
លោក ស ខេង ពេលដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោក ស ខេង រួមទាំងរដ្ឋមន្ត្រី និងប្រធានប្រតិភូនៃរដ្ឋសមាជិកអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នាំដល់ការសម្រេចបាននូវលទ្ធផលជាវិជ្ជមានក្នុងដំណើរការស្ដារឡើងវិញនូវសង្គមសេដ្ឋកិច្ច។
លោក ស ខេង រួមទាំងរដ្ឋមន្ត្រី និងប្រធានប្រតិភូក៏បានសរសើរផងដែរ ចំពោះកិច្ចសហការជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាដែលលេចឡើងថ្មីៗនៅក្រោយវិបត្តិនៃជំងឺរាតត្បាតជាសកលកូវីដ ១៩ ស្របទៅនឹងមូលបទអាស៊ានឆ្នាំ ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះបានសរសើរបែបនេះ នៅពេលដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ។
បើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ស្ថាប័ន អនុវត្តច្បាប់ពាក់ព័ន្ធក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់។
កិច្ចប្រជុំក៏បានកត់សម្គាល់ពីការវិវត្តកើនឡើងនូវបទល្មើសមួយចំនួន ដូចជា៖ អំពើភេរវកម្មអំពើហិង្សាជ្រុលនិយម ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា បទល្មើសជួញដូរសត្វព្រៃ និងឈើខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងបទល្មើសសេដ្ឋកិច្ចអន្តរជាតិជាដើម។
សូមបញ្ជាក់ថា ក្នុងស្មារតីបង្កើនការយកចិត្តទុកដាក់ឆ្លើយតបទៅនឹងនិន្នាការនៃបទល្មើសទាំងនេះ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ និងលើកឡើងនូវគំនិតផ្តួចផ្ដើមសំខាន់ៗ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ តាមរយៈយន្តការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងបទល្មើស ព្រមទាំង ចែករំលែកបទពិសោធ និងជំនាញបច្ចេកទេសសំដៅលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក៕