លោក Achim Steiner ថ្លែងថា នៅក្នុង​ឆ្នាំ​ខាងមុខនេះ អង្គការ UNDP និង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍ ហើយ​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ​អ្វី​ដែលមាន​តាមរយៈ​ភាព​ដៃគូ​វាង​ UNDP ជាមួយនឹង​ប្រទេស​កម្ពុជា​។

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន លើកឡើងថា លោក Achim Steiner បាន​សម្ដែង​ការរីករាយ​នៅពេលដែល​ឃើញ​កម្ពុជា​ជោគជ័យ​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ដកស្រង់​សម្ដី​លោក Achim Steiner ថា​៖ «​យើង​នឹង​បន្តធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ជា​បន្តទៀត ជាពិសេស​លើ​វិស័យ​ដោះមីន និង​យុ​ត្តិ​ភណ្ឌ​មិនទាន់​ផ្ទុះ​។ UNDP ពិតជា​រីករាយ​ដែល​កន្លងមក​បានធ្វើ​ជា​ដៃគូ​ជាមួយនឹង​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​នោះ​។ យើង​នឹង​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​ជាពិសេស លើ​ការដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​»​។

​លោក ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​លោក Achim Steiner ដែល​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​។

​លោក ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដោយ​ឆ្នាំនេះ កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ហើយក៏​បានដាក់​ចេញ​នូវ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន ដែល​ចំណុច​នេះ​ក៏ត្រូវ​ការគាំទ្រ​ពី UNDP ផងដែរ​។​

​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​នេះ បើតាម​ប្រភព​ដដែល លោក Achim Steiner បាន​លើកឡើងថា ចំពោះ​ប្រទេស​ដែល​កំពុងមាន​ការអភិវឌ្ឍ ការងារ​នេះ​មិនមែនជា​ឧបសគ្គ​ទេ ជាការ​ងារ​ដែល​ត្រូវតែ​យកចិត្តទុកដាក់ ពិសេស​ក្នុង​តំបន់​អាស៊ាន​តែម្ដង​។

​ប្រភព​ដដែល​ដកស្រង់​សម្ដី​លោក Achim Steiner ថា​៖ «​គោលនយោបាយ​បៃតង​នេះ អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ការជំរុញ​ធ្វើ​យ៉ាងម៉េច​ឱ្យ​សេដ្ឋកិច្ច​បៃតង​នេះ ជា​គន្លឹះ​ក្នុង​សេដ្ឋកិច្ច​ក្របខ័ណ្ឌ​រួម​។ អង្គការ UNDP មាន​បទពិសោធ ក៏ដូចជា​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដូច្នេះគោលនយោបាយ​ដោយ​ឈ្លាសវៃ និង​ប្រសិទ្ធភាព​នេះ គឺ​យើង​ត្រូវ​ជំរុញ​ការងារ​នេះ​រួមគ្នា​»​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល លោក Achim Steiner ថ្លែងថា UNDP នឹង​បន្ត​ជួយ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន ហើយ​ធ្វើយ៉ាងណា​ជំរុញ​យុទ្ធសាស្ត្រ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ឱ្យបាន​ខ្ពស់បំផុត​។ លោក​ពិត​ជាមាន​មោទនភាព​ចំពោះ​អ្វីដែល​កម្ពុជា​បានទទួល​ជោគជ័យ​មក​ដល់ពេលនេះ ហើយ UNDP នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​ធ្វើដំណើរ​ទៅមុខទៀត​៕​