ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្រាប់​អង្គការ​សហប្រជាជាតិ (UN) ថា​កម្ពុជា​ត្រៀមខ្លួន​ចូលរួម​បន្ថែមទៀត​នៃ​កងទ័ព​របស់ខ្លួន​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៃ​ UN ហើយ​លោក​អរគុណ UN ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការថែរក្សា​សន្តិភាព​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នា​ថ្ងៃទី​ ២២ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​ឱកាស​លោក​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ​៧៧​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ឱ្យដឹង​ក្រោយ​ជំនួប​នេះ​ថា​៖ «​សម្ដេច​តេជោ ក៏បាន​គូសបញ្ជាក់​អំពី​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​។ កម្ពុជា​ត្រៀម​ក្នុង​ការចូលរួម​បន្ថែម​នៃ​កងទ័ព​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ ហើយ​សម្ដេច​ក៏​បាន​អរគុណ​ចំពោះ​អង្គការ​សហប្រជាជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការថែរក្សា​សន្តិភាព​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​»​។

ហ្វេសប៊ុក​ដដែល​បន្តថា លោក Antonio Guterres ពិតជា​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់ UN កន្លង​ទៅ​នេះ​។

ហ្វេសប៊ុក​ដដែល​ដកស្រង់​សម្ដី​លោក Antonio Guterres ថា​៖ «​យើង​នឹង​បង្កើន​សាមគ្គីភាព​ជាមួយ​បណ្ដា​ប្រទេស ដែល​បាន​ប៉ះពាល់​ដោយ​វិបត្តិ​ទាំងឡាយ រួមទាំង​ជំងឺ​កូវីដ ១៩ ផងដែរ​។ អង្គការ​សហប្រជាជាតិ គឺ​ឈរលើ​ស្មារតី​សាមគ្គីភាព​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​និយាយ​ជារួម និង​និយាយ​ដោយឡែក​ចំពោះ​ប្រទេស​កម្ពុជា​។ យើង​នឹង​ខិតខំ​ជំរុញ​ការកែទម្រង់​នៃ​ហិរញ្ញប្បទាន​អន្តរជាតិ​ផងដែរ​»​។

លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ភាពជោគជ័យ​នៃ​តុលាការ​ខ្មែរក្រហម ដែល​ជា​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​ UN ពីព្រោះ​នា​ថ្ងៃទី​ ២២ ខែកញ្ញា​នេះ​ដែរ តុលាការ​កូនកាត់​នេះ​បាន​ប្រកាស​សាលក្រម​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នករងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។

លោក​លើកឡើង​ថា លោក​បាន​រង់ចាំ​រយៈពេល​ ៤៣ ​ឆ្នាំ​ សម្រាប់​ការស្វែងរក​យុត្តិធម៌​នៅពេល​នេះ ហើយ​កាលពី​ ៤៣ ​ឆ្នាំមុន ប្រជាជន​កម្ពុជា​បាន​រួច​ពី​ការស្លាប់​នៃ​របប​នេះ ដោយ​មាន​ការជួយ​ពី​ប្រទេស​វៀតណាម​។ ការស្វែងរក​យុត្តិធម៌​ សម្រាប់​ប្រជាជន គឺ​ក្នុង​គោលដៅ​ ដើម្បី​បង្ការ​កុំឱ្យ​មាន​ព្រឹត្តិការណ៍​ស្ថានភាព​បែបនេះ​កើតឡើង​សារជាថ្មី​ទៀត​។

លោក ហ៊ុន សែន ក៏បាន​លើក​ឡើង​ពី​ក្របខ័ណ្ឌ​អាស៊ាន ដោយ​លោក​បាន​អញ្ជើញ​លោក Antonio Guterres ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-UN ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ខែវិច្ឆិកា​ខាងមុខ​នេះ ខណៈ​ឆ្នាំនេះ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​នឹងមាន​វត្តមាន​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ពី​បណ្ដា​ប្រទេស​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា លោក Antonio Guterres នឹង​ពិចារណា​នៃ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេល​ខាងមុខ​នេះ ពីព្រោះ​កន្លង​ទៅ​នេះ លោក​ក៏​ធ្លាប់​មក​ប្រទេស​កម្ពុជា​ផងដែរ តែ​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​។ ដូច្នេះ​លោក​ពិតជា​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​សាជាថ្មី ជាពិសេស​លោក​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង UN និង​អាស៊ាន​៕