
យុវជនម្នាក់ ដែលចាប់ក្មួយស្រីខ្លួនឯងបោកនឹងគល់ឈើស្លាប់ កាលពីថ្ងៃទី ២២ ខែកញ្ញា។ រូបថត សហការី
កំពង់ស្ពឺៈ យុវជនម្នាក់ដែលធ្លាប់ប្រើគ្រឿងញៀនបានចាប់ក្មួយស្រីបង្កើតរបស់ខ្លួនបោកនឹងគល់ឈើស្លាប់ភ្លាមៗនៅក្បែរក្រោលគោក្នុងបរិវេណផ្ទះរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ប្រាប់នៅថ្ងៃទី២២ កញ្ញា ថា ជនសង្ស័យឈ្មោះ ម៉េត តូម៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ឈ.ផ.ន អាយុ ១៨ ខែ។ លោកថ្លែងថា៖ «ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃុំយាអង្គឃាត់ខ្លួនបានភ្លាមៗ។ យើងបានពិនិត្យទឹកនោមរបស់ជនសង្ស័យដើម្បីរកមើលសារធាតុញៀន ក្រោយឃាត់ខ្លួន តែប្រដាប់តេស្តរហ័សបញ្ជាក់ថា គ្មានសារធាតុញៀនទេ។ តែយ៉ាងណាចាំគ្រូពេទ្យ គាត់ពិនិត្យទៀត នេះគ្រាន់តែការធ្វើតេស្តបឋមទេ» ។
លោកឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េត តូម៉ា ធ្លាប់ជាមនុស្សញៀនគ្រឿងញៀន ហើយត្រូវបានម្តាយឪពុកនាំយកទៅមណ្ឌលបន្សាបគ្រឿងញៀនក្រាំងធ្នង់ រយៈពេល ៦ ខែ ឪពុកម្តាយក៏សុំយកកូនចេញ ព្រោះយល់ថា រយៈពេល ៦ ខែ កូនរបស់ពួកគាត់មានអាការធម្មតាវិញ។ ក្រោយពីយកជនសង្ស័យមករស់នៅផ្ទះ ទើបតែបាន ២ ទៅ ៣ ខែ ក៏ស្រាប់តែមានហេតុការណ៍បែបនេះទៅ។
លោកថា បើតាមដឹង អង្គភាពការពារកុមារ (CPU) នៃប្រទេសអូស្ត្រាលី នឹងចុះមកផងដែរ ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀតពាក់ព័ន្ធនឹងការសម្លាប់ក្មេងនេះ។
មន្ត្រីនគរបាល ១ រូបនៃឃុំយាអង្គ ស្នើសុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់តាមសម្តីសាច់ញាតិក្មេងរងគ្រោះថា មុនកើតហេតុ ក្មេងស្រីរងគ្រោះបានលេងជាមួយជីតា និងយាយ ក្នុងបរិវេណផ្ទះ។ ឯជនសង្ស័យបានយកចបជីកទៅជីករណ្តៅក្រោយផ្ទះក្បែរក្រោលគោ។ បន្ទាប់ពីជីករណ្តៅរួច បានមកយកក្មេងរងគ្រោះទៅកប់ក្នុងរណ្តៅ តែជីតារបស់ក្មេងរងគ្រោះឃើញក៏រត់ទៅដណ្តើមក្មេងពីជនសង្ស័យវិញ។
មន្ត្រីបន្តថា ខណៈជីតាកំពុងដើរព ក្មេងរងគ្រោះ ជនសង្ស័យស្ទុះមកដណ្តើមក្មេងរងគ្រោះរត់យកទៅបោកនឹងគល់ឈើស្លាប់តែម្តង៕