សៀមរាបៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ចេញ​សេចក្តី​ជូន​ដំណឹង ស្ដីពី​ការ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ខណៈ​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី និង​រចនាសម្ព័ន្ធ​នៅ​ប្រាសាទ​អង្គរវត្ត​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២២ ​កញ្ញា បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន និង​កំពុង​ជន់​ឡើង​យ៉ាងខ្លាំង ជា​ហេតុ​បណ្ដាល​ឱ្យ​លិចលង់​នៅតាម​កំណាត់​ផ្លូវ​មួយ​ចំនួន ដូចនេះ​មន្ទីរ​សាធារណការ សូម​ធ្វើ​ការ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុនធ្ងន់​គ្រប់​ប្រភេទ​។

ផ្លូវ​ដែល​បាន​ផ្អាក​ចរាចរណ៍​សម្រាប់​រថយន្ត​ធុនធ្ងន់ មាន​កំណាត់​ផ្លូវជាតិ​លេខ ៦៤ (ដំដែក-ព្រះវិហារ​) ផ្លូវជាតិ​លេខ​ ៦៧ (​សៀមរាប-​អន្លង់វែង​) ​ផ្លូវជាតិ​លេខ​ ៦៨ (ក្រឡាញ់-​ឧត្តរមានជ័យ) ​ផ្លូវ​ខេត្ត​លេខ​ ២៦៥E (​រលួស​-កំពង់​ភ្លុក​) ​ផ្លូវ​ខេត្ត​លេខ​ ២៦៦C (​ស្វាយធំ​-​បន្ទាយស្រី​)​ ផ្លូវ​ខេត្ត​លេខ​ ២៦៦F (​ពួក​-​អង្គរជុំ​), ផ្លូវ​ខេត្ត​លេខ​ ២៦៧៣ (​អង្គរជុំ​-​វ៉ារិន​), ផ្លូវ​ខេត្ត លេខ​ ២៦៧៦ (​ទួលគ្រួស​-​តាសៀម​), ផ្លូវ​ខេត្ត​លេខ​ ២៦៤៥ (​ស្វាយលើ​-ស្រែណូយ)​ និង​ផ្លូវ​ខេត្ត​លេខ​៦២-៣ (​បេង​មាលា​-​ខ្វាវ​) ជា​បណ្តោះអាសន្ន ចាប់ពី ថ្ងៃ​ជូន​ដំណឹង​នេះ រហូតដល់​មាន​សេចក្តី​ជូនដំណឹង​សា​ជា​ថ្មី​។

ជាមួយ​គ្នា​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ជំនាញ កាលពី​ថ្ងៃទី​២១ ​កញ្ញា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី និង​រចនាសម្ព័ន្ធ​នៅ​ប្រាសាទ​អង្គរវត្ត​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅក្នុង​តំបន់​នេះ​។

ការ​ចុះ​ពិនិត្យ​នេះ​ដឹកនាំ​ដោយ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​អគ្គនាយក​រង អ្នកជំនាញ​ជាតិ និង​អន្តរជាតិ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដី ថ្ម​ប្រាសាទ ប្រព័ន្ធ​រំដោះ​ទឹក និង​រចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ការពារ​ចៀសវាង​មាន​បញ្ហា​ប្រឈម​ណាមួយ​កើតឡើង​៕