The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាប់​វិធានការ​សុខាភិបាល​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាប់​វិធានការ​សុខាភិបាល​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

Content image - Phnom Penh Post
ប្រជាពលរដ្ឋរាប់បាត្រនៅវត្តព្រែកលៀប កាលពីថ្ងៃទី ១១ ខែកញ្ញា។ ហុង មិនា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាប់​វិធានការ​សុខាភិបាល​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​សុខភាព ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

ការ​អំពាវនាវ​នេះ​គឺ​ធ្វើឡើង​នៅ​ថ្ងៃទី ​២៣ ខែ​កញ្ញា នេះ ដែល​ជា​ថ្ងៃទី ​១ នៃ​ការ​ចាប់ផ្ដើម​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត និង​ការ​ធ្វើដំណើរ​ទៅ​ទីតាំង​កម្សាន្ត​នានា ក៏​ដូចជា​ការ​ជួបជុំ​ក្នុង​គ្រួសារ ជាពិសេស​សូម​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​សុខភាព​ទាំងអស់​គ្នា ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់ ៣ ​កុំ ៣ ​ការពារ» ។

សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្ត​ក្រុង​ចំនួន​ ១៧៥ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល​ ៥​ ថ្ងៃ ពីថ្ងៃ​ទី​ ២៣ ដល់​ថ្ងៃទី​ ២៧ ខែ​កញ្ញា ដោយ​មិន​បង់​ប្រាក់ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។

ការ​រៀបចំ​រថយន្តក្រុង​ទាំងនេះ​គឺ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ជា​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់​ដែល​នឹង​ធ្វើ​ដំណើរ​ទៅលេង​ស្រុក​កំណើត ជួបជុំ​ក្រុមគ្រួសារ​។

លោក ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​ដំឡើង​ថ្លៃ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្ត​ក្រុង ៥៥ ​គ្រឿង​។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត និង​ត្រលប់មក​រាជធានី​ភ្នំពេញ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន​ ១២០ ​គ្រឿង​៕

អត្ថបទគួរចាប់អារម្មណ៍