
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាដែលនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី ២២ ខែកញ្ញា។ រូបថត Sar Kheng's Page
ភ្នំពេញៈ អង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ប្រកាសថា នឹងបន្តគាំទ្រក្រសួងមហាផ្ទៃ ដើម្បីជំរុញការបង្កើនថវិកាវិភាជទៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានរហូតដល់ ២០ ភាគរយ ខណៈថវិកាវិភាជរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការលើកកម្ពស់សេវាសង្គមបានកើនឡើងពី ៨ ភាគរយ ទៅ ១០ ភាគរយ។
ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ២២ ខែកញ្ញា រវាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាដែលនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។
លោក ស ខេង ដែលជានាយករដ្ឋមន្ត្រីស្ដីទីថ្លែងថា អង្គការយូនីសេហ្វជាគឺដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ហើយលោកបានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា អង្គការយូនីសេហ្វប្រចាំនៅកម្ពុជានឹងបន្តគាំទ្រការអភិវឌ្ឍកម្ពុជាបន្តទៀត។
ហ្វេសប៊ុកក្រសួងមហាផ្ទៃ នាថ្ងៃទី ២២ ខែកញ្ញា បានដកស្រង់សម្ដីលោកស្រី Foroogh Foyouzat ថា អង្គការយូនីសេហ្វ គឺជាដៃគូរាជរដ្ឋាភិបាលកម្ពុជាតាំងពីយូរណាស់មកហើយ ដោយបានចាប់ផ្ដើមសកម្មភាពនៅកម្ពុជាតាំងតែពីឆ្នាំ ១៩៥២ មកម្លេះ និងក៏ជាដៃគូដែលបានត្រឡប់មកកម្ពុជាវិញភ្លាមៗ ក្រោយរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ ដោយបានផ្ដល់នូវជំនួយមនុស្សធម៌ក្នុងពេលប្រជាជនកម្ពុជាជួបការលំបាកខ្លាំង។
លោកស្រីបន្តថា រហូតដល់ឆ្នាំ ២០០១ អង្គការយូនីសេហ្វបានសហការ និងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងតាមរយៈកម្មវិធីសិទ្ធិកុមារ ដែលបានប្ដូរមកជាកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅឆ្នាំ ២០១១។
លោកស្រី Foroogh Foyouzat បន្ថែមថា អង្គការយូនីសេហ្វ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានគណៈកម្មាធិការទទួលបន្ទុកស្រ្តី និងកុមារនៅក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ហើយចាប់ពីឆ្នាំ ២០១៨ មក អង្គការយូនីសេហ្វ ក៏បានចាប់ផ្ដើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារស្ថិតក្រោមកម្មវិធីប្រចាំប្រទេសឆ្នាំ ២០១៩-២០២៣ របស់យូនីសេហ្វ។
នៅក្នុងការអនុវត្តគម្រោងខាងលើនេះ លោកស្រីបានថ្លែងថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបន្តសហការអនុវត្តរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់ការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ។
ហ្វេសប៊ុកក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «លោកជំទាវក៏ពិតជាមានក្ដីរីករាយយ៉ាងក្រៃលែង ដោយទទួលព័ត៌មានថា ថវិកាវិភាជរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការលើកកម្ពស់សេវាសង្គមបានកើនឡើងពី ៨ ភាគរយ ទៅ ១០ ភាគរយ។ ទន្ទឹមនេះ លោកជំទាវបានជម្រាប សម្ដេចក្រឡាហោមបន្តថា យូនីសេហ្វ ក៏នឹងបន្តគាំទ្រជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តជំរុញការបង្កើនថវិកាវិភាគនេះរហូតដល់ ២០ ភាគរយ»។
លោកស្រី Foroogh Foyouzat បន្ថែមថា សព្វថ្ងៃ យូនីសេហ្វ ក៏កំពុងរៀបចំបង្កើតកម្មវិធីប្រចាំប្រទេស ៥ ឆ្នាំបន្តទៀតរបស់ខ្លួន ពីឆ្នាំ ២០២៤-២០២៨ ដោយនឹងរៀបចំឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា ក្នុងនោះក៏មានក្រសួងមហាផ្ទៃផងដែរ។
លោក ស ខេង ថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានក្លាយជាគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក៏បានធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិមានភាពយឺតយ៉ាវបន្តិច។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំព្យាយាមពន្លឿនការងារនេះនៅបន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ បានធូរស្រាល ស្របពេលនឹងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពនៃកិច្ចការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ។
លោក ស ខេង បានប្រកាសពីការត្រៀមខ្លួនចូលរួមកិច្ចពិគ្រោះយោបល់ជាមួយ យូនីសេហ្វ ក្នុងការរៀបចំបង្កើតផែនការកម្មវិធីថ្មី៕