The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាតិ​ចិន​ ១៨ ​នាក់ ក្នុង​ចំណោម​ ៤១ ​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ បន្ទាប់ពី​ទូក​ពួកគេ​ជិះ​បាន​លិច​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ

ជនជាតិ​ចិន​ ១៨ ​នាក់ ក្នុង​ចំណោម​ ៤១ ​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ បន្ទាប់ពី​ទូក​ពួកគេ​ជិះ​បាន​លិច​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ

Content image - Phnom Penh Post
ជនជាតិ​ចិន ​១៨​ នាក់​ក្នុង​ចំណោម​ ៤១ ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ បន្ទាប់ពី​ទូក​ពួកគេ​ជិះ​បាន​លិច​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ​។ រូបថត រដ្ឋបាលខេត្ត​ព្រះសីហនុ

ជនជាតិ​ចិន​ ១៨ ​នាក់ ក្នុង​ចំណោម​ ៤១ ​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ បន្ទាប់ពី​ទូក​ពួកគេ​ជិះ​បាន​លិច​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុៈ ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន ​១៨ ​នាក់ ក្នុង​ចំណោម​ ៤១​ នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក​ខេត្ត​ព្រះសីហនុ ជួយ​សង្គ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​ ២២ ​ខែ​កញ្ញា ហើយ​រហូត​មក​ដល់​ថ្ងៃទី​ ២៣​ កញ្ញា​នេះ កងកម្លាំង​ទាំងនោះ​នៅ​តែ​កំពុង​បន្ត​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន​ផ្សេងទៀត បន្ទាប់ពី​ទូក​ដែល​ពួកគេ​ជិះ​បាន​លិច​នៅលើ​ផ្ទៃសមុទ្រ​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ​២៣​ កញ្ញា បាន​ប្រកាស​ដល់​ក្រុម​ជួយសង្គ្រោះ ឬ​ទូក​នេសាទ​ទាំងអស់ ក្នុង​ករណី​ជួយ​សង្គ្រោះ​បាន​ជនរងគ្រោះ​ចំនួន​ ០១ ​នាក់ រដ្ឋបាលខេត្ត​នឹង​ផ្តល់ជូន​ថវិកា​លើក​ទឹកចិត្ត​ចំនួន​ ២ ​លាន​រៀល​។

បើតាម​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃទី ​២៣ ​កញ្ញា​នេះ​បានឱ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ ១០​ និង​ ៣០ ​នាទី​ព្រឹក ថ្ងៃទី​ ២២ ខែ​កញ្ញា ឆ្នាំ ​២០២២ មាន​ករណី​លិច​ទូក​ចំនួន ០១ ​គ្រឿង ស្ថិត​នៅ​ចំណុច​និយាម​កាម​ ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយសារឿង និង​កោះតាង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក​បាន​ដឹកនាំ​កម្លាំង​អង្គភាព​បង្ក្រាប​ចំនួន​ ១៦ ​នាក់ និង​មធ្យោបាយ​ចំនួន​ ០២ ​គ្រឿង (១.៦០០​ សេស ០១ ​គ្រឿង​ និង​ ៧០០​ សេស ០១ ​គ្រឿង​) ចេញ​ទៅ​ជួយសង្គ្រោះ និង​សង្គ្រោះ​មនុស្ស​បាន​ចំនួន​ ១៨ ​នាក់​។

ក្រោយពី​បាន​ធ្វើការ​សាកសួរ​ទៅលើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ស្រុ​កំណើត ខេត្ត​ហ្វូចៀន ប្រទេស​ចិន​ជា​តំណាង​ជនរងគ្រោះ បាន​ប្រាប់​ថា នៅលើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១ ​នាក់ ស្រី​ ០៣ ​នាក់ សង្គ្រោះ​បាន​ ១៨ ​នាក់ បាត់​ខ្លួន​ចំនួន ២៣ ​នាក់ ស្រី​ ០៣ ​នាក់​។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង ​១៨ ​នាក់ ត្រូវ​បាន​បញ្ចូន​ទៅ​​វរសេនាតូច​លេខ ​២៤០ (​កោះរ៉ុង​) ដើម្បី​ធ្វើការ​សួរនាំ និង​កំពុង​ស្វែងរក​ជនរងគ្រោះ​បាត់​ខ្លួន​ ២៣ ​នាក់​បន្តទៀត​។

ជាមួយ​គ្នា​នេះ​កម្លាំង​អង្គភាព​បាន​ធ្វើការ​ឃាត់​ទូក​ចំនួន ០១ ​គ្រឿង​ផ្សេងទៀត មាន​មនុស្ស​ចំនួន​ ០២ ​នាក់​ជា​ជនជាតិ​ខ្មែរ ដោយ​បាន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ សួរនាំ​តាម​នីតិវិធី ដោយ​ឡែក​ទូក​រក្សាទុក​នៅ​អង្គភាព​។

សូម​ជម្រាបជូន​ថា ប្រតិបត្តិការ​នៃ​ការស្វែងរក​ជនរងគ្រោះ​បាត់​ខ្លួន​ទាំង​ ២៣ ​នាក់ បាន និង​កំពុង​ធ្វើឡើង​នៅ​ផ្ទៃសមុទ្រ​ ដែល​ជា​ទីតាំង​លិច​ទូក និង​ភូមិសាស្ត្រ​ជុំវិញ​ទីតាំង​កើតហេតុ​៕

អត្ថបទគួរចាប់អារម្មណ៍