ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ក្រុមហ៊ុន​បង់ក្លាដែស​មកកាន់​កម្ពុជា​ ដើម្បី​វិនិយោគ​ធ្វើ​ឃ្លាំង​កែច្នៃ​អង្ករ ធ្វើ​រោង​ម៉ាស៊ីន​កិនស្រូវ ហើយ​នាំចេញ​ទៅកាន់​ប្រទេស​បង់ក្លាដែស ហើយ​លោក​ក៏បាន​ជំរុញ​បង់ក្លាដែស​ឱ្យមាន​ការនាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​បង់ក្លាដែស​ឱ្យមាន​ស្ថិរភាព​។

ការអញ្ជើញ និង​ជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក និង​លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រី​បង់ក្លាដែស​នា​ថ្ងៃទី​ ២៣ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​ឱកាស​លោក​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៧​។

លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការនាំ​អង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​បង់ក្លាដែស ដែល​កន្លងទៅ​ក៏​មាន​ការចរចា​ក្នុង​ការទិញ​ប្រមាណ​ជា ២០ ​ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​ប៉ុន្តែ​អ្វីដែល​សម្ដេច​ចង់​បាន​ក្នុង​កិច្ចពិភាក្សា​នេះ គឺ​ធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យមាន​ការនាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​បង់ក្លាដែស​ឱ្យមាន​ស្ថិរភាព ជាពិសេស​សម្ដេច​ក៏​បាន​អញ្ជើញ​ក្រុមហ៊ុន​របស់​បង់ក្លាដែស​មកកាន់​កម្ពុជា​ ដើម្បី​វិនិយោគ​ធ្វើ​ឃ្លាំង កែច្នៃ​អង្ករ ជា​រោង​ម៉ាស៊ីន​កិនស្រូវ ហើយ​នាំចេញ​ទៅកាន់​ប្រទេស​បង់ក្លាដែស​»​។

បើតាម​ហ្វេសប៊ុក​ដដែល លោកស្រី Sheikh Hasina បាន​ស្នើឱ្យ​វិស័យ​ឯកជន​នៃ​ប្រទេស​បង់ក្លាដែស​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​លើ​វិស័យ​កសិកម្ម ជាពិសេស​ក្នុង​ការនាំ​អង្ករ​ចេញ​ពី​កម្ពុជា​។

លោកស្រី​ប្រាប់​លោក ហ៊ុន សែន ថា បង់ក្លាដែស​មាន​ប្រជាពលរដ្ឋ​ច្រើន តែមាន​ដី​តូច​ដែល​មិន​អំណោយផល​ក្នុង​ការធ្វើ​កសិកម្ម ដោយសារ​ងាយ​រងគ្រោះ​ ដោយសារ​ទឹកជំនន់​។ ដូច្នេះ ប្រទេស​នេះ​ត្រូវការ​ទិញ​អង្ករ​ពី​ប្រទេស​ដទៃ​។

ហ្វេសប៊ុក​ដដែល​បាន​ដកស្រង់​សម្ដី​លោកស្រី Sheikh Hasina ថា​៖ «​យើង​អាច​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ហើយ​កន្លងមក​ប្រទេស​ទាំង​ ២ ​ក៏​ធ្លាប់​បាន​ធ្វើ​កិច្ចការងារ​ជាមួយ​គ្នា​ដែល​អាច​ពង្រីក និង​ពង្រឹង​ធ្វើ​ធុរកិច្ច​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ច្រើន​»​។

លោកស្រី​ក៏មាន​បំណង​ចង់​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​ទីផ្សារសេរី​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​បង្កើន​ការនាំចេញ និង​ដើម្បី​បង្កើន​ឱកាស​បន្ថែមទៀត​។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «​នេះ​គឺជា​ការចាំបាច់​ដែល​យើង​អាច​ចាប់ផ្ដើម​ការចរចា​ ដើម្បី​ឱ្យមាន​កិច្ចព្រមព្រៀង​ទីផ្សារ​សេរី​ជាមួយ​គ្នា ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ខណៈ​ដែល​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ទីផ្សារ​សេរី​ជាមួយ​ចិន​ជាមួយ​នឹង​កូរ៉េ​ផងដែរ​។ តាមរយៈ​កិច្ចព្រមព្រៀង​ទីផ្សារ​សេរី​នេះ គឺ​យើង​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​របស់​យើង ដែល​ជា​ឱកាស​សម្រាប់​បង់ក្លាដែស សម្រាប់​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ផងដែរ​»៕