
ប្រភពរូបភាពអត្ថបបទី ៦៖ រដ្ឋបាលខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាបបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសាធារណជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ឱ្យបានទាន់ពេលវេលា។ សេចក្ដីជូនដំណឹង ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តសៀមរាបឱ្យដឹងថា តំបន់មួយចំនួនដែលស្ថិតក្នុងខេត្តនឹងរងគ្រោះពីទឹកជំនន់ ហើយវាអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗដូចជា បាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិជាដើម។
សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ថា អាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗត្រូវត្រៀមសម្ភារ និងមធ្យោបាយផ្សេងៗ ដើម្បីផ្សព្វផ្សាយ និងចុះធ្វើការណែនាំទៅកាន់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ននូវគ្រោះមហន្តរាយទឹកជំនន់។ ជាពិសេស កុមារ និងជនងាយរងគ្រោះ ដែលពួកគាត់អាចជួបប្រទះនូវគ្រោះថ្នាក់ដល់អាយុជីវិត ដែលបង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ផងដែរ។
រដ្ឋបាលខេត្តសៀមរាបកំពុងតែបន្តការតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ដោយពឹងផ្អែកលើការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមដែលបញ្ជាក់ថាចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នៅតំបន់មួយចំនួនក្នុងខេត្តសៀមរាបនឹងទទួលរងបរិមាណទឹកភ្លៀងច្រើន ហើយវានឹងបង្កជាទឹកជំនន់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ មានភ្លៀងធ្លាក់ក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ៨៧២ គ្រួសារ ភូមិចំនួន ១៨៤ ភូមិ ឃុំចំនួន ៤១ នៃស្រុកចំនួន ៨ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគមដែលបង្កឱ្យមានផលប៉ះពាល់ និងជំនន់ទឹកភ្លៀង។
ក្រៅពីប៉ះពាល់ដល់លំនៅឋាន និងប្រជាពលរដ្ឋនោះទឹកជំនន់នេះបានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦ ១២៥ ហិកតា ដំឡូងមី ចំនួន ១ ៥៧៨ ហិកតា លិចទីធ្លាសាលារៀន ៣៣ កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៤ កន្លែង អគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ០៧ កន្លែង លិចបរិវេណវត្ត ០៦ កន្លែង លិចផ្លូវប្រវែង ៧៨ ៤២៦ ម៉ែត្រ និងខូចខាតប្រវែង ២ ៣៦៦ ម៉ែត្រលិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩ ២២៣ ម៉ែត្រ និងខូចខាតប្រវែង ៩៥ ម៉ែត្រ លិចស្ពាន ១ កន្លែង និងខូចខាតប្រវែង ១០ ម៉ែត្រ ងាប់គោចំនួន ១ ក្បាល ងាប់មាន់ទាសរុបចំនួន ៦៧៦ ក្បាល៕