The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​ម៉ាល់ឌីវ ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ និង​វិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ

កម្ពុជា និង​ម៉ាល់ឌីវ ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ និង​វិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ

Content image - Phnom Penh Post
រូបភាព Ministry of Foreign Affairs and International Cooperation

កម្ពុជា និង​ម៉ាល់ឌីវ ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ និង​វិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ

ភ្នំពេញៈ កម្ពុជា និង​ម៉ាល់ឌីវ​ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​បង្កើត​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ ការវិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​មាន​សក្តានុពល​។

ការប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក Abdulla Shahid រដ្ឋមន្ដ្រី​ការបរទេស​ម៉ាល់ឌីវ កាលពី​ថ្ងៃទី ២០ ខែកញ្ញា ក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី ​២៣ ខែ​កញ្ញា បញ្ជាក់​ថា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់​ទំនង​កម្ពុជា​-​ម៉ាល់ឌីវ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​ពិចារណា​លើ​ការសម្រេច​ឱ្យ​បាន​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា និង​ម៉ាល់ឌីវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ភាគី​ទាំង​ ២ ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ការបង្កើត​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​ និង​ម៉ាល់ឌីវ ការវិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ​ សម្រាប់​ការនាំចេញ រួមទាំង​នាំចេញ​ទៅកាន់​ប្រទេស​ម៉ាល់ឌីវ​ផង និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​មាន​សក្តានុពល​»​។

ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​គ្នា​ផងដែរ​ទៅលើ​ការរៀបចំ​ការសម្រួល​ការផ្តល់​ទិដ្ឋាការ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង ​២​។

កាលពី​ខែ​សីហា លោក Abdulla Shahid បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​រដ្ឋមន្ត្រី​ទាំង​ ២​ បាន​ពិភាក្សា​អំពី​ការសម្រេច​ឱ្យ​បាន​នូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ ខណៈ​នៅ​ដើម​ឆ្នាំ​ក្រោយ ប្រធានាធិបតី​ម៉ាល់ឌី លោក Ibrahim Mohamed Solih គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

រដ្ឋមន្ត្រី​ទាំង​ ២ បាន​ឯកភាព​គ្នា​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ាល់ឌីវ ​មកកាន់​កម្ពុជា​លើក​នេះ និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ាល់ឌីវ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព ហើយ​នឹង​ឈាន​ទៅដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២​។

លោក ប្រាក់ សុខុន និង​លោក Abdulla Shahid បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​កម្ពុជា និង​ម៉ាល់ឌីវ រួមទាំង​ការគាំទ្រ​បេក្ខភាព​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​អង្គការ​តំបន់ និង​អន្តរជាតិ​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍